ហ៊ុន សែន៖ ជំហរ​ថៃ​ក្នុង​រឿង​ព្រះវិហារ​គឺ​ជា​គំនិត​ឈ្លានពាន​យូរ​អង្វែង

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា ជំហរ​របស់​ប្រទេស​ថៃ​ក្នុង​វិបត្តិ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​គឺ​ជា​គោល​គំនិត​ឈ្លានពាន​យូរ​អង្វែង​ហើយ​បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការត្រៀម​ការវាយ​បក​ខាង​យោធា​ដោយ​ប្រុង​ប្រយ័ត្ន។

0:00 / 0:00

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​និង​សញ្ញាបត្រ​ដល់​សមណ​សិស្ស និស្សិត និង​សិស្ស និសិ្សត នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា​នេះ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​ពង្រឹង​សិទ្ធិ​ការពារ​ទឹក​ដី​នៅ​តាម​ព្រំដែន​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​កំពុង​យាយី​ដោយ​កងទ័ព​ថៃ​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «ទាក់ទិន​នឹង​ហេតុការណ៍​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ហើយ​ថ្នាក់​ដឹកនាំ​កំពូល​របស់​ថៃ កម្ពុជា ក្នុង​ឋានៈ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ជា​ប្រមុខ​នៃ​អង្គការ​នីតិ​ប្រតិបត្តិ​ដែល​មាន​ភារកិច្ច​ពេញលេញ​ក្នុង​ការការពារ​ឯករាជ្យ អធិបតេយ្យ​កម្ពុជា ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​មាន​សិទ្ធិ​នឹង​បកស្រាយ​ជូន​ប្រជាពលរដ្ឋ មាន​សិទ្ធិ​បញ្ជា​កងទ័ព​ការពារ​ទឹក​ដី។ តែ​អ្វី​ដែល​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត កម្ពុជា​មិន​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​ទេ ជម្រើស​ដែល​នៅ​សេស​សល់​ដែល​កម្ពុជា​ត្រូវ​ប្រើ​កម្លាំង​តែ​ក្នុង​ក្របខ័ណ្ឌ​មួយ សិទ្ធិ​ការពារ​ខ្លួន ស្វ័យ​ការពារ ពីរ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន»

ការប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺ​ស្រប​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​នានា​ពី​ប្រភព​យោធា​ដែល​ថា ថៃ​បាន​បង្កើន​កម្លាំង​ទ័ព​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ។

លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ក៏​បាន​បញ្ជាក់​ដែរ​ថា គម្រោងការ​ជួប​ចរចា​របស់​មន្រ្តី​ជាន់​ខ្ពស់​ថៃ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​ចុង​សប្តាហ៍​នេះ​ក៏​គួរតែ​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​យោធា​នោះ​ដែរ​ជាជាង​អំពី​បញ្ហា​ការសើរើ​ដើម្បី​ដាក់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​ដែល​ថៃ​បាន​ស្នើ​ឡើង​នោះ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​នៅតែ​បន្ត​ស្វាគមន៍​មិត្ត​របស់​ខ្ញុំ គឺ​ឧប​នាយក​រដ្ឋមន្រ្តី សុថេប និង​រដ្ឋមន្រ្តី​ការពារ​ជាតិ ប្រាវីត ដែល​មក​ដល់ ហើយ​បើ​សិន​យល់​ថា​មិន​អាច​សម្រេច​បំណង​ទេ រឿង​មក​មិន​មក​គឺ​អាស្រ័យ​លើ​ឯកឧត្ដម​ទេ តែ​ជូន​សារ​ទៅ​មុន​ថា​កុំ​លើក​បញ្ហា​ព្រះវិហារ ហើយ​បើ​សិន​ជា​ជាប់​ព្រះវិហារ លើក​តែ​រឿង​ដក​កង​ទ័ព​ថៃ​ទៅ​បាន​ហើយ រឿង​មាន​តែ​ប៉ុណ្ណឹង​ទេ»

ជម្លោះ​នៃ​តំបន់​ព្រំដែន​នោះ​គឺ​កើត​ឡើង​ចាប់​តាំង​ពី​ថៃ​បាន​បញ្ជូន​ទាហាន​ឈុត​ខ្មៅ​រាប់​រយ​នាក់​ចូល​មក​ក្នុង​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វរៈ ក្បែរ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​ដែល​ថៃ​តែងតែ​ប្រឆាំង​នោះ។

ជម្លោះ​ព្រំដែន​ដែល​បាន​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​មក​ហើយ​នេះ​ក៏​បាន​រាលដាល​នៅ​តំបន់​ជា​ច្រើន​ទៀត ហើយ​ទោះ​បី​មាន​ការចរចា​ទ្វេ​ភាគី​ជា​បន្ត​បន្ទាប់​ក៏​ដោយ​ក៏​មាន​ការវាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ដែល​ធ្វើ​ឲ្យ​កងទ័ព​ប្រទេស​ទាំង​ពីរ​ស្លាប់​និង​របួស​ជា​ច្រើន​នាក់៕