អ្នករាយការណ៍ព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក មណ្ឌលកែវ បានរៀបរាប់ពីព្រលានយន្តហោះភ្នំពេញកាលពីល្ងាចថ្ងៃសៅរ៍អំពីការត្រឡប់មកវិញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ៖ «នៅម៉ោង៦គត់យន្តហោះសៀមរាបអ៊ែរបានចុះចត ហើយលោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញចុះមកដល់ព្រលានយន្តហោះនៅវេលាម៉ោង៦គត់ហ្នឹង។ បន្ទាប់ពីចុះពីលើយន្តហោះ លោកនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីអ្នកមុខអ្នកការមួយចំនួនដែលអមដំណើរជាមួយហ្នឹងក៏បានចុះមកចាប់ដៃជាមួយនឹងមន្ត្រី រដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រី ដែលបានមកឈរទទួលដំណើររបស់លោកនាយករដ្ឋមន្ត្រី។ ប៉ុន្តែនៅពេលដែលចុះសួរសុខទុក្ខជាមួយនឹងបណ្ដាមន្ត្រីដែលបានមកទទួលហើយ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញចូលឡានយ៉ាងប្រញាប់ប្រញាល់ហើយដោយគ្រាន់តែលើកដៃលាក្រុមអ្នកកាសែតយើងដោយញញឹមញញែម ហើយក៏ចូលឡានដោយឥតមានផ្ដល់នូវបទសម្ភាសន៍អ្វីមួយដល់អ្នកកាសែតសោះឡើយ»។
សមាជិកគណៈប្រតិភូខ្មែរ លោក ស្រ៊ី ថាមរង់ ទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានមានប្រសាសន៍នៅឯព្រលានយន្តហោះភ្នំពេញអំពីមូលហេតុដែលបណ្តាលឲ្យលុបចោលការប្រជុំនោះ ៖ «សភាពការណ៍គឺខាងក្រុមប្រឆាំងរាជរដ្ឋាភិបាលបានធ្វើសកម្មភាពដើម្បីរាំងខ្ទប់កិច្ចប្រជុំហ្នឹងតាំងពីម្សិលមិញ។ ហើយនៅពេលព្រឹកនេះ គណៈប្រតិភូប្រទេសដៃគូសន្ទនា មានចិន មានអីហ្នឹង គឺថាមិនអាចចូលមកកន្លែងប្រជុំបាន។ កិច្ចប្រជុំហ្នឹងដោយសារតែដៃគូចរចាមិនអាចប្រជុំបានគឺចេះតែពន្យារៗទៅវាអស់ម៉ោង ហើយរហូតដល់ចុងក្រោយ ក្រុមប្រឆាំងនឹងរដ្ឋាភិបាលហ្នឹងក៏បានគ្រប់គ្រងសភាពការណ៍ទៅ មានរុះផ្ទះខ្លះ យើងអាចមើលព័ត៌មាន ព្រោះខ្ញុំនៅខាងក្នុងអត់បានដឹងទេ ហើយក៏បានសម្រេចផ្អាកការប្រជុំនេះទៅ»។
កិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ គ្រោងប្រារព្ធធ្វើ២ថ្ងៃ គឺនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះ។ ហើយលោក ស្រ៊ី ថាមរង់ មានប្រសាសន៍ទៀតថា លោកមិនដឹងថា កិច្ចប្រជុំលើកក្រោយនឹងធ្វើនៅពេលណានោះទេ ៖ «អត់ដឹងពេលណា ព្រោះអីសភាពការណ៍យើងឃើញហើយនៅថៃ»។
គណៈប្រតិភូនៃប្រទេសកម្ពុជាបានចេញដំណើរទៅកាន់ប្រទេសថៃកាលពីថ្ងៃសុក្រ៕