កូនសោ​សម្រាប់​សមរង្ស៊ី​ចូល​ស្រុក​វិញ​នៅ​ក្នុង​ដៃ​ហ៊ុនសែន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា កូន​សោ​សំខាន់​ដែល​អាច​ឲ្យ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ចូល​ស្រុក​វិញ​បាន គឺ​ស្ថិត​នៅ​លើ​ដៃ​របស់​លោក ហើយ​គ្មាន​អ្នក​ណា​អាច​ធ្វើ​អ្វី​លោក​បាន​ទេ ទោះ​បី​ជា​តុលាការ​អាមេរិក​ក៏ដោយ។

0:00 / 0:00

ការ​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ចោទ​ប្រកាន់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បាន​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​លើ​បាតុកម្ម​បក្ស​ប្រឆាំង​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ចាស់ កាល​ពី​ឆ្នាំ​១៩៩៧ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១៦​នាក់ និង​របួស​ជាង ១០០​នាក់​ទៀត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ព្រមាន​មេ​ដឹក​នំា​គណបក្ស​ប្រឆាំង​ថា លោក​មិន​ខ្លាច​ចំពោះ​ការ​ប្ដឹង​របស់​លោក សម រង្ស៊ី នោះ​ទេ ព្រោះ​លោក សម រង្ស៊ី ធ្លាប់​បាន​សរសេរ​លិខិត​សុំ​ទោស​លោក​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នំា​២០០៥ ដើម្បី​ចូល​ស្រុក​វិញ​បាន ហើយ​លោក​នឹង​ចាំ​មើល​ទៀត​ថា តើ​អ្នក​ណា​លត់​ជង្គង់​អង្វរ​អ្នក​ណា ដើម្បី​ឲ្យ​លោក សម រង្ស៊ី មាន​សិទ្ធិ​ចូល​ស្រុក​មក​វិញ​ម្ដង​ទៀត​នោះ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ៖ «អ្នក​ណា​សុំ​ទោស​អ្នក​ណា? កាល​ពី​ឆ្នាំ​២០០៥ សរសេរ​សំបុត្រ​មក​សុំ​ទោស​ខ្ញុំ​ច្បាស់​ណាស់​ណា ខ្ញុំ​ក៏​ស្នើ​សុំ​ព្រះ​ប្រទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ។ ខ្លួន​គេ​បាន​ទទួល​ស្គាល់​ថា ការ​ចោទ​ប្រកាន់​កាល​ហ្នឹង​ច្រើន​ណាស់ បោក​គ្រាប់​បែក​នៅ​មុខ​រដ្ឋ​សភា​សម្លាប់​ឥស្សរជន ដូច​ជា ៦​នាក់​ឯ​ណោះ ដូច​ជា​ឯកឧត្ដម សម រង្ស៊ី ហ្នឹង​ផង មាន​សម្ដេច សេរីវុឌ្ឍ ផង ចោទ​ប្រកាន់ មាន​ថែម​អា...។ល។ មាន​ថែម​ពាក្យ ។ល។ ហ្នឹង​ទៀត​នោះ។ សុំ​ទោស!ឆ្កែ​ខាំ​ជើង​ខ្ញុំ​មិន​ខាំ​ឆ្កែ​វិញ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​យក​ជើង​ទាត់​ឆ្កែ​តែម្ដង ចាំ​តែ​មើល៍​ទៅ​អា​វ៉ា»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​វីដេអូ ខនហ្វឺរិន (Video Conference) ពី​ប្រទេស​បារាំង​មក​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​ភ័យ​ខ្លាច ក្រោយ​ពេល​លោក​បាន​ទទួល​ដីកា​កោះ​ហៅ​ពី​មន្ត្រី​សហរដ្ឋ​អាមេរិក នៅ​ខណៈ​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ញូវយ៉ក (New York) ហើយ​បាន​អង្វរ​លោក​ឲ្យ​ដក​ពាក្យ​បណ្ដឹង​វិញ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ដូច្នេះ ៖ «កាល​ពី​ឆ្នាំ​២០០៥ តុលាការ​គាត់​ទទួល​លោក ហ៊ុន សែន ហើយ​លោក ហ៊ុន សែន គាត់​ភ័យ​ណាស់! គាត់​នៅ​ក្នុង​ហូតែល គាត់​ស្រាប់​តែ​ឃើញ​ភ្នាក់ងារ​តុលាការ​ហុច​លិខិត​អញ្ជើញ​គាត់ គាត់​ភ័យ គាត់​ស្លុត​មែន​ទែន ហើយ​បន្ទាប់​ពី​គាត់​ត្រឡប់​ពី​ញូវយ៉ក​វិញ ពេល​នោះ​គាត់​បាន​អង្វរ​ខ្ញុំ សម រង្ស៊ី នេះ​ថា សុំ​ឲ្យ​ខ្ញុំ​ហ្នឹង​ដក​ពាក្យ​បណ្ដឹង​ខ្ញុំ​នៅ​សហរដ្ឋ​អាមេរិក​ទៅ គាត់​នឹង​ដក​ពាក្យ​បណ្ដឹង​គាត់​នៅ​ចំពោះ​មុខ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា»

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​ពន្យល់​ថា ករណី​វាយ​ប្រហារ​គ្រាប់​បែក​ដៃ កាល​ពី​ឆ្នាំ​១៩៩៧​នោះ មិន​អាច​បញ្ចប់​បាន​ទេ ព្រោះ​ជា​ទោស​ព្រហ្មទណ្ឌ ទោះ​បី​ជា​លោក សម រង្ស៊ី ធ្លាប់​ដក​ពាក្យ​បណ្ដឹង​ម្ដង​រួច​មក​ហើយ​ក៏ដោយ ក៏​គេ​នៅ​តែ​អាច​បន្ត​ប្ដឹង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជួន​ជន​រង​គ្រោះ​បាន​ដដែល។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ៖ «ទោស​ព្រហ្មទណ្ឌ​មិន​អាច​មាន​អាយុកាល​ទេ ទោស​ព្រហ្មទណ្ឌ​មិន​អាច​យក​ទូទាត់​គ្នា​ជា​របៀប ជា​ការ​សុំ​ទោស ឬ​មិន​សុំ​ទោស​ទេ សំខាន់​បំផុត​ពេល​នេះ យើង​ចង់​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ យើង​ចង់​ឲ្យ​អ្នក​ប្រព្រឹត្ត​ល្មើស បទ​ឧក្រិដ្ឋ​ហ្នឹង​ទទួល​ទោស»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ គ្រាប់​បែក​ដៃ​ចំនួន ៤​គ្រាប់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាន​គប់​ចូល​ទៅ​លើ​ហ្វូង​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​យុត្តិធម៌ និង​ប្រឆាំង​អំពើ​ពុករលួយ ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ជាតិ​ខ្មែរ ដែល​ជា​គណបក្ស សម រង្ស៊ី បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​មនុស្ស​ចូល​រួម​ជា​ច្រើន​នាក់​រង​របួស រួម​ទាំង​លោក សម រង្ស៊ី និង​មាន​អង្គរក្ស​ផ្ទាល់​របស់​លោក​ម្នាក់​ស្លាប់​ផង​ដែរ ក្នុង​ចំណោម​អ្នក​ស្លាប់​ចំនួន ១៦​នាក់ នៃ​ការ​គប់​គ្រាប់​បែក​ដៃ​នោះ។ មក​ទល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​បាន​ចាប់​បាន​ជន​ដៃ​ដល់ ដើម្បី​យក​មក​ផ្ដន្ទា​ទោស​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ បាន​អះអាង​ថា ការ​ប្ដឹង​ផ្ដល់​គ្នា​រវាង​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​មេ​បក្ស​ប្រឆាំង គឺ​ជា​ការ​រាំង​ស្ទះ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ដោយ​លោក​បញ្ជាក់​ថា មេ​ដឹក​នាំ​ទាំង​ពីរ​គួរ​តែ​រក​ដំណោះស្រាយ​រួម​គ្នា​មួយ ដើម្បី​រួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​ជាតិ។

នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ហង្ស ឆាយា បាន​លើក​ហេតុ​ផល​ដែរ​ថា ប្រទេស​ដែល​ប្រកាន់​ភ្ជាប់​លទ្ធិ​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​មាន​គណបក្ស​ប្រឆាំង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គាប​សង្កត់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​តាម​ប្រព័ន្ធ​តុលាការ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​តែ​មាន​បញ្ហា ព្រោះ​លោក សម រង្ស៊ី មិន​មែន​ជាប់​ទោស​ឧក្រិដ្ឋ​នោះ​ទេ។

លោក ហង្ស ឆាយា មាន​ប្រសាសន៍​បន្ថែម​ថា ៖ «តុលាការ​បាន​ដក​អភ័យ​ឯក​សិទ្ធិ​ឯកឧត្ដម សម រង្ស៊ី ដល់​ឥឡូវ​កាត់​ទោស​គាត់​ឲ្យ​ជាប់​ពន្ធនាគារ​ទៀត ហើយ​ផាក​ពិន័យ អា​ហ្នឹង​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែរ បង្កើត​លក្ខណៈ​ពិបាក​ចំពោះ​គាត់។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា មិន​អាច​ពាក់ព័ន្ធ​ទាំង​ស្រុង​លើ​រឿង​នេះ មាន​ផ្លូវ​ច្រើន​ដែល​យើង​បង្កើត​បញ្ហា ហើយ​បញ្ហា​ហ្នឹង​នឹង​ត្រឡប់​មក​យើង​វិញ មាន​ន័យ​ថា អ្នក​បង្កើត​បញ្ហា​ហ្នឹង​ត្រូវ​តែ​ដោះស្រាយ»

នាយិកា​ស្ដីទី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី លោកស្រី សូភី រីឆាដសុន (Sophie Richardson) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ថា តុលាការ​កម្ពុជា បាន​កាត់​ទោស​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​នៃ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​ចាប់​អារម្មណ៍​ពី​រឿង​លទ្ធិប្រជាធិបតេយ្យ​ទេ ហើយ​ថា រដ្ឋាភិបាល​កំពុង​ដឹក​នាំ​ប្រទេស​បែប​ជិះ​សេះ​លែង​ដៃ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ហង្ស ឆាយា បាន​ទទូច​សុំ​ទៅ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​កាន់​អំណាច និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង គួរ​តែ​រក​ច្រក​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​វិញ​ប្រសើរ​ជាង ដើម្បី​រួបរួម​គ្នា​ស្ដារ​សេដ្ឋកិច្ច​ជាតិ នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​នោះ។

លោក ហង្ស ឆាយា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក អា​ហ្នឹង​សំខាន់​ណាស់ ជា​ដំបូង​ណា! ហើយ​ត្រូវ​ដឹង​កាតព្វកិច្ច គាត់​ត្រូវ​គិត គោរព​សិទ្ធិ ចង់​និយាយ​ណា គោរព​សិទ្ធិ​នយោបាយ ព្រោះ​យើង​ជា​មេ​ដឹក​នាំ​ប្រជាជន​ស្រឡាញ់ ហើយ​គេ​បាន​បោះ​ឆ្នោត​ឲ្យ​យើង​ជាប់​ហើយ គឺ​ត្រូវ​ធ្វើ​ការងារ​ចំពោះ​គាត់ បម្រើ​ប្រទេស​ជាតិ​ណា»

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រឆាំង​មិន​ដែល​ចាត់​ទុក​ខ្មែរ​ឯង​ជា​សត្រូវ​ទេ ហើយ​លោក សម រង្ស៊ី ក៏​កំពុង​រក​មធ្យោបាយ​ចូល​ស្រុក​វិញ តាម​រយៈ​ការ​ទូត និង​មធ្យោបាយ​ផ្សេងៗ​ទៀត ដើម្បី​ត្រឡប់​មក​វិញ​ដោយ​សន្តិវិធី ដោយ​លោក​អះអាង​ថា លោក សម រង្ស៊ី គ្មាន​ទោស​កំហុស​ឧក្រិដ្ឋ​ទេ គ្រាន់​តែ​លោក​បំពេញ​តួនាទី​ការពារ​ទឹក​ដី​នោះ៕