ក្រុមអ្នកវិភាគអំពីការដឹកនាំរបស់រដ្ឋបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបកស្រាយស្រដៀងៗ គ្នាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបង្កើនអំណាចរបស់ខ្លួនតាមរយៈការពង្រឹងរចនាសម្ព័ន្ធបី គឺរចនាសម្ព័ន្ធកម្លាំងប្រដាប់អាវុធ សមាជិកគណបក្ស និងរចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយ។
អ្នកវិភាគផ្នែកទស្សនៈវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា លោក សន តារា បានវិភាគថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់មនុស្សជំនិតៗ ឬសាច់ញាតិដែលគ្មានគំនិតផ្ទុយនឹងលោកដើម្បីចងក្រងរចនាសម្ព័ន្ធ កងកម្លាំងប្រដាប់អាវុធ។ ចំណែករចនាសម្ព័ន្ធសមាជិកភាពវិញ លោកនាយករដ្ឋមន្ត្រីបានចងក្រងបណ្ដាញតាំងពីថ្នាក់ក្រុម រហូតដល់ថ្នាក់ភូមិ ឃុំ និងថ្នាក់ជាតិ។ ហើយរចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយ លោកនាយករដ្ឋមន្ត្រីបានខិតខំបណ្ដុះគំនិតពង្រឹងគំនិត និងផ្សព្វផ្សាយគំនិតស្ងើចសរសើរដល់ងារជាសម្ដេចតេជោ ហ៊ុន សែន។
លោក សន តារា បន្តថានាយទុនធំៗ តែងផ្ដល់ប្រាក់ឧបត្ថម្ភដល់លោក ហ៊ុន សែន ដូចជាការសែនដល់អ្នកតាដើម្បីយកឈ្មោះលោកនាយករដ្ឋមន្ត្រី ជាយ័ន្តការពារមុខជំនួញរបស់គេ ហើយប្រាក់ជំនួយទាំងនោះបានដាក់ថាជំនួយរបស់នាយករដ្ឋមន្ត្រី ចំណែកជំនួយពីបរទេសវិញ ត្រូវបានសរសេរថាជាជំនួយមិត្តភាព ៖ «ហើយ ចំណែកមុំទីបីហ្នឹង គឺមុំគុណធម៌ មុំគុណធម៌ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរតួជាគុណធម៌សំខាន់ពីរយ៉ាង ទីមួយ គឺមនសិការស្នេហាជាតិ និងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានកសាងក្រោមលុយពន្ធ ក្រោមលុយជំនួយ និងក្រោយលុយឧកញ៉ា ដោយដាក់ក្រោមផ្លាកជំនួយរបស់ខ្លួនឯង។ ឯមនុស្សទីពីរហ្នឹង គឺភរិយារបស់គាត់ ដើរតួនាទីសំខាន់នៅក្នុងកាកបាទក្រហម។ អ៊ីចឹងមានន័យថា ប្រជាជនមើលទៅលើមូលដ្ឋានបីហ្នឹង ដែលធ្វើឲ្យលោក ហ៊ុន សែន រឹងមាំនៅក្នុងពេលបច្ចុប្បន្ន ប្រៀបដូចមុំចង្ក្រានបីមុំ ដែលមិនអាចអត់អ្នកណាបាន។»
លោក សន តារា មានប្រសាសន៍ថា នៅក្រោមរចនាសម្ព័ន្ធទាំងបីនោះ លោក ហ៊ុន សែន បានកសាងមូលដ្ឋានអំណាចហិរញ្ញវត្ថុ គុណធម៌ និងមូលដ្ឋានរចនាសម្ព័ន្ធ ៖ «ប្រសិនបើយើងឃើញថាមានតែអំណាច រចនាសម្ព័ន្ធ ប៉ុន្តែខ្វះគុណធម៌ និងមនុស្សធម៌ អាហ្នឹងនឹងដួលឆាប់ មនុស្សហ្នឹងងើបធ្វើការបះបោរ។ ប៉ុន្តែប្រសិនបើមានតែអំណាចគុណធម៌ និងមនុស្សធម៌ អត់មានកងកម្លាំងប្រដាប់អាវុធ អាហ្នឹងវាក៏នឹងដួលឆាប់ដែរ ដោយគេចាប់ផ្ដើមងើបធ្វើការវាយប្រហារ។ យើងមើលគណបក្សមួយចំនួនបាត់ ជាពិសេសគណបក្សតូចៗ ដែលចុះទន់ខ្សោយហ្នឹង ដោយសារមានតែគំនិតគុណធម៌ និងមនុស្សធម៌ ប៉ុន្តែបាត់គំនិតរចនាសម្ព័ន្ធ និងសេដ្ឋកិច្ច រួមនិងកម្លាំងប្រដាប់អាវុធហ្នឹងឯង។»
ចាប់តាំងពីឆ្នាំ១៩៩៧ ក្រោយរដ្ឋប្រហារបង្ហូរឈាមថ្ងៃទី៥ ទី៦ ខែកក្កដា ពីសំណាក់កងទ័ពរបស់លោក ហ៊ុន សែន វាយដណ្ដើមអំណាចសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចមក គេឃើញគណបក្សហ៊្វុនស៊ិនប៉ិចកាន់តែចុះខ្សោយទៅៗ បន្ទាប់ពីធ្វើជាដៃគូរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន ហើយសព្វថ្ងៃគណបក្សនេះសឹងតែបាត់ឈ្មោះទៅទៀត។
កាលពីឆ្នាំ២០១០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់សារភាពថា លោកពិតជាបានប្រើវិធីបំបែកគណបក្សហ៊្វុនស៊ិនប៉ិចឲ្យទៅជាចម្រៀកៗ ហើយថា លោកនឹងធ្វើដូច្នេះតទៅទៀតចំពោះក្រុម ឬបក្សណាដែលហ៊ានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់គណបក្សកាន់អំណាចនោះ ៖ «ខ្ញុំនិយាយពីរឿងហ៊្វុនស៊ិនប៉ិច ចុះហ៊្វុនស៊ិនប៉ិច ខ្ញុំទទួលស្គាល់មូលហេតុអីបានជាខ្ញុំធ្វើដោយសារហ៊្វុនស៊ិនប៉ិចពូកែលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនច្រើនពេក។ អ៊ីចឹងនៅខែមេសា ឆ្នាំ១៩៩៧ ខ្ញុំបានធ្វើឲ្យហ៊្វុនស៊ិនប៉ិចមួយក្លាយទៅជា ១១ហ៊្វុនស៊ិនប៉ិច។ ហើយចាប់តាំងពីពេលហ្នឹងមក ហ៊្វុនស៊ិនប៉ិចបានចុះខ្សោយ។ បើសិនជាពេលនោះ ហ៊្វុនស៊ិនប៉ិចកុំលូកដៃចូលក្នុងកិច្ចការរបស់គណបក្សប្រជាជន ខ្ញុំនឹងមិនធ្វើហ៊្វុនស៊ិនប៉ិចទេ។ ប៉ុន្តែពេលនេះ ខ្ញុំសូមបញ្ជាក់ថា អ្នកណាក៏ដោយ បក្សណាក៏ដោយ បើហ៊ានលូកដៃចូលគណបក្សប្រជាជន អ្នកឯងក៏មិនបានសុខដែរ។ ខ្ញុំនឹងចូលទៅដល់ជម្រកចុងក្រោយរបស់អ្នកឯងតែម្ដង។»
គេសង្កេតឃើញលោក ហ៊ុន សែន ក៏បានប្រើវិធីគ្រប់បែបយ៉ាងផងដែរ ដើម្បីធ្វើឲ្យសំឡេងរបស់បក្សប្រឆាំងសមរង្សី ឬក្រុមដែលមាននិន្នាការនយោបាយខុសពីលោកចុះទន់ខ្សោយដោយការបំបែក និងការទិញទឹកចិត្តតាមរយៈការផ្ដល់លាភសក្ការ និងតួនាទីជាដើម។
ហើយក្នុងពេលថ្មីៗ នេះទៀត លោក ហ៊ុន សែន បានប្រកាសដោយចំហចំពោះមុខក្រុមអ្នកសារព័ត៌មាន ហៅក្រុមបុគ្គលិករបស់វិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិក ឲ្យទៅធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សកាន់អំណាច ដោយសន្យាផ្ដល់នូវប្រាក់ខែផ្ទាល់ពីលោក ៖ «ហើយបើគ្មានប្រាក់ខែ ទេ គួរមកធ្វើការជាមួយវិទ្យុក្នុងស្រុកទៅ ខ្ញុំជួយចេញប្រាក់ខែឲ្យ កុំធ្វើអន់ពេក ថោកទាប។ សូមបីតែម៉ាយ៉ារិទ្ធដែលធ្លាប់ធ្វើឲ្យ Free Asia ក៏មកធ្វើឲ្យអប្សរា ហើយឡើងអីជាមួយ CTN អី មោជាខ្មែរនឹងគេ ខ្មែរនឹងឯង។ កាលនៅឯណោះត្រូវធ្វើតាមគេឲ្យបានប្រាក់ខែ។ បើមិនជេរគណបក្សប្រជាជន គឺមិនបានប្រាក់ខែទេ។ ហ្នែរវាឆ្ងាញ់អាត្រង់ហ្នឹងទៀត ដល់ប៉ុណ្ណឹង។ ប៉ុន្តែជោគជ័យរបស់គណបក្សប្រជាជនមានតំលៃណាស់ ដោយសារពួកអ្នកឯងជេរ។ អ្នកឯងមិនជេរមិនមានតម្លៃទេ អាធំជេរទើបមានតម្លៃ។»
ក្រុមអ្នកវិភាគនិយាយថា លោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រមួយឈ្មោះ DFID មានន័យថា បំបែក វាយប្រហារ ដាក់ឯកោ និងកម្ទេច។ យុទ្ធសាស្ត្រនេះ គឺជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រឈ្នះៗ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេស Norway លោក មែន ណាត មានប្រសាសន៍ថា លោក ហ៊ុន សែន មិនត្រឹមព្យាយាមបំបែកសំឡេងក្រុមបក្សប្រឆាំងប៉ុណ្ណោះទេ តែលោកក៏បានព្យាយាមបំបែកអំណាចរបស់លោក ជា ស៊ីម ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ តាមរយៈការដកតំណែងលោក កែ គឹម យ៉ាន និងការរឹតត្បិតអំណាចរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសុទ្ធតែជាមនុស្សជំនិតរបស់លោក ជា ស៊ីម ៖ «កែ គឹមយ៉ាន ហ្នឹងជាមនុស្សជិតស្និតនឹងលោក ជា ស៊ីម ដូច្នេះកម្លាំងរបស់លោក ជា ស៊ីម ចុះខ្សោយដោយសារដកតំណែងរបស់លោក កែ គឹមយ៉ាន ដាក់ជំនួសដោយលោក ប៉ុល សារឿន។ មួយទៀតការផ្ទេរអំណាចនៅក្នុងជួររដ្ឋាភិបាល គឺនាយករដ្ឋមន្ត្រីតម្កើងមនុស្សជាច្រើនឲ្យធ្វើជាឧបនាយករដ្ឋ មន្ត្រី និងទេសរដ្ឋមន្ត្រី ក្នុងគោលបំណងលើកទឹកចិត្តមនុស្សដែលស្មោះត្រង់នឹងខ្លួន ហើយការផ្ទេរអំណាចមិនបានធ្វើឡើងចំពោះអ្នកដែលមិនស្មោះត្រង់នឹង ខ្លួននោះទេ។ ឧទាហរណ៍ថា នាយករដ្ឋមន្ត្រីអវត្តមានក្នុងបេសកកម្មមួយនៅអន្តរជាតិ ដូច្នេះពេលគាត់ទៅអ៊ីចឹងសិទ្ធិអំណាចនាយករដ្ឋមន្ត្រីស្ដីទីជា នរណា? ពីមុនយើងឃើញជាក់ស្ដែងគឺលោក ស ខេង ប៉ុន្តែក្រោយមកទៀតការផ្ទេរនេះអាចដាក់ទៅអ្នកណាក៏បានដែរ ដែលជាឧបនាយករដ្ឋមន្ត្រីដូចគ្នា។»
លោក មែន ណាត បន្តថា មនុស្សជំនិតៗនិងខ្សែស្រឡាយរបស់លោក ហ៊ុន សែន ចាប់តាំងពីកូន និងប្រពន្ធរបស់លោកសព្វថ្ងៃកំពុងកាន់កាប់ការងារតាមក្រសួង និងស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋ។ ស្របពេលជាមួយគ្នានេះដែរ គេសង្កេតឃើញលោក ហ៊ុន សែន កំពុងបំពាក់បំប៉នកងអង្គរក្សរបស់លោក នូវអាវុធយុទ្ធភណ្ឌទំនើបៗគ្រប់ប្រភេទ តាំងពីអាវុធធន់តូចរហូតដល់រថពាសដែក និងកាំភ្លើងធំ ដែលមានកម្លាំងសឹងស្មើ ឬច្រើនជាងកងកម្លាំងរបស់ក្រសួងការពារជាតិទាំងមូល។
លោក សម រង្សី មេបក្សជំទាស់មានប្រសាសន៍ពីប្រទេសបារាំងមកថា ការពង្រឹងអំណាចរបស់លោក ហ៊ុន សែន បែបនេះ គឺដើម្បីទប់ទល់នឹងការបះបោរណាមួយ ដែលអាចកើតឡើងជាយថាហេតុក្នុងការទម្លាក់លោកចេញពីអំណាច ហើយយកទៅកាត់ទោសដូចក្រុមមេដឹកនាំនៅប្រទេស Tunisia និងប្រទេស Egypt នោះ ៖ «ហើយគាត់មិនអាចផ្ទេរអំណាច ឬចែកអំណាចទៅក្រុម ឬគណបក្សផ្សេងទៀតបានទេ។ ពីព្រោះគាត់មានការព្រួយបារម្ភ ព្រួយបារម្ភថានឹងមានគេប្រកួតប្រជែងដណ្ដើមយកអំណាចពីគាត់ ដូច្នេះគាត់កាន់អំណាចម្នាក់ឯង។ របៀបម្នាក់ឯងមានន័យថា តាមរបៀបផ្ដាច់ការ របៀបផ្ដាច់ការមានន័យថា ធ្វើខុសកាន់តែច្រើន ធ្វើអាក្រក់កាន់តែច្រើន ប្រព្រឹត្តអំពើពុករលួយកាន់តែធ្ងន់ធ្ងរ ប្រព្រឹត្តអំពើឧក្រិដ្ឋកាន់តែច្រើន ដូច្នេះគាត់ត្រូវការនិទ្ទណ្ឌភាព គឺកុំឲ្យគេរករឿងគាត់ និងកុំឲ្យគេកាត់ទោសគាត់នៅថ្ងៃណាមួយ។»
អ្នកនាំពាក្យនៃទីស្ដីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលខ្លួនលោកផ្ទាល់ធ្លាប់ជាអ្នកនៅក្នុងក្រុមអ្នកប្រឆាំង រដ្ឋាភិបាលលោក ហ៊ុន សែន ដែរនោះ មានប្រសាសន៍ថា ការចោទប្រកាន់នានាអំពីមេដឹកនាំគណបក្សប្រជាជនកម្ពុជាបានការ បែកបាក់នឹងគ្នានោះ ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ៖ «ចំពោះរឿងហ្នឹង គឺជាការប្រឌិត ភូតភរ ក្រឡៃ វាយប្រហារដោយគ្មានមូលដ្ឋានពិតដែលថា ថ្នាក់ដឹកនាំពីរបីនាក់ហ្នឹងបែកបាក់នោះ មិនមែនត្រឹមតែឮឥឡូវទេ គឺឮតាំងពីឆ្នាំ១៩៩០ រួចស្រេចទៅហើយ។ ហើយប្រធានគណបក្សប្រឆាំងដើរប្រាប់ពេញពិភពលោកក៏ដូចគ្នានេះដែរ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ មានការបែកបាក់គ្នាទេ? មហាសន្និបាតកន្លងទៅពីរថ្ងៃនេះ បានវាយតម្លៃខ្ពស់នូវការឯកភាពផ្ទៃក្នុងរបស់គណបក្ស និងសមិទ្ធផលការងាររបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកាន់កាប់ស្ថាប័ននីតិប្រតិបត្តិ ដែលមហាសន្និបាតបានវាយតម្លៃថា ជោគជ័យរបស់សម្ដេច ហ៊ុន សែន គឺជាជោគជ័យរបស់គណបក្សប្រជាជន ក៏ដូចជាជោគជ័យរបស់ប្រជាជាតិ។»
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយចំនួនកន្លងមក ធ្លាប់រាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមត្រួតត្រាប្រព័ន្ធផ្សព្វផ្សាយស្ថាប័នតុលាការ ស្ថាប័ននីតិបញ្ញត្តិប៉ុណ្ណោះទ ប៉ុន្តែលោកបានមានឥទ្ធិពលខ្លាំងទៅដល់គណៈកម្មការរៀបចំការបោះឆ្នោត ផងដែរ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំ មើលសិទ្ធិមនុស្ស Human Rights Watch លោក Brad Adam មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំរចនាសម្ព័ន្ធតាមរយៈការដាក់មនុស្សស្មោះត្រង់នឹងលោកចូល កាន់កាប់ក្នុងស្ថាប័នសំខាន់របស់រដ្ឋ។ លោកបន្តថា កាលពី២០ឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចគ្រប់គ្រងកម្លាំងនគរបាល និងកម្លាំងយោធាបានទេ ហើយនៅក្រោយពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រូបលោកក្នុង ឆ្នាំ១៩៩៤ ពីសំណាក់ក្រុមមន្ត្រីផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជាខ្លួនឯង ហើយពេលនោះលោក ជា ស៊ីម និង លោក ស ខេង រងការចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធនឹងការដឹកនាំគម្រោងធ្វើរដ្ឋប្រហារ។ លោក Brad Adam ថ្លែងថា ក្រោយមកលោក ហ៊ុន សែន បានទាមទារកាន់កាប់កម្លាំងនគរបាល ដោយបានតែងតាំងលោក ហុក ឡងឌី ជាអគ្គស្នងការនគរបាលជាតិ ដែលមានអំណាចសឹងលើសពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅទៀត។
លោក ថ្លែងបន្តថា រយៈពេលជាង ១០ឆ្នាំក្រោយមកទៀត លោក ហ៊ុន សែន បានបញ្ជ្រាបមនុស្សជំនិតៗរបស់លោកចូលកាន់កាប់ក្នុងស្ថាប័នកងទ័ព ៖ «ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយមក លោក ហ៊ុន សែន បានដាក់មនុស្សរបស់លោកចូលគ្រប់គ្រងក្នុងស្ថាប័នយោធា។ ក្រុមរបស់គាត់អាចចូលគ្រប់គ្រងទាហានបានបន្ទាប់ពីលោកជោគជ័យក្នុង ការទម្លាក់លោក កែ គឹមយ៉ាន អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ កាលពីបីបួនឆ្នាំមុន។ ឥឡូវនេះ លោក ហ៊ុន សែន មានមនុស្សរបស់លោកគ្រប់កម្លាំងយោធា នគរបាល និងកងរាជអាវុធហត្ថ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏មានកម្លាំងអង្គរក្សដ៏ធំរាប់ពាន់នាក់ ដែលគេមិនដឹងពិតប្រាកដ ហើយក្រុមអង្គរក្សទាំងនោះមានបំពាក់ទៅដោយអាវុធគ្រប់ប្រភេទ រួមទាំងកាំភ្លើងធំ និងទទួលបានការហ្វឹកហ្វឺនដ៏ប្រសើរថែមទៀត។ កងអង្គរក្សទាំងនោះជាមនុស្សស្មោះត្រង់នឹងលោក ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ ដែលមិនមែនសម្រាប់ប្រទេសទាំងមូល ឬសម្រាប់គណបក្សនោះឡើយ។ លោក ហ៊ុន សែន ឥឡូវនេះមានសាច់ដុំគ្រប់គ្រាន់។»
អតីតសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសកលវិទ្យាល័យ Guam លោក បណ្ឌិត កាហ្វា ពៀងមេត បានសរសេរក្នុងអត្ថបទបែបវិភាគចេញផ្សាយដោយគណៈកម្មការសិទ្ធិមនុស្ស អាស៊ី កាលពីថ្ងៃទី១៨ ខែកក្កដា ថានៅក្នុងប្រទេសប្រជាធិបតេយ្យ កម្លាំងយោធា នគរបាល និងតុលាការ គឺជាស្ថាប័នដែលមិនអាចលំអៀងជាដាច់ខាត ហើយធ្វើកិច្ចការរបស់ខ្លួនយ៉ាងល្អទៅតាមការចែងរបស់រដ្ឋ ធម្មនុញ្ញ ដែលមិនមែនសម្រាប់ធ្វើជាឧបករណ៍បម្រើប្រយោជន៍ផ្ទាល់របស់មេដឹកនាំ ដែលជាប់ឆ្នោតនោះឡើយ។
លោកបណ្ឌិត Gaffar ថ្លែងក្នុងអត្ថបទរបស់លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងដឹកនាំប្រទេសតាមរយៈការបំភិតបំភ័យ ការគំរាមកំហែង ការសូកប៉ាន់ និងការបោកប្រាស់ ហើយដែលការដឹកនាំបែបនេះខុសពីគោលការណ៍ប្រជាធិបតេយ្យ៕