លោក ហ៊ុន សែន ​បន្ទោស​របប លន់ នល់ ថា​ជា​អ្នក​ធ្វើ​ឲ្យ​មាន​របប​ខ្មែរ​ក្រហម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ទោស​របប​សាធារណរដ្ឋ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ ថា បាន​ធ្វើ​ឲ្យ​សង្គ្រាម​នៅ​កម្ពុជា ឈាន​ទៅ​ដល់​របប​វាល​ពិឃាដ-​ខ្មែរ​ក្រហម។

លោក​ក៏​បាន​រំលឹក​ផង​ដែរ​ថា សន្តិភាព​របស់​កម្ពុជា ក្នុង​ឆ្នាំ​១៩៧០ គឺ​ជា​សន្តិភាព​ដែល​ខ្វះ​ស្ថេរភាព​ដោយសារ​ការ​ទំលាក់​គ្រាប់បែក​របស់​អាមេរិកាំង និង​ចលនា​ខ្មែរ​ក្រហម​ខ្មែរ​ស ខ្មែរ​ខៀវ ខ្មែរ​ស៊ី​ជំពូ​នៅ​ផ្ទៃ​ក្នុង​ជាដើម៖ «សុខៗ​បង្កើត​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្ដម សីហនុ ចេញ​ពី​តំណែង​ទៅ ជំនួស​មក​វិញ​ដោយ​របប​សាធារណរដ្ឋ​ខ្មែរ ហើយ​ដែល​ជំនួស​ពី​សន្តិភាព​ទៅ​សង្គ្រាម យក​សង្គ្រាម​មក​ជំនួស​សន្តិភាព ទោះបី​ថា ពេល​នោះ​សន្តិភាព​ខ្វះ​ស្ថិរភាព ខ្ញុំ​និយាយ​ចង់​និយាយ​ថា សន្តិភាព​ខ្វះ​ស្ថិរភាព។ គឺ​ពេល​នោះ​មាន​កត្តា​ពីរ​ដែល​ត្រូវ​តែ​គិត​អោយ​បាន​ដិត​ដល់ ទី​មួយ​ការ​ទម្លាក់​គ្រាប់​បែក ការ​ទម្លាក់​គ្រាប់បែក​នៅ​តាម​ព្រំដែន​ចេះ​តែ​បាន​កកើត​ហើយ ពី​សំណាក់​កងទ័ព​អាមេរិក កងទ័ព​វៀតណាម ខាង​ត្បូង​ចេះ​តែ​មាន​ហើយ អា​ហ្នឹង​មាន​សន្តិភាព»។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជយលាភី​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១១។

លោក​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា កំហុស​ដ៏​ធំ​បន្ទាប់​ពី​របប លន់ នល់ គឺ​កំហុស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​សំលាប់​ជីវិត​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​យ៉ាង​រង្គាល និង​បាន​បំផ្លិចបំផ្លាញ​ប្រទេស​ឱ្យ​វិនាស​ហិនហោច៖ «អា​នេះ​ប្រមូល​តាំង​ពី​កុមារ​អោយ​ឯង​ស៊ី​មួយ​ថ្ងៃ​មួយ​ខាំ ដល់​ទារ​ជី​ទារ​មួយ​គីឡូ អា​ជី​លេខ​មួយ​ទារ​មួយ​គីឡូ ទៅ​អោយ​ស៊ី ស៊ី​មួយ​ខាំ មួយ​កំប៉ុង​ប៉ុន្មាន​នាក់​នោះ ស្មើ​នឹង​មួយ​ខាំ យើង​ទៅ​ដល់​ទារ​ជី​លេខ​មួយ​ទារ​មួយ​គីឡូ ធ្វើ​ម៉េច​ធ្វើ​ជី​លេខ​មួយ​អោយ​បាន​មួយ​គីឡូ។ អ៊ីចឹង​ត្រូវ​ប្រឹង​ជុះ​ហើយ ទៅ​យក​អាដី​ដំបូក​យក​មក​លាយ​ធ្វើ​ជី​លេខ​មួយ ចេះ​តែ​ធ្វើ​អ៊ីចឹង​ទៅ​កើតៗ អោយ​ខ្ញុំ​អត់​មាន​ការ​ឆ្លងឆ្លើយ​អី​ជាមួយ។ ហ្នឹង​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់​ទោស​ហើយ លើក​រឿង​នេះ​លើក​រឿង​នោះ​ឡើង ពីព្រោះ​អាហ្នឹង​ខ្លាច​ជះ​ឥទ្ធិពល​ទៅ​ដល់​បញ្ហា​រឿង​ក្ដីក្ដាំ​នៅ​ក្នុង​តុលាការ​កាត់ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​គ្រវី​ក្បាល​ដែរ ដល់​ឃើញ​គេ​ឆ្លើយ​របៀប​នោះ គេ​ឆ្លើយ​របៀប​នោះ ខ្ញុំ​ក៏​គិត​ថា​វា...»

របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បាន​ធ្វើ​ឱ្យ​មនុស្ស ១.៧​លាន​នាក់​ស្លាប់ តាម​រយៈ​ការ​បង្អត់​អាហារ ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ហួស​កំលាំង ការ​សំលាប់ និង​ការ​ធ្វើ​ទារុណកម្ម​ជាដើម។

សៀវភៅ​របស់​លោកស្រី​វេជ្ជបណ្ឌិត Esmeralda Luciolli នៃ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ដែល​មាន​ចំណង​ជើង​ថា «ជញ្ជាំង​ឫស្សី» បាន​បង្ហាញ​ថា ក្រោយ​របប​ខ្មែរ​ក្រហម គឺ​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៨០ ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ២​សែន​នាក់​បាន​ស្លាប់ និង​របួស​ដោយ​ជាន់​មីន និង​ជំងឺ​គ្រុន​ចាញ់ តាម​រយៈ​ផែនការ «ក៥» របស់​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​សហការ​ជាមួយ​រដ្ឋាភិបាល​វៀតណាម៕