លោក សម រង្ស៊ី ឈ្នះ​ក្ដី​លោក ហោ ណាំហុង

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មេសា​ថា លោក​បាន​ឈ្នះ​ក្ដី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​តុលាការ​កំពូល​ប្រទេស​បារាំង​ហើយ បន្ទាប់​ពី​លោក​បាន​ប្ដឹង​ជំទាស់​ពី​បទ​បរិហារ​កេរ្តិ៍ ដែល​លោក ហោ ណាំហុង បាន​ប្ដឹង​លោក​កាល​ពី​ឆ្នាំ​២០០៨ មក​នោះ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​ថា មេធាវី​របស់​លោក​ជនជាតិ​បារាំង បាន​ឲ្យ​លោក​ដឹង​ថា តុលាការ​កំពូល​បាន​កាត់​សេចក្ដី​ឲ្យ​លោក​ឈ្នះ​ក្ដី លោក ហោ ណាំហុង វិញ បន្ទាប់​ពី​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទាក់ទង​ទៅ​នឹង​លោក ហោ ណាំហុង បាន​ឈ្នះ​ក្ដី​រូប​លោក​ចំនួន​ពីរ​លើក​មក​ពី​បទ​បរិហារ​កេរ្តិ៍ ដែល​លោក សម រង្ស៊ី បាន​ចោទ​លោក ហោ ណាំហុង ថា ជា​អតីត​មេ​គុក​បឹងត្របែក សម័យ​ខ្មែរ​ក្រហម។

ប៉ុន្តែ​មេធាវី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ការ សាវុត្ថ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មេសា ថា លោក​ពុំ​ទាន់​បាន​ដឹង​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ។

លោក សម រង្ស៊ី ត្រូវ​បាន​លោក ហោ ណាំហុង ប្ដឹង​ទៅ​តុលាការ​ប្រទេស​បារាំង បន្ទាប់​ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ កន្លង​ទៅ នៅ​សារមន្ទីរ​វាល​ពិឃាដ​បឹង​ជើងឯក​ថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក សម័យ​ខ្មែរ​ក្រហម។

តុលាការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទាំង​សាលា​ដំបូង និង​តុលាការ​ឧទ្ធរណ៍ គឺ​តុលាការ​ទាំង​ពីរ​បាន​កាត់​សេចក្ដី​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហោ ណាំហុង ពី​បទ​បរិហារ​កេរ្តិ៍ ដោយ​បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​លោក ហោ ណាំហុង ចំនួន ១​អឺរ៉ូ ស្មើ​នឹង​ប្រហែល ៦.០០០​រៀល ក្រោម​បទ​បរិហារ​កេរ្តិ៍ លោក ហោ ណាំងហុង។

ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១០ កន្លង​ទៅ លោក សម រង្ស៊ី បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ទាំង​ពីរ​ថ្នាក់​នេះ​នៅ​តុលាការ​កំពូល។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី បាន​បញ្ជាក់​ថា តុលាការ​កំពូល​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ អំពី​ការ​ឈ្នះ​ក្ដី​របស់​លោក​នេះ។

ទាក់ទង​ទៅ​នឹង​ករណី​នេះ​ដែរ សាលា​ដំបូង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១១ ក៏​បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​ផ្ដន្ទា​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​គុក ២​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​លោក ហោ ណាំហុង ចំនួន ៨​លាន​រៀល ស្មើ​នឹង ២​ពាន់​ដុល្លារ​អាមេរិក​ផង​ដែរ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក ក្នុង​សម័យ​ខ្មែរ​ក្រហម​នោះ៕