អ្នកភូមិជនជាតិដើមចារ៉ាយ រស់នៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម ឲ្យដឹងនៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០១០ ថា ជនជាតិវៀតណាមជាក្រុមចូលមកកាប់ឈើហើយអារច្រៀកដោយម៉ាស៊ីនស្វ័យប្រវត្តិតូច រួចដឹកជញ្ជូនពីព្រៃមកស្តុកទុកក្បែរប៉ុស្តិ៍ការពារព្រំដែនខ្មែរ ដើម្បីនាំឆ្លងទៅប្រទេសវៀតណាម។
អ្នកភូមិតាំងម្លូ ឈ្មោះ កាឡាន បែង មានប្រសាសន៍ថា សកម្មភាពនោះកើតមានតាំងពីខែកុម្ភៈ ឆ្នាំ២០១០ រហូតមកទល់នឹងថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ។ អ្នកភូមិនៅតែប្រទះឃើញជនជាតិវៀតណាមចូលមកជញ្ជូនឈើនោះដដែល។ អ្នកភូមិចោទប្រកាន់ទៅលើតម្រួតព្រំដែនយោធា និងប៉ូលិសប៉ុស្តិ៍ព្រំដែនផាតាមក្រោមថា ជាអ្នកឃុបឃិតបើកដៃ...។
កាលពីថ្ងៃអាទិត្យ ទី២៨ មីនា អ្នកភូមិតាំងម្លូមានគ្នា ៤នាក់បានទៅពិនិត្យមើលសកម្មភាពកាប់ឈើនៅតំបន់នោះឲ្យដឹងថា ឈើដែលគេកាប់នោះជាប្រភេទឈើចម្រុះមានធ្នង់ នាងនួន ឈើក្រំ ។ល។ នៅចំណុចក្នុងព្រៃចម្ងាយជាង ៧គីឡូម៉ែត្រពីភូមិ និងចម្ងាយ ៣គីឡូម៉ែត្រពីតំបន់ព្រំដែន។
ក្រុមអ្នកកាប់និងដឹកជញ្ជូនឈើជាជនជាតិវៀតណាម មានគ្នាជាក្រុមពី ៧ ទៅ ១០នាក់។ ពួកគេប្រើប្រាស់ម៉ាស៊ីនកាត់ឈើមូល ហើយអារជាឈើជ្រុងនិងយកកង់សម្រាប់ជិះទៅច្នៃដាក់សំបកកង់ទំហំធំ ធ្វើរានសម្រាប់ដាក់ឈើពីលើពី៣ ទៅ ៥ផ្លាន ហើយនាំគ្នាពី ៥ ទៅ ៧នាក់រុញកង់ដឹកជញ្ជូនឈើពីព្រៃមកគរទុកនៅកំពង់ទឹកផាតាម មានបរិមាណប្រមាណ ៣០ម៉ែត្រគូប ចម្ងាយប្រមាណ ៥០០ម៉ែត្រពីប៉ុស្តិ៍យោធានិងនគរបាលការពារព្រំដែនខ្មែរនៅទីនោះ ដើម្បីបន្តដឹកជញ្ជូនឆ្លងទឹកទៅកាន់ទឹកដីវៀតណាម។
អ្នកភូមិឲ្យដឹងដូច្នេះ ៖ «ឈើហ្នឹងគេធ្វើដោយចំហ ដូចថា ដោយមានប៉ូលិសនិងទាហានជាបង្គោល ធ្វើឲ្យប្រជាពលរដ្ឋមិនហ៊ានលូកដៃ»។
វិទ្យុអាស៊ីសេរីមិនអាចស្វែងរកមន្ត្រីយោធានិងនគរបាលការពារព្រំដែនប៉ុស្តិ៍ផាតាម ដើម្បីបំភ្លឺបញ្ហានេះបានភ្លាមៗទេ ក៏ប៉ុន្តែមេបញ្ជាការយោធាខេត្តរតនគិរី លោក ម៉ុង ថែន មានប្រសាសន៍ថា លោកមិនបានទទួលសេចក្ដីរាយការណ៍ណាមួយពីករណីនេះទេ។ លោកបញ្ជាក់ថា នឹងចាត់មន្ត្រីទៅពិនិត្យមើលសេចក្ដីរាយការណ៍នេះ។
លោក ម៉ុង ថែន មានប្រសាសន៍ដូច្នេះ ៖ «កម្លាំងខ្ញុំនៅទីនេះក៏កំពុងតែធ្វើការត្រួតពិនិត្យ បង្ក្រាបគ្រប់កន្លែង នៅនោះខ្ញុំមិនទាន់ដឹងទេ»។
ចំណែកស្នងការរងប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកកិច្ចការព្រំដែនលោក ស៊ូ វ៉ាន់ខាំវ៉ាន់ មានប្រសាសន៍ដែរថា លោកនឹងចាត់មន្ត្រីត្រួតពិនិត្យករណីនេះនៅថ្ងៃនេះ មិនអាចឲ្យបទល្មើសនៅទីនោះកើតមានទេ។
អាជ្ញាធរខេត្តរតនគិរី តាំងពីថ្ងៃទី២២ ខែមីនា បានបើកយុទ្ធនាការបង្ក្រាបនិងរឹបអូសឈើប្រណីតខុសច្បាប់ជាង ៤០០ម៉ែត្រគូបហើយពីក្រុមជនល្មើសលាក់ទុកក្នុងព្រៃ ក្នុងចម្ការនិងតាមគេហដ្ឋានពលរដ្ឋមួយចំនួន ក៏ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីការចាប់ឃាត់ខ្លួនជនល្មើសណាម្នាក់នោះទេ។
កាលពីដើមឆ្នាំ២០១០ មន្ត្រីក្រុមប្រឹក្សាឃុំញ៉ាង ស្រុកអណ្តូងមាស បានស្ទាក់ឃាត់រថយន្តដឹកជញ្ជូនឈើប្រណីតនាំទៅកាន់ប្រទេសវៀតណាម ដោយបុគ្គលជាមន្ត្រីប៉ូលិសនិងយោធាក្នុងមូលដ្ឋាននោះ។ ប៉ុន្តែក្រុមអ្នកដឹកឈើប្រើអំណាចគំរាមមន្ត្រីក្រុមប្រឹក្សាឃុំវិញ។
អ្នកភូមិតាំងម្លូ មានប្រសាសន៍ថា ពួកគាត់ចង់ឲ្យមានការបញ្ឈប់សកម្មភាពលួចកាប់ឈើក្នុងដីខ្មែរដើម្បីរក្សាព្រៃឈើ៕