លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសៅរ៍បានបដិសេធសំណើរបស់រដ្ឋមន្ត្រីការពារជាតិថៃដែលបានស្នើកម្ពុជាឲ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅនៅខែមីនា និងមេសា ជាលក្ខណៈទ្វេភាគី កម្ពុជា និងថៃ។ លោក ហ៊ុន សែន បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និងជាប្រធានអាស៊ានកំណត់ពេលវេលាដើម្បីឲ្យរដ្ឋមន្ត្រីការពារជាតិ និងមេដឹកនាំគណៈកម្មការព្រំដែនជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា ឥណ្ឌូណេស៊ី។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាវិត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានកាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ដកស្រង់សម្ដីថា កម្ពុជានៅមិនទាន់បានឆ្លើយតបសំណើខ្លួនក្នុងការបើកកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ ដើម្បីពិភាក្សាបញ្ហាដាក់ពង្រាយកងទ័ព និងបញ្ហាដទៃផ្សេងទៀត។ លោកចង់ឲ្យមានកិច្ចចរចាជាលក្ខណៈទ្វេភាគីកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន។ លោក ប្រាវិត បន្ថែមថាកងទ័ពកម្ពុជា និងថៃ ត្រូវតែពិភាក្សាគ្នាដើម្បីរៀបចំឲ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីអាចមកសង្កេតការណ៍នៅកម្ពុជាបាន។
លោក ហ៊ុន សែន បន្ថែមទៀតថា ឥណ្ឌូណេស៊ីជាអ្នករៀបចំកិច្ចប្រជុំ ដឹកនាំកិច្ចប្រជុំ និងជាអាជ្ញាកណ្ដាល ហើយសេចក្ដីសម្រេចរបស់រដ្ឋមន្ត្រីទាំងពីរ ត្រូវតែកត់ត្រាដោយឥណ្ឌូណេស៊ី។
ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានទទូចឲ្យមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគីកម្ពុជា និងថៃ ដើម្បីដោះស្រាយវិបត្តិព្រំដែន។ លោក អាភីស៊ិត បន្ថែមថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន រដ្ឋមន្ត្រីការបទេស ១០ប្រទេស ដែលបានចូលរួម ព្រមព្រៀងឲ្យមានកិច្ចចរចាទ្វេភាគី ដោយមានការសម្របសម្រួលពីឥណ្ឌូណេស៊ី។
ទាហានខ្មែរនៅប្រចាំតំបន់ជម្លោះនៅថ្ងៃសៅរ៍ ទី៥ ខែមីនា បានឲ្យដឹងថា ស្ថានភាពនៅតាមព្រំដែនមានភាពស្ងប់ស្ងាត់ ប៉ុន្តែទាហានខ្មែរបានដាក់ពង្រាយកាំភ្លើងធំបន្ថែមទៀត ដើម្បីការពារព្រំដែន។ ទាហានខ្មែរម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទាហានថៃកំពុងបង្កើនអាវុធទំនើបដាក់ពង្រាយក្នុងតំបន់ជម្លោះព្រំដែន។
កាសែតថៃ Bangkok Post នៅថ្ងៃសៅរ៍បានឲ្យដឹងថា ទាហានថៃគ្រោងនឹងធ្វើសមយុទ្ធយោធានៅក្បែរតំបន់ជម្លោះ ដើម្បីបង្អាក់បន្ទច់កម្ពុជាមិនឲ្យវាយប្រហារកងទ័ពថៃ។ ស្ថានភាពនៅព្រំដែននឹងបណ្ដាលឲ្យកងទ័ពកម្ពុជា និងថៃប្រឈមមុខដាក់គ្នាម្ដងទៀត នៅពេលដែលទាហានថៃបានចាប់សាងសង់ផ្លូវនៅតំបន់ជម្លោះព្រំដែន។ ទាហានកម្ពុជានៅមិនទាន់បានឆ្លើយតបការសាងសង់ផ្លូវរបស់ភាគីថៃនៅឡើយទេ៕