ហ៊ុន សែន ប្រកាស​កាត់​បន្ថយ​ចំនួន​អ្នក​ប្រើ​ឡាន​ស៊ីរ៉ែន

នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ប្រកាស​កំណត់​ចំនួន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ មាន​សិទ្ធិ​ប្រើ​រថយន្ត​ស៊ីរ៉ែន​បើក​នាំ​មុខ​ក្បួន​ ឲ្យ​ធ្លាក់​មក​ចំនួន​តិច ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។

លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ប្រទេស​កម្ពុជា បាន​ព្រមាន និង​ដាក់​បទ​បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ដែល​កន្លង​មក​បាន​ប្រើ​រថយន្ត​ស៊ីរ៉ែន​បើក​នាំ​មុខ​រថយន្ត​របស់​ខ្លួន ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នក​មាន​សិទ្ធិ​ប្រើ​រថយន្ត​ស៊ីរ៉ែន​នាំ​មុខ​មាន​តែ​ថ្នាក់​ដឹក​នាំ​កំពូល​ៗ និង​ព្រះ​មហា​ក្សត្រ ព្រះ​មហា​វីរ​ក្សត្រ សរុប​ចំនួន ៥​រូប​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​សង្កត់ធ្ងន់​ថា រថយន្ត​ស៊ីរ៉ែន​ដែល​គេ​ប្រើប្រាស់ ឬ​បើក​បរ​តាម​ផ្លូវ​សាធារណៈ​កន្លង​មក គឺ​បាន​រំខាន​ដល់​ពលរដ្ឋ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជា​ច្រើន​ករណី។

លោក ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «អា​បើក​ស៊ីរ៉ែន​ស្នូរ​ងែងៗ ហ្នឹង រំខាន​កូន​សិស្ស​រៀន រំខាន​ការ​សម្រាក​ថ្ងៃ។ ចាំ​បើក​ធ្វើ​អី​រួច​ហើយ​កុំ​លឿន​ពេក។ ខ្ញុំ​គិត​ថា បើ​មិន​អ៊ីចឹង​ទេ​កំណត់​តែ​ម្ដង ទុក​បួន​ព្រះ​អង្គ និង​បី​នាក់។ បើ​នៅ​តែ​មិន​ស្ដាប់​ទេ ចេញ​អនុ​ក្រឹត្យ​មួយ​ហាម​ឃាត់​តែ​ម្ដង។ ថ្វាយ​ទៅ​ព្រះ​មហា​ក្សត្រ ជូន​ទៅ​ប្រធាន​រដ្ឋ​សភា ទៅ​ប្រធាន​ព្រឹទ្ធ​សភា និង​នាយក​រដ្ឋ​មន្ត្រី»

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ក្រោម ត្រង់​ទីប្រជុំ​អ្នក​លឿង កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​១ ពី​ខេត្ត​កណ្ដាល ទៅ​ខេត្ត​ព្រែ​វែង និង​ស្វាយ​រៀង ជា​ជំនួយ​ឥត​សំណង​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន។

សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​សាធារណជន​ភាគ​ច្រើន​អបអរសាទរ​យ៉ាង​ខ្លាំង។

បុរស​ឈ្មោះ ភាព សុរិយា រស់​នៅ​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ថា បើ​បទ​បញ្ជា​កាត់​បន្ថយ​រថ​យន្ត​ស៊ីរ៉ែន របស់​លោក ហ៊ុន សែន មាន​ប្រសិទ្ធភាព លោក​គាំទ្រ​ពេញ​ទំហឹង។ ព្រោះ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ពី​រថយន្ត​ស៊ីរ៉ែន​បើក​បរ​ក្នុង​ល្បឿន​លឿន​ទាំង​នេះ បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ពល​រដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្ទើរ​មិន​លោះ​ពេល​នោះ​ទេ។

ពល​រដ្ឋ​ឈ្មោះ ភាព សុរិយា មាន​ប្រសាសន៍ ៖ «ត្រឹម​ថ្នាក់​ឧត្ដមសេនីយ៍​ផ្កាយ​១ ផ្កាយ​២ អី​មាន​ប្រើ​ស៊ីរ៉ែន ប្រើ​អី​ដែរ។ បើ​មាន​សិទ្ធិ​ប្រើ​ត្រឹម ៥​នាក់ ដូច​នាយក​រដ្ឋ​មន្ត្រី​លើក​ឡើង ខ្ញុំ​គាំទ្រ។ ប្រើ​ស៊ីរ៉ែន​ហ្នឹង​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍ ស្ទះ​ប្រជា​ពល​រដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​យ​ថា​ហេតុ»

លោក​វេជ្ជបណ្ឌិត​មួយ​រូប​ទៀត នៅ​រាជ​ធានី​​ភ្នំពេញ ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​សាទរ​ចំពោះ​បទ​បញ្ជា​នេះ​ដែរ។ លោក​ឲ្យ​ដឹង​ថា កន្លង​មក​គ្រោះ​ថ្នាក់ និង​ការ​រំខាន​កើត​ចេញ​ពី​ភាព​អនាធិបតេយ្យ​នៃ​រថយន្ត​ស៊ីរ៉ែន គឺ​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​ពល​រដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជា​ច្រើន​ករណី និង​បាន​រំខាន​ដល់​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន ៖ «វា​ប៉ះពាល់​ដល់​អ្នក​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ជំងឺ​ធ្ងន់ៗ អ៊ីចឹង​ដែរ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​បក្ស​ប្រឆាំង និង​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​មាន​ជំនឿ​ថា បទ​បញ្ជា​នេះ​មិន​អាច​មាន​ប្រសិទ្ធភាព​បាន​យូរ​អង្វែង​នោះ​ទេ ព្រោះ​កន្លង​គេ​សង្កេត​ឃើញ​ថា បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពុំ​សូវ​មាន​អ្នក​អនុវត្ត​តាម។

លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា លោក​នៅ​តែ​មិន​មាន​ជំនឿ​ថា បទ​បញ្ជា​លោក ហ៊ុន សែន មាន​ប្រសិទ្ធភាព​ទេ ព្រោះ​តាម​ការ​កត់​សម្គាល់​របស់​លោក កន្លង​មក បទ​បញ្ជា​ទាំង​ឡាយ​របស់​ប្រមុខ​ដឹក​នាំ​ខ្មែរ​រូប​នេះ មន្ត្រី​ថ្នាក់​ក្រោម​មិន​បាន​យក​ទៅ​អនុវត្ត​តាម​នោះ​ឡើយ។

លោក កឹម សុខា បន្ថែម ៖ «បាន​តែ​១​ឆាវ​ដំបូង ដូច​ជា​ការ​ទប់​ស្កាត់​ព្រៃ​ឈើ ដូច​ជា​បញ្ហា​កុង​ត្រូល​ជជុះ គឺ​ថា​គាត់​និយាយ​ចោល អ្នក​ក្រោម​មិន​អនុវត្ត​ដដែល ហើយ​គាត់​មិន​ដែល​បាន​ផ្ដន្ទា​ទោស​គ្នា​គាត់​ផង​ហ្នឹង។ ដូច្នេះ​ខ្ញុំ​មិន​សូវ​ជា​មាន​ជំនឿ​ប៉ុន្មាន​ទេ នូវ​ស្អី​ដែល​គាត់​និយាយ​ហ្នឹង។ បើ​សិន​ជា​ធ្វើ​ការ​ងារ​នេះ​បាន គឺ​ជា​ការ​ល្អ ព្រោះ​ជា​ការ​រំខាន​ដល់​ប្រជា​ពល​រដ្ឋ​យើង​ច្រើន​ណាស់។ ស៊ីរ៉ែន​សូម្បី​រដ្ឋ​សភា​ជិះ​ឡាន​ម្នាក់​ឯង​ទៅ​ដើរ​លេង​អុក ឬ​ទៅ​វៃ​កា​ទេ​សោះ ខ្លះ​ក៏​ដាក់​ស៊ីរ៉ែន​ដែរ»

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា បទ​បញ្ជា​កាត់​បន្ថយ​រថយន្ត​ស៊ីរ៉ែន​ ដែល​បាន​ដាក់​ចេញ​នេះ ប្រសិន​មាន​អ្នក​ល្មើស​មិន​គោរព​តាម​បទ​បញ្ជា លោក​នឹង​ជំរុញ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​រៀបចំ​អនុក្រឹត្យ​ថ្មី​មួយ ដើម្បី​បញ្ឈប់ និង​ដាក់​ទោស​ដល់​មន្ត្រី​ណា​ដែល​ល្មើស​នឹង​បទ​បញ្ជា​នេះ​ឲ្យ​បាន​ជា​ដាច់​ខាត៕