"២០​ឆ្នាំ​នៃ​អំពើ​និទ្ទណ្ឌភាព​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន"

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​របាយការណ៍​មួយ​មាន ៦៨​ទំព័រ មាន​ចំណង​ជើង​ថា "ប្រាប់​ពួក​គេ​ទៅ​ថា ខ្ញុំ​ចង់​សម្លាប់​ពួក​គេ"។

០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។
០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ (RFA)

0:00 / 0:00

របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ជា​របាយការណ៍​ស៊ើប​អង្កេត​នៃ​ការ​សម្លាប់​រង្គាល​ក្រៅ​ប្រព័ន្ធ​ច្បាប់ ប្រព្រឹត្ត​ដោយ​អ្នក​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​​គ្រប់គ្រង​កម្ពុជា ដោយ​និទ្ទណ្ឌភាព​អស់​រយៈពេល​យូរ​ជាង ២០​ឆ្នាំ។ របាយការណ៍​នេះ​ផ្សាយ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barak Obama) មក​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ចុង​ខែ​វិច្ឆិកា នេះ។

នាយក​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ទទួល​បន្ទុក​នៅ​ទ្វីប​អាស៊ី លោក ប្រែត អាដាម (Brad Adams) និង​ជា​សហ​និពន្ធ​នាយក​នៃ​របាយការណ៍​រៀបរាប់​អំពី​និទ្ទណ្ឌភាព​រយៈពេល​ពីរ​ទសវត្សរ៍ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​ជា​ការ​ពិនិត្យ​សើរើ​ឡើង​វិញ​នូវ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​មួយ​ចំនួន ដែល​កើត​ឡើង​ក្នុង​រយៈពេល ២០​ឆ្នាំ និង​ដើម្បី​ស្វែង​រក​ការ​ពិត ថា​តើ​ក្នុង​រយៈពេល​កន្លង​មក​នេះ តើ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​អ្វី​ខ្លះ ចំពោះ​បុគ្គល​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ​ឬ​ទេ។

លោក ប្រែត អាដាម បន្ត​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ជន​សង្ស័យ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សម្លាប់​រង្គាល មិន​ត្រឹម​តែ​រដ្ឋាភិបាល​មិន​បាន​នាំ​មក​កាត់​ទោស ប៉ុន្តែ​បែរ​ជា​ដំឡើង​បុណ្យស័ក្តិ និង​តួនាទី ក្នុង​វិស័យ​យោធា​ទៅ​វិញ៖ «យើង​បោះ​ពុម្ព​របាយការណ៍​អំពី​និទ្ទណ្ឌភាព កើត​ឡើង​ក្នុង​រយៈពេល ២០​ឆ្នាំ ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ខ្ញុំ​គិត​ថា វា​មាន​សារសំខាន់​ណាស់​ដែល​យើង​ពិនិត្យ​ឡើង​វិញ​ចំពោះ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន​ករណី​នៅ​កម្ពុជា។ យើង​ក៏​ចង់​ដឹង​ដែរ​ថា តើ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​អ្វី​ខ្លះ?»

របាយការណ៍​គ្រប​ដណ្ដប់​រយៈពេល​ពីរ​ទសវត្សរ៍​នៃ​អំពើ​និទ្ទណ្ឌភាព​ក្រោម​កណ្ដាប់​ដៃ​លោក ហ៊ុន សែន គឺ​ជា​ការ​ចង​ក្រង​ឯកសារ​នៃ​ការ​សម្លាប់​សកម្មជន​នយោបាយ អ្នក​សារព័ត៌មាន អ្នក​នយោបាយ គណបក្ស​ប្រឆាំង និង​បុគ្គល​ដទៃ​ទៀត ដោយ​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល ចាប់​តាំង​ពី​ឆ្នាំ​១៩៩១។ យ៉ាង​ហោច​ណាស់​ក៏​មាន​សកម្មជន​នយោបាយ​ប្រមាណ ៣០០​នាក់ ត្រូវ​បាន​សម្លាប់​ដោយ​ពាក់ព័ន្ធ​នឹង​នយោបាយ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ករណី​មួយ​ណា​ត្រូវ​បាន​ស៊ើប​អង្កេត​ឲ្យ​ត្រឹមត្រូវ ហើយ​ជន​សង្ស័យ​នៅ​មិន​ទាន់​ត្រូវ​បាន​នាំ​ខ្លួន​ប្រឈម​មុខ​នឹង​យុត្តិធម៌​នៅ​ឡើយ​ទេ។

នាយក​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បន្ត​ថា អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ​សុទ្ធ​តែ​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល យោធា ប៉ូលិស និង​ចារកម្ម។ មន្ត្រី​ទាំង​នោះ​នៅ​តែ​មាន​តួនាទី និង​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល និង​យោធា។

លោក ប្រែត អាដាម បន្ត​ថា រដ្ឋាភិបាល​មិន​ត្រឹម​តែ​មិន​កាត់​ទោស​ជន​ទាំង​នោះ ប៉ុន្តែ​បែរ​ជា​ដំឡើង​តំណែង និង​ផ្តល់​រង្វាន់​ឲ្យ​ពួក​គេ​ទៅ​វិញ។ និទ្ទណ្ឌភាព​ទាំង​នោះ​បង្ហាញ​ឲ្យ​ពលរដ្ឋ​សាមញ្ញ​ឃើញ​ថា ឃាតករ​កំពុង​ឋិត​នៅ​ពី​លើ​ច្បាប់ ហើយ​កំពុង​តែ​ត្រូវ​បាន​ការពារ​ដោយ​មេ​ដឹកនាំ​ប្រទេស និង​មន្ត្រី​ជាន់​ខ្ពស់​យោធា៖ «គោល​បំណង​សំខាន់​របស់​យើង គឺ​ដើម្បី​រំលឹក​មនុស្ស​ទូទៅ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ក្នុង​ជួរ​កងទ័ព អាវុធហត្ថ ប៉ូលិស និង​រដ្ឋាភិបាល បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​ជន​ទាំង​នោះ​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស​ឡើយ។ ជន​ទាំង​នោះ​អាច​រួច​ខ្លួន​ពី​អំពើ​ឃាតកម្ម និង​ការ​រំលោភ​បំពាន​ផ្សេងៗ។ ជន​ទាំង​នោះ​មិន​ត្រឹម​តែ​មិន​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាត់​ទោស ប៉ុន្តែ​បែរ​ជា​ត្រូវ​ដំឡើង​បុណ្យស័ក្តិ​ទៅ​វិញ»

ចំណង​ជើង​របស់​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស "ប្រាប់​ពួក​គេ​ទៅ​ថា ខ្ញុំ​ចង់​សម្លាប់​ពួក​គេ" គឺ​ជា​សម្ដី​ដោយ​ផ្ទាល់​របស់ ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​រង​អង្គរក្ស​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​ជា​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក​មាន​ពាក់ព័ន្ធ​នឹង​ការ​គប់​គ្រាប់​បែក​ឆ្នាំ​១៩៩៧។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​អង្គការ​សហប្រជាជាតិ និង​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​សហរដ្ឋ​អាមេរិក (FBI) កង​អង្គរក្ស​លោក ហ៊ុន សែន ដឹក​នាំ​ដោយ​លោក ហ៊ីង ប៊ុនហៀង ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​គាំទ្រ​គណបក្ស​ប្រឆាំង។

របាយការណ៍​បន្ត​ថា ឃាតករ​នៃ​ការ​សម្លាប់​រង្គាល មិន​ត្រឹម​តែ​ស្គាល់​មុខ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ដំឡើង​តំណែង​បន្ថែម​ទៀត។

អង្គការ​សិទ្ធិ​មនុស្ស បាន​បញ្ចូល​ក្នុង​ឯកសារ​នៃ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ រួម​មាន​ករណី​សម្លាប់​សកម្មជន​គណបក្ស​ប្រឆាំង​ក្នុង​អំឡុង​ពេល​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​អង្គការ​សហប្រជាជាតិ។ ឃាតកម្ម​លើ​លោក ធន ប៊ុនលី ជា​និពន្ធ​នាយក​សារព័ត៌មាន​ប្រឆាំង​ការ​សម្លាប់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រមាណ ១០០​នាក់ រួម​ទាំង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ហូ សុខ ការ​ជះ​ទឹក​អាស៊ីត​លើ​តារា កញ្ញា តាត ម៉ារីណា ឃាតកម្ម​លើ​រូប​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា លោក ឃឹម សំបូរ អ្នក​សារព័ត៌មាន​ប្រឆាំង និង​លោក ឈុត វុទ្ធី និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​លោក ហ៊ីង ប៊ុនហៀង បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី១៣ វិច្ឆិកា។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បដិសេធ​មិន​ទទួល​យក​របាយការណ៍​នោះ។ លោក​ចាត់​ទុក​ថា របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស គ្រាន់​តែ​ជា​របាយការណ៍​មួយ​ដើម្បី​បំផ្លាញ​រដ្ឋាភិបាល​កម្ពុជា៖ «យើង​ធ្វើ​ការ​ដោះស្រាយ​ជា​បន្ត​បន្ទាប់ របាយការណ៍​ជា​យុទ្ធនាការ​បំផ្លាញ»

លោក ផៃ ស៊ីផាន ក៏​បាន​បដិសេធ​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស ដែល​បាន​លើក​ឡើង​ថា កង​អង្គរក្ស​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ និង​បោក​គ្រាប់​បែក៖ «វា​ជា​សេរីភាព​របស់​គេ របាយការណ៍​ជាក់​ស្ដែង យើង​មិន​ឃើញ​ដូច​នេះ»

លោក ប្រែត អាដាម បន្ថែម​ថា តារាង​នៃ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ ធ្វើ​ឲ្យ​មាន​ការ​ព្រឺ​ខ្នង ដោយ​សារ​តែ​អាជ្ញាធរ​គ្មាន​ចាត់​វិធានការ​ដើម្បី​នាំ​ជន​សង្ស័យ​ទៅ​កាត់​ទោស ហើយ​រដ្ឋាភិបាល​បែរ​ជា​ការ​ពារ​ពួក​ទាំង​នោះ​វិញ។ លោក​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​អាច​ព្យាយាម​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា ដោយ​ការ​បង្កើត​សេវាកម្ម​ប៉ូលិស​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ឯករាជ្យ។ ចំណែក​ប្រព័ន្ធ​យុត្តិធម៌ ក៏​ត្រូវ​បង្កើត​ឲ្យ​មាន​លក្ខណៈ​ឯករាជ្យ។ ចៅក្រម​ត្រូវ​តែង​តាំង​ដោយ​ស្ថាប័ន​ឯករាជ្យ។ ស្ថាប័ន​ឯករាជ្យ​ត្រូវ​មាន​តួនាទី​ស៊ើប​អង្កេត និង​ដាក់​ពិន័យ​ចៅក្រម ឬ​ព្រះរាជ​អាជ្ញា​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ក្រម​សីលធម៌។ មន្ត្រី​ជាន់​ខ្ពស់ ប៉ូលិស និង​ចៅក្រម ត្រូវ​ហាម​ឃាត់​ចូល​រួម ឬ​កាន់​តួនាទី​សំខាន់​ក្នុង​គណបក្ស​នយោបាយ។

បច្ចុប្បន្ន អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ នេត្រ សាវឿន ត្រូវ​ជា​សាច់​ញាតិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំណែក​ឯ​ប្រធាន​តុលាការ​កំពូល ឌិត មុន្ទី ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ប្រែត អាដាម បន្ត​ថា លោក ហ៊ុន សែន បាន​កាន់​កាប់​តំណែង​អស់​រយៈពេល ២៧​ឆ្នាំ ហើយ​ថ្មីៗ​នេះ លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​បន្ត​កាន់​តំណែង​រយៈពេល ៣០​ឆ្នាំ​ទៅ​មុខ​ទៀត ដូច្នេះ ជន​រង​គ្រោះ​ពិបាក​ទ្រាំ​រង់ចាំ​យុត្តិធម៌​ណាស់។ លោក ប្រែត អាដាម បាន​ស្នើ​សុំ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ត្រូវ​ទាម​ទារ​លោក ហ៊ុន សែន ជា​សាធារណៈ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណែ​ទម្រង់​ពិត​ប្រាកដ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​ទទួល​បាន​សិទ្ធិ និង​សេរីភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។