នាយក​រដ្ឋមន្ត្រី​ខ្មែរ៖ ថាក់ស៊ីន ជា​មិត្ត​សម្លាញ់​អមតៈ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចាត់ទុក​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ជា​មិត្ត​សម្លាញ់​អមតៈ ហើយ​ថា អតីត​ប្រមុខ​រដ្ឋាភិបាល​ថៃ​ជា​ជន​រងគ្រោះ​នយោបាយ។

នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន (ឆ្វេង) និង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ (Thaksin Shinawatra) ញញឹម​ក្នុង​អំឡុង​ពេល​លេង​ហ្គោល​នៅ​ឯ​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​៦ មេសា ២០០៨។
នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន (ឆ្វេង) និង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ (Thaksin Shinawatra) ញញឹម​ក្នុង​អំឡុង​ពេល​លេង​ហ្គោល​នៅ​ឯ​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​៦ មេសា ២០០៨។ (AFP Photo)

ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អាទិត្យ លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក ថាក់ស៊ីន នឹង​មក​ធ្វើ​សុន្ទរកថា​រឿង​សេដ្ឋកិច្ច​នៅ​ចំពោះ​មុខ​អ្នក​ជំនាញ​កិច្ចការ​សេដ្ឋកិច្ច​ប្រមាណ​៣០០​នាក់ នៅ​ឯ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នា​ថ្ងៃ​ទី​១២ ក្នុង​សប្តាហ៍​នេះ។ រដ្ឋ​អំណាច​ថៃ​បាន​ចាត់ទុក លោក ថាក់ស៊ីន ថា​ជា​ពលរដ្ឋ​ថៃ​គេច​ពី​ច្បាប់។

យោង​តាម​ប្រភព​ទីភ្នាក់ងារ​ព័ត៌មាន​នានា មក​ទល់​ពេល​នេះ នាយក​រដ្ឋមន្រ្តី​ថៃ អភីស៊ិត វេតឆាឈីវ៉ាក់ ថា​ការ​រិះគន់​ប្រព័ន្ធ​តុលាការ​ថៃ​ក្នុង​ករណី​លោក ថាក់ស៊ីន នោះ ជា​រឿង​ទទួល​យក​មិន​បាន​ឡើយ។ តុលាការ​ថៃ​បាន​ដាក់​ទោស​លោក ថាក់ស៊ីន ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ពី​បទ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កាល​ពី​ឆ្នាំ​២០០៨ ក្រោយ​ពី​រដ្ឋប្រហារ​២​ឆ្នាំ។ លោក​មាន​លិខិត​ឆ្លង​ដែន​ចំនួន​៦​ពី​ប្រទេស​មួយចំនួន​ចាប់​ពី​ទ្វីប​អឺរ៉ុប​ដល់​អាមេរិក​កណ្តាល ហើយ​រក្សា​ទី​លំនៅ​ក្នុង​ក្រុង​ឌូបៃ ប្រទេស អារ៉ាប់រួម អេមីរ៉ាត។ លោក​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ផ្ទាល់​ខ្លួន។ សម្បតិ្ត​ទ្រព្យ​ដ៏​ស្តុកស្តម្ភ​របស់​លោក តុលាការ​ថៃ​ហាម​មិន​ឲ្យ​នរណា​ប៉ះពាល់​គឺ​នៅ​គាំង​ក្នុង​ធនាគារ។

សាស្រា្តចារ្យ ពួងទង ប៉ាវ៉ាកាប៉ាន នៃ​សកល​វិទ្យាល័យ ចុល្លលុងកន ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​៦ វិច្ឆិកា ថា លោក ហ៊ុន សែន មិន​មែន​ចាំបាច់​ត្រូវការ​លោក ថាក់ស៊ីន ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ដោយសារ​តែ​ត្រូវការ​យោបល់​រឿង​សេដ្ឋកិច្ច​នោះ​ទេ គឺ​ជា​រឿង​នយោបាយ​សងសឹក​ចំពោះ​រដ្ឋាភិបាល​ក្រុង​បាងកក៕