HRW៖ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​បេសកកម្ម​ឃ្លាំ​មើល​ការ​រីក​ចម្រើន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​បណ្តា​ប្រទេស​នានា​បាន​វាយ​តម្លៃ​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​មាន​ដំណើរ​ថយ​ក្រោយ។

0:00 / 0:00

ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ករណី​កំពុង​កើត​មាន​ឡើង រួម​មាន​ការ​គាប​សង្កត់​ទៅ​លើ​សេរីភាព​ខាង​សម្តែង​មតិ​ដែល​អង្គការ Human Rights Watch គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​គ្រប់គ្រង​ទាំង​ស្រុង​នូវ​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ និង​ស្ថានីយ​វិទ្យុ​ភាគ​ច្រើន។

អ្នក​កាសែត​ដែល​រិះគន់​រដ្ឋាភិបាល​បាន​រង​ការ​គំរាម​កំហែង ប្តឹងផ្តល់ និង​ចាប់​ដាក់​គុក ដូច​ជា​ករណី​លោក ហង្ស ចក្រា នាយក​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ជាដើម។ របាយការណ៍​បាន​បន្ត​ថា រយៈកាល​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​ដែល​ចាប់​បាន​ជន​ដៃ​ដល់​ណា​មួយ​ដែល​បាន​បាញ់​សម្លាប់​អ្នក​កាសែត ហើយ​អ្នក​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ចុង​ក្រោយ​គេ​នោះ គឺ​លោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨។

ការ​ស្រុត​ចុះ​នៃ​សិទ្ធិ​សេរីភាព​មួយ​ទៀត​គឺ​ការ​ធ្វើ​ច្បាប់​គាប​សង្កត់ កាត់​បន្ថយ​ការ​បញ្ចេញ​មតិ​យោបល់។ ក្រម​ព្រហ្មទណ្ឌ​ថ្មី​មិន​ត្រឹម​តែ​ប្រើ​សម្រាប់​ផ្តន្ទា​ទោស​អ្នក​រិះគន់​ទៅ​លើ​បុគ្គល ឬ​ឥស្សរជន​ណា​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ផ្តន្ទា​ទោស​រហូត​ដល់​ជាប់​គុក​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​រិះគន់​ស្ថាប័ន​រដ្ឋ​ផងដែរ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ការ​និយាយ​ទិតៀន​នោះ​ជា​បទ​បរិហារ​កេរ្តិ៍ ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ រីឯ​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​តម្រូវ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ជា​ច្រើន រួម​ទាំង​ការ​ដាក់​កំហិត​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​លើស​ពី ២០០​នាក់​ជាដើម។

របាយការណ៍​បាន​បន្ត​ថា ការ​ធ្វើ​ទារុណកម្ម​មនុស្ស​បង្ខំ​ឲ្យ​សារភាព​កើត​មាន​ជា​រឿយៗ​នៅ​ក្នុង​ទីស្នាក់ការ​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ។ ការ​ឃុំ​មនុស្ស​ក្នុង​ពន្ធនាគារ​លើស​រយៈកាល​កំណត់​នៃ​ច្បាប់ និង​ការ​ដាក់​ឲ្យ​អ្នក​ទោស​រស់នៅ​កក​កុញ​លើស​ចំនួន​ស្តង់ដារ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។

ថ្មីៗ​នេះ​អង្គការ Freedom House បាន​វាយ​តម្លៃ​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព។ ប្រតិកម្ម​ចំពោះ​ការ​ឲ្យ​ពន្ទុ​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ការ​វាយ​តម្លៃ​របស់​អង្គការ Freedom House មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នោះ​ទេ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «អ្វី​ដែល Freedom House វាយ​តម្លៃ គឺ​វាយតម្លៃ​អំពី​ការ​យល់​ដឹង​ពី​វ៉ាស៊ីនតុន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៩៨​មក យើង​ធ្វើ​បាន​ច្រើន។ ទី​១ លទ្ធិ​ប្រជាធិបតេយ្យភាវូបនីយកម្ម វិមជ្ឈការ គឺ​យើង​បាន​ផ្ទេរ​អំណាច​ចុះ​ទៅ​ដល់​ថ្នាក់​ក្រោម។ ចំណុច​ទី​២ យើង​ធ្វើ​អភិវឌ្ឍ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​ការពារ​តាមរយៈ​ច្បាប់ ដែល​យើង​ហៅ​ថា នីតិរដ្ឋ»

ឆ្លើយ​ទៅ​នឹង​សំណួរ​ថា តើ​របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​អង្គការ Human Rights Watch មាន​ការ​ពិត​ប៉ុណ្ណា​ដែរ​នោះ លោក ចាន់ សុវ៉េត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​សម្តែង​ការ​យល់​ស្រប​ជាមួយ​នឹង​របាយការណ៍។

លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​មាន​អ្វី​ផ្លាស់ប្ដូរ​លឿន​ទៅ​មុខ​ទេ។ របាយការណ៍​របស់ Human Rights Watch យើង​ខ្ញុំ​ក៏​គាំទ្រ​ដែរ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ជា​លើក​ទី​២ នា​ពេល​ថ្មីៗ​នេះ លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយ​ការណ៍​ពិសេស​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​វាយតម្លៃ​ថា ការ​ជួប​ពិភាក្សា​របស់​លោក​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ស្តីពី​ការ​លើកស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​លទ្ធផល​ផ្លែ​ផ្កា​ល្អ៕