នៅក្នុងលិខិតលើកទីពីររបស់គណបក្សនេះ ដែលចុះថ្ងៃទី៤ ខែធ្នូ ផ្ញើជូនទៅលោក ហេង សំរិន ប្រធានរដ្ឋសភា លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រមណ្ឌលកណ្តាលនៃគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងពីគោលបំណងនៃការសរសេរលិខិតស្នើទៅក្រសួងមហាផ្ទៃ ជួយផ្តល់ស្ថិតិជនអន្តោប្រវេសន៍ដែលបានចូលសញ្ជាតិខ្មែរដូច្នេះ ៖ «ការព្រួយបារម្ភរបស់ខ្ញុំជាអ្នកតំណាងរាស្រ្ដ ក៏ដូចជាប្រជាពលរដ្ឋ លោកឃើញការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ច្រើននៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកតំណាងរាស្រ្ដ ខ្ញុំសរសេរលិខិតមួយដើម្បីសុំឲ្យក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាលបំភ្លឺ ចង់ដឹងថា តើនរណាខ្លះមករស់នៅប្រទេសកម្ពុជាយើងស្របច្បាប់ មានន័យថា បានចូលសញ្ជាតិខ្មែរ។ ចំពោះប្រជាពលរដ្ឋខ្មែរដែលលោកទៅរស់នៅ បានចូលទៅប្រទេសដទៃ ឬគេបានបញ្ជូនមកដូចគ្នាអ៊ីចឹង ប៉ុន្តែប្រទេសកម្ពុជាយើងអត់ដែលឃើញចាត់វិធានការចំពោះអ្នកមករស់នៅប្រទេសកម្ពុជាខុសច្បាប់ទេ»។
វិទ្យុអាស៊ីសេរីនៅមិនទាន់ទទួលបានការបំភ្លឺពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននៅឡើយទេ ជុំវិញករណីជនអន្តោប្រវេសន៍ដែលកម្ពុជាអនុញ្ញាតឲ្យចូលសញ្ជាតិខ្មែរ តាមសំណើរបស់គណបក្សសិទ្ធិមនុស្ស ខណៈលោក ខៀវ សុភ័គ មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងនៅពុំទាន់ទទួលបានលិខិតរបស់គណបក្សសិទ្ធិមនុស្សជាផ្លូវការនៅឡើយទេ នៅថ្ងៃទី៩ ខែធ្នូនេះ ៖ «អត់ទាន់ឃើញលិខិតហ្នឹងផង»។
លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្របក្សសិទ្ធិមនុស្សមានប្រសាសន៍ថា គណបក្សសិទ្ធិមនុស្សមានការព្រួយបារម្ភជាខ្លាំងចំពោះវត្តមានរបស់ជនអន្តោប្រវេសន៍ដែលមានវត្តមានកាន់តែច្រើនឡើងនៅកម្ពុជា ដោយបារម្ភខ្លាចថា ជនអន្តោប្រវេសន៍ទាំងនេះអាចបង្កឲ្យមានភាពវឹកវរថ្ងៃណាមួយនៅពេលអនាគតក្នុងប្រទេសកម្ពុជា។
លោក អ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍ដូច្នេះ ៖ «ជាទូទៅខ្ញុំក៏ដោយ ប្រជាពលរដ្ឋខ្មែរក៏ដោយ លោកយល់ឃើញថា ប្រជាពលរដ្ឋជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនជាងគេ គឺជនជាតិវៀតណាម ដែលមករស់នៅក្នុងប្រទេសកម្ពុជានេះ វាអាចប្រឈមមុខនឹងបញ្ហាច្រើន នាំបញ្ហាគ្រោះថ្នាក់ដល់កម្ពុជា ដូចជាបច្ចុប្បន្ន សូម្បីតែការងារ គេអាចយកការងារពីប្រជាពលរដ្ឋខ្មែរ ហើយថ្ងៃក្រោយឈានដល់ការបាត់បង់ទឹកដីក៏អាចបានដែរ បើសិនជាយើងមិនចាត់វិធានការដោះស្រាយចំពោះអ្នកដែលមកនៅខុសច្បាប់នេះ»។
កន្លងមកក្រុមអង្គការសង្គមស៊ីវិលនិងមន្ត្រីគណបក្សប្រឆាំងនៅកម្ពុជា ធ្លាប់បានអះអាងថា ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាម បានហូរចូលមកកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែរាល់លើកត្រូវបានមន្ត្រីរដ្ឋាភិបាលច្រានចោលនូវដំណឹងនេះ។
ជាមួយគ្នានឹងការព្រួយបារម្ភ ក្រុមមន្ត្រីបក្សប្រឆាំងបានទទូចឲ្យមានការឆែកឆេរ ត្រួតពិនិត្យតឹងរ៉ឹង និងបង្កើតឲ្យមានក្រសួងអន្តោប្រវេសន៍ដាច់ដោយឡែកមួយ សម្រាប់គ្រប់គ្រងជនអន្តោប្រវេសន៍ដែលត្រូវគេអះអាងថា មានវត្តមានកាន់តែច្រើនឡើងៗនៅកម្ពុជា ដែលរដ្ឋាភិបាលហាក់មានការធ្វេសប្រហែសនិងព្រងើយកន្តើយ៕