មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃ១៨ មេសា នាយកប្រតិបត្តិអង្គការការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម លោក អាង ចន្ទឬទ្ធិ បានអះអាងថា អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជានានាកំពុងប្រឹងប្រែងតាមផ្លូវច្បាប់ធ្វើយ៉ាងណាដើម្បីឲ្យអតីតចៅអធិការវត្តភ្នំដិនខាងជើង គឺព្រះតេជគុណ ទឹម សាខន បានទទួលសិទ្ធិជ្រកកោនបណ្តោះអាសន្ននៅឯប្រទេសថៃ។
លោក អាង ចន្ទឬទ្ធិ បានឲ្យដឹងថា ៖ «ពួកខាងខ្ញុំនៅប្រទេសខ្មែរហ្នឹងមិនបោះបង់ទេ គឺយើងនៅតែបន្តក្នុងការជួយជំរុញឲ្យគាត់ហ្នឹងបានសិទ្ធិជ្រកកោននៅ UNHCR នៅបាងកកដដែល។ គឺយើងបានធ្វើការជាមួយនឹងអង្គការសិទ្ធិមនុស្សនានាដូចជាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ហើយយើងធ្វើការជាមួយនឹង Human Rights Watch ហើយនិង Amnesty International ដើម្បីឲ្យពួកគាត់ជួយជំរុញទៅឲ្យ UNHCR នៅបាងកកហ្នឹង ឲ្យទទួលគាត់បានសិទ្ធិជ្រកកោន»។
គួររំឭកថា បន្ទាប់ពីត្រូវបានអាជ្ញាធរវៀតណាមចាប់យកទៅដាក់ពន្ធនាគារឯប្រទេសវៀតណាមអស់រយៈពេលមួយឆ្នាំ កាលពីថ្ងៃទី៤ មេសា អាជ្ញាធរវៀតណាមបានអនុញ្ញាតឲ្យអតីតចៅអធិការវត្តភ្នំដិនខាងជើង ព្រះតេជគុណ ទឹម សាខន វិលត្រឡប់មកកម្ពុជាវិញដើម្បីធ្វើបុណ្យឧទ្ទិសកុសលឲ្យម្តាយ តែបានកំណត់ឲ្យវិលត្រឡប់ទៅវិញនៅថ្ងៃ១៧ មេសា។
បន្ទាប់ពីបានមកដល់កម្ពុជាអតីតសង្ឃអង្គនេះក៏បានបួសជាសង្ឃវិញ រួចរត់ភៀសខ្លួនទៅសុំសិទ្ធិជ្រកកោនឯប្រទេសថៃតែម្តង។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា ព្រះតេជគុណ ទឹម សាខន មានសិទ្ធិគ្រប់គ្រាន់ដូចប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយពុំចាំបាច់មានការភ័យខ្លាចអ្វីទេ។
លោកបន្តថា ៖ «គោលដៅរបស់គាត់ទៅផ្សេងទៀត ដូច្នេះគាត់យកលេសហ្នឹងទៅដើម្បីសុំសិទ្ធិជ្រកកោន។ មិនមែនជារឿងថ្មីទេ ព្រោះមានគេដទៃទៀតច្រើនគ្នាដូចគាត់ដែរ»។
អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក ទ្រិញ បាកឹម មានប្រសាសន៍ថា លោកពុំមានការចាប់អារម្មណ៍ចំពោះបញ្ហានេះទេ។ លោកបន្តថា លោកទឹម សាខន គ្រាន់តែជាជនសាមញ្ញម្នាក់ប៉ុណ្ណោះ។
លោក ទ្រិញ បាកឹម បានបញ្ជាក់ថា ៖ «យើងមិនឃាត់ឃាំងអីអារឿងគាត់ចង់ទៅណាទៅណី គាត់សុំច្បាប់ត្រឹមត្រូវ អាហ្នឹងគឺវាស្របច្បាប់ ប៉ុន្តែរត់ទៅអាហ្នឹងវារបៀបខុសច្បាប់ហើយ»។
សូមបញ្ជាក់ផងដែរថា អតីតចៅអធិការវត្តភ្នំដិនខាងជើង ទឹម សាខន បានរត់ភៀសខ្លួនទៅប្រទេសថៃដោយការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនកាលពីថ្ងៃ១១ មេសា ហើយកំពុងសុំសិទ្ធិជ្រកកោននៅឯការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសនេះ៕