ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១០ ចំនួន ៦៦៨ទំព័រ ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី២៤ ខែមករា ទាក់ទងស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក រាប់ទាំងនៅក្នុងប្រទេសកម្ពុជាផងនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានអះអាងថា បញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សដែលកំពុងកើតឡើងនៅក្នុងប្រទេសខ្លះ ត្រូវបានគេមិនអើពើគិតគូរដោះស្រាយអ្វីឡើយ ក៏ប៉ុន្តែបែរជាជ្រើសយកការពង្រឹងទំនាក់ទំនងការទូតជាជាងការថ្កោលទោសមេដឹកនាំនៅក្នុងប្រទេសទាំងនោះ។
របាយការណ៍ដដែលបន្តថា ជម្រើសយកវិធីទន់ភ្លន់ក្នុងការដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គេមិនអាចធានាបានថា ប្រទេសដែលប្រើអំណាចផ្ដាច់ការ ជិះជាន់ប្រជាពលរដ្ឋអាចនឹងផ្លាស់ប្ដូរជំហរដឹកនាំក្នុងប្រទេសទាំងនោះបានឡើយ។
លោក ខេនណិត រ៉ត (Kenneth Roth) នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានថ្លែងបញ្ជាក់ថា កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសដែលប្រើអំណាចផ្ដាច់ការ ជាញឹកញាប់គឺគ្រាន់តែជាលេសប៉ុណ្ណោះ ប៉ុន្តែមិនអាចដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សបានឡើយ។
ទាក់ទងនឹងស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា លោកស្រី សារ៉ា ខម (Sarah Colm) អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា មេដឹកនាំកម្ពុជា គួរតែប្រឹងប្រែងដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្នុងនាមជាប្រទេសហត្ថលេខីម្នាក់ នៃអនុសញ្ញាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
លោកស្រី សារ៉ា ខម បន្តថា ៖ "យើងសុំធ្វើការអំពាវនាវដល់អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសផ្ដល់ជំនួយដល់កម្ពុជា ធ្វើការដោះស្រាយបញ្ហាទាំងនេះជាមួយរដ្ឋាភិបាលកម្ពុជា។ យើងសង្កេតឃើញថា ក្នុងប៉ុន្មានឆ្នាំមកនេះ សូម្បីបីតែមន្ត្រីតំណាងអង្គការសហប្រជាជាតិក៏ត្រូវបានមេដឹកនាំរដ្ឋាភិបាលធ្វើការវាយប្រហារពាក្យសម្ដីខ្លាំងៗផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ណាស់ ដែលអង្គការសហប្រជាជាតិត្រូវមានជំហររឹងមាំ គាំទ្រនូវគោលការណ៍គោរពសិទ្ធិមនុស្ស"។
លោក ហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ធ្លាប់បានមានប្រសាសន៍ឆ្លើយតបទៅនឹងការវាយតម្លៃរបស់អង្គការ Freedom House កាលពីពេលថ្មីៗនេះ ដែលបានដាក់កម្ពុជា នៅក្នុងចំណាត់ថ្នាក់ «គ្មានសេរីភាព» ថា ពុំឆ្លុះបញ្ចាំងការពិតនោះទេ។
លោក ហែម ហេង មានប្រសាសន៍បន្តថា ៖ «ខ្ញុំយល់ថា នេះជាសិទ្ធិរបស់គេ ប៉ុន្តែកម្ពុជា នៅតែប្ដេជ្ញាចិត្តដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ។ ទោះបីជាការថាយ៉ាងម៉េចក៏ដោយ ប៉ុន្តែការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលគឺថា នៅតែធ្វើ កែលម្អអ្វីៗឲ្យរឹតតែប្រសើរថែមទៀត។ ខ្ញុំមិនយល់ពីអស់លោកទាំងហ្នឹង មិនដឹងគាត់ឈរលើមូលដ្ឋានអីដែលគាត់វាយតម្លៃពីកម្ពុជាយ៉ាងដូច្នេះ»។
ក្នុងរបាយការណ៍ដដែលរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ក៏បានរិះគន់លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបរាជ័យក្នុងការគាបសង្កត់មេដឹកនាំចិន ឲ្យលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។
នៅទន្ទឹមនេះដែរ របាយការណ៍ក៏បានលើកឡើងអំពីជំហររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ចំពោះប្រទេសចិន ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សផងដែរ។
របាយការណ៍បានលើកឡើងថា នៅក្នុងជំនួបកាលពីសប្ដាហ៍មុនជាមួយលោកប្រធានាធិបតីចិន ហ៊ូ ជីនតៅ (Hu Jintao) លោក បារ៉ាក់ អូបាម៉ា គ្រាន់តែបានលើកឡើងឲ្យមេដឹកនាំចិន គោរព និងលើកស្ទួយសិទ្ធិមនុស្សនៅប្រទេសចិន ប៉ុន្តែមិនបានធ្វើការគាបសង្កត់ធ្ងន់ៗនោះឡើយ ហើយថែមទាំងបញ្ជាក់ប្រាប់មេដឹកនាំចិនថា សហរដ្ឋអាមេរិកនៅតែប្រទេសជាមិត្តរបស់ចិន និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ក្នុងពិភពលោកផងដែរ៕