នាយក​រដ្ឋមន្ត្រី​ទូន្មាន​ឲ្យ​គ្រួសារ​ត្រកូល​ហ៊ុន​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ទូន្មាន​ឲ្យ​សាច់​ញាតិ​នានា​នៃ​ត្រកូល​ហ៊ុន កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ក្នុង​សង្គម​កម្ពុជា ដោយ​លោក​បាន​ព្រមាន​ថា ប្រជាពលរដ្ឋ​ខែ្មរ​នានា​អាច​នឹង​ធ្វើ​ការ​សងសឹក​ដោយ​គំនុំ​នៅ​ថៃ្ង​ណា​មួយ​ដែល​លោក​អស់​ពី​អំណាច​ជា​នាយក​រដ្ឋមន្រ្តី។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ជួប​ជុំ​គ្រួសារ​ដ៏​ធំ​មួយ​ដូច្នេះ​ថា ៖ «រឿង​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​ជាង​គេ គឺ​រឿង​ទាក់ទង​នឹង​សកម្មភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​ពី​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ មិន​ថា​ជា​កូន​បង្កើត មិន​ថា​ក្មួយ ឬ​ក៏​ជា​ចៅ​នោះ​ទេ រឿង​ព្រួយ​ជាង​គេ​គឺ​រឿង​ប្រើ​ឥទ្ធិពល។ ខ្ញុំ​សង្ឃឹម​ថា ក្មួយៗ​ទាំង​ឡាយ ជា​ក្មួយ​បង្កើត ជា​ក្មួយ​ប្រសារ នឹង​ស្ដាប់​បាន​បញ្ហា​នេះ អ្វី​ដែល​សំខាន់ បើ​មិន​បាន​ប្រព្រឹត្ត​ការ​ជួយ​ទៅ​ដល់​ប្រជាជន តែ​សុំ​កុំ​ប្រើប្រាស់​អំណាច​ត្រកូល ហ៊ុន នាម​ជា​ត្រកូល ហ៊ុន ដើម្បី​ទៅ​រំខាន​ចំពោះ​ប្រជាពលរដ្ឋ​នោះ​ទេ។ កូនៗ​និង​ក្មួយៗ​មិន​ព្រម​ស្ដាប់​ការ​ទូន្មាន​របស់​ពូ ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ពេល​ដែល ហ៊ុន សែន ផុត​ពី​អំណាច កុំ​ភ្លេច​ថា ក្មួយ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ!»

លោក យឹម សុវណ្ណ ជា​តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ បាន​មាន​ប្រសាសន៍​សាទរ​ចំពោះ​ការ​ទូន្មាន​នោះ ៖ «ជា​ការ​ទូន្មាន​មួយ​ដ៏​ល្អ​សម្រាប់​កូន​ចៅ ហើយ​សូម​ឲ្យ​ការ​ទូន្មាន​ទៅ​ទូទាំង​ប្រទេស មិន​ថា​នៅ​ក្នុង​សង្គម​គ្រួសារ​ទេ នៅ​ក្នុង​សង្គម​ជាតិ​ក៏​សូម​កុំ​ឲ្យ​មាន​អំពើ​អាក្រក់​កើត​នៅ​ក្នុង​សង្គម​ខ្មែរ ពីព្រោះ​អំពើ​អាក្រក់​នាំ​មក​នូវ​អយុត្តិធម៌»

លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ហៅ​ថា អាដហុក បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «ថ្នាក់​ដឹកនាំ​ទាំង​អស់​មិន​ចំពោះ​តែ​សម្ដេច ហ៊ុន សែន មួយ​ទេ ព្រោះ​ថា ថ្នាក់​ដឹកនាំ​មិន​អាច​ថា គង់វង្ស​បាន​ទេ ព្រោះ​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ មាន​ការ​បោះ​ឆ្នោត។ ថ្ងៃ​ដែល​មាន​អំណាច វា​មិន​អាច​ធ្វើ​អី​ប៉ះពាល់​បាន​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​អត់​អំណាច​ទៅ វា​អាច​កើត​មាន​បញ្ហា​ខ្លះ​ដែរ!»

ការ​ប្រកាស​ទូន្មាន​និង​ការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នោះ បាន​ធ្វើ​ទ្បើង​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​ធ្នូ​នេះ នៅ​ក្នុង​ពិធី​ជួប​ជា​លើក​ដំបូង​ដ៏​ធំ​មួយ​នៃ​គ្រួសារ​ត្រកូល ហ៊ុន នៅ​ក្នុង​ដំណាច់​ឆ្នាំ​ចាស់ ឆ្នាំ​២០០៩ ឆ្លង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១០ ដែល​ទូរទស្សន៍​បាយ័ន​បាន​ចាក់​ផ្សាយ​កាល​ពី​យប់​ថៃ្ង​ច័ន្ទ​នោះ។

គេ​ឃើញ​មាន​មន្រ្តី​ជាន់ខ្ពស់​ជា​ច្រើន​នាក់ ដូច​ជា​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ, លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម និង​មន្រ្តី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ទៀត ព្រមទាំង​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន សរុប​ជាង ១០០​នាក់ បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ក្នុង​ទីក្រុង​ភ្នំពេញ។

គេ​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ទូន្មាន​របស់​លោក ហ៊ុន សែន នោះ គឺ​ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​នានា​និង​ការ​ប្រកាស​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លង​ទៅ​នេះ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ​មាន​ផែនការ​សម្ងាត់​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រូប​លោក​ចេញ​ពី​អំណាច និង​មាន​ផែនការ​លុប​បំបាត់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្រ្តី​ថៃ និង​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ការ​អះអាង​នេះ​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បដិសេធ៕