បក្ស​សិទ្ធិ​មនុស្ស​បោះ​ឆ្នោត​ឲ្យ​បេក្ខភាព​ព្រឹទ្ធសភា​របស់​បក្ស​សម​រង្ស៊ី

ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា កាល​ពី​ថ្ងៃ​អង្គារ បាន​បដិសេធ​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​សារ​ព័ត៌មាន​ក្នុង​ស្រុក ដែល​បាន​ផ្សាយ​ថា គណ​បក្ស​សម​រង្ស៊ី​កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​គណ​បក្ស​សិទ្ធិ​មនុស្ស។

ការ​ស្វែង​រក​ការ​គាំទ្រ​នេះ គឺ​ដើម្បី​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​សម​រង្ស៊ី ជា​តំណាង​ឲ្យ​សភា​ជាតិ​កម្ពុជា។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​ពីរ​រូប​ពី​គណ​បក្ស​សិទ្ធិ​មនុស្ស និង​រូប​លោក​ផ្ទាល់ បាន​សម្រេច​បោះ​ឆ្នោត​គាំទ្រ​បេក្ខជន​ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​សម​រង្ស៊ី ៖ "ខ្ញុំ​គ្មាន​ការ​កៀងគោ​ពី​គណ​បក្ស​សម​រង្ស៊ី​ទេ។ សមាជិក​តំណាង​រាស្ត្រ​គណ​បក្ស​សិទ្ធិ​មនុស្ស​គិត​ថា​យើង​គ្មាន​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ទេ។ យើង​បាន​គិត​គ្នា​ថា បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ណា? តំណាង​រាស្ត្រ​គណ​បក្ស​សិទ្ធិ​មនុស្ស​គ្រោង​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​សម​រង្ស៊ី យ៉ាង​ហោច​ណាស់​វា​គ្រាន់​បើ​ជាង​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា"

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១២ សម្រាប់​ធ្វើ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា។ ព្រឹទ្ធ​សភា​មាន​អាសនៈ​ចំនួន​៦១។ សមាជិក​ព្រឹទ្ធ​សភា​ចំនួន​ពីរ​រូប​នឹង​ត្រូវ​តែង​តាំង​ដោយ​ព្រះ​មហា​ក្សត្រ និង​ពីរ​រូប​ផ្សេង​ទៀត​នឹង​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​សមាជិក​រដ្ឋ​សភា។ ចំណែក​បេក្ខជន​ចំនួន​៥៧ ផ្សេង​ទៀត នឹង​ត្រូវ​ជ្រើសរើស​ដោយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​សម្រាប់​នីតិកាល​ទី​៣ មាន​គណ​បក្ស​តែ​ពីរ​ប៉ុណ្ណោះ​នឹង​ចូល​រួម គឺ​គណ​បក្ស​សម​រង្ស៊ី និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​លំដាប់​លេខ​រៀង​ទី​១ ក្នុង​សន្លឹក​ឆ្នោត​ព្រឹទ្ធ​សភា ចំណែក​គណ​បក្ស​សម​រង្ស៊ី​នៅ​លេខ​រៀង​ទី​២៕