ហ៊ុន ​សែន ​គំរាម​អ្នក​ដែល​ចង់​ចាប់​​​លោក

លោក​នាយ​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ សីហា​នេះ បាន​ថ្លែង​ព្រមាន​ទៅ​ដល់​អ្នក​មាន​បំណង​ចាប់ ហ៊ុន សែន ថា នឹង​មិន​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ទេ បើ​សិន​ជា​មាន​បំណង​ដូច្នេះ​មែន។

សេចក្ដី​ថ្លែង​ដូច្នេះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ធ្វើ​ឡើង​ជា​សាធារណៈ​ម្ដង​ទៀត នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ចូល​រួម​ជា​អធិបតី នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ស្ដី​អំពី​ការ​ការ​ពារ​បឹង​ទន្លេ​សាប​នៅ​ទីក្រុង​ភ្នំពេញ។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​អះអាង​អំពី​ភាព​រឹង​មាំ​របស់​លោក ហើយ​បាន​គំរាម​បញ្ជាក់​ថា បំណង​ចង់​ចាប់​រូប​លោក​នោះ នឹង​មិន​អាច​ទៅ​រួច​ទេ ៖ «ហ៊ាន​ដល់​ថ្នាក់​ចាប់ ហ៊ុន សែន ហើយ​ក៏​គ្មាន​នរណា​ម្នាក់​មាន​បំណង​ចាប់ ហ៊ុន សែន ប៉ុន្តែ​បើ​ចាប់ តើ​គេ​បាន​ផ្ដាំ​ប្រពន្ធ​កូន​ឲ្យ​ត្រៀម​កប់​ខ្មោច​ហើយ​ឬ​នៅ?»

លោក​មាន​ប្រសាសន៍​ជា​ថ្មី​ម្ដង​ទៀត អំពី​រឿង​នេះ ក្រោយ​ពី​លោក​បាន​លេច​ឮ​ការ​ពិភាក្សា​គ្នា​របស់​ក្រុម​អ្នក​នយោបាយ នៅ​តែ​បន្ត​ពិភាក្សា​អំពី​រឿង​លោក​នៅ​ឡើយ នៅ​គ្រា​ដែល​លោក​ឆ្លង​ជំងឺ A(H1N1) ហើយ​បាន​អវត្តមាន​ជា​សាធារណៈ​អស់​រយៈ​ពេល​ប្រហែល​កន្លះ​ខែ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

លោក​បាន​អះ​អាង​ទៀត​ថា នៅ​គ្រា​នោះ លោក​បាន​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ និង​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ជា​ច្រើន បើ​ទោះ​បី​ជា​លោក​មាន​ជំងឺ​ក៏​ដោយ៕