សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​បន្ត​កើត​មាន​នៅ​ក្រចេះ

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ឆ្លង​កាត់​ខេត្ត​ក្រចេះ នៅ​តែ​បន្ត​កើត​មាន ក្រោយ​ពិធី​បុណ្យ​ចូល​​ឆ្នាំ​ចិន និង​វៀតណាម ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ហាក់​គ្មាន​វិធានការ​បង្ក្រាប​នោះ​ឡើយ។

0:00 / 0:00

​លោក នូ សីហា ជា​តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ស្រុក​ចិត្តបុរី ខេត្ត​ក្រចេះ។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ថា សកម្មភាព​​ដឹក​ជញ្ជូន​ឈើ​ប្រណិត​តាម​រថយន្ត​នៅ​ពេល​យប់​ កំពុង​ចរាចរណ៍​ក្នុង​ខេត្ត​ក្រចេះ ហើយ​សកម្មភាព​ទាំង​នោះ​មិន​ទាន់​ឃើញ​សមត្ថ​កិច្ច​បង្ក្រាប​នោះ​ទេ។

លោក​អះអាង​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត ឈ្មួញ​បាន​ដឹក​ឆ្លង​កាត់​ប៉ុស្តិ៍​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ឆ្លង​កាត់​ប៉ុស្តិ៍​ប៉ូលិស ឬ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ជាដើម ពិសេស​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម បាន​បញ្ចប់។

ពលរដ្ឋ​រូប​នេះ​បាន​ចោទ​មន្ត្រី​ជំនាញ​ពី​គ្រប់​ស្ថាប័ន​នៃ​ខេត្ត​ក្រចេះ ថា បាន​ទទួល​សំណូក​លុយ​កាក់​ប្រចាំ​ខែ​ពី​ឈ្មួញ​ ទើប​បទ​ល្មើស​ព្រៃ​ឈើ​អាច​ធ្វើ​សកម្មភាព​ទៅ​បាន។ លោក​ថា ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​​ដែល​ធ្វើ​សកម្មភាព​នា​មូលដ្ឋាន​នេះ គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​មន្ត្រី​មាន​ឥទ្ធិពល​ក្នុង​ស្ថាប័ន​យោធា ប៉ូលិស និង​ស្ថាប័ន​កង​រាជ​អាវុធហត្ថ​ក្នុង​ខេត្ត​នេះ។

លោក នូ សីហា បន្ថែម៖ «របៀប​ដូច​ថា មន្ត្រី​ប៉ូលិស ឬ​ទាហាន​នៅ​ក្នុង​អង្គភាព មន្ទីរ ដើរ​យក​លុយ​ពី​រថយន្ត​ដឹក​ឈើ។ តែ​បើ​សមត្ថកិច្ច​ជំនាញ​ដូច​ជា​ខាង​រដ្ឋបាល​ព្រៃឈើ ឬ​ប៉េអឹម​ប្រចាំការ​នៅ​តាម​ប៉ុស្តិ៍ ប្រហែល​ជា​ឈ្មួញ​បង់​ខែ​ឲ្យ​ហើយ។ ពួក​នេះ​មិន​ឆ្វេចឆ្វាច​ដេញ​ចាប់​ឡាន​ទេ ឡាន​ដឹក​ឈើ​បរ​ប្រុយៗ ហើយ​ថ្នាក់​លើ ថ្នាក់​ចៅហ្វាយ​ខេត្ត ឬ​ថ្នាក់​ស្នងការ​ជា​ដើម នាំ​គ្នា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ​អស់​រលីង។ អ្នក​ក្រ​នៅ​តែ​ក្រ អ្នក​មាន​នៅ​តែ​មាន​ដដែល»

តំណាង​ពលរដ្ឋ​ស្រុក​ចិត្តបុរី បាន​បញ្ជាក់​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ឆ្លង​កាត់​ខេត្ត​ក្រចេះ មាន​ចំនួន​ច្រើន​ឡើងៗ ក្រោយ​​ថ្ងៃ​បុណ្យ​ចូល​​​ឆ្នាំ​ចិន​រួច។ រថយន្ត​ដឹក​ឈើ​ទាំង​នោះ ភាគ​ច្រើន​ជា​ប្រភេទ​រថយន្ត​សេរី​ទំនើបៗ។

តំណាង​ពលរដ្ឋ​បាន​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ​បទបញ្ជា​លុប​បំបាត់​បទ​ល្មើស​ព្រៃ​ឈើ​សា​ឡើង​វិញ ព្រោះ​​បទបញ្ជា​នេះ ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ។

ទាក់ទង​បញ្ហា​នេះ លោក សូយ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ក្រចេះ ធ្លាប់​បាន​អះអាង​ថា មន្ត្រី​ជំនាញ​របស់​លោក​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដែល​ធ្វើ​សកម្មភាព​ឆ្លង​កាត់​ខេត្ត​ក្រចេះ។ លោក​ថា វិធានការ​បង្ក្រាប​មន្ត្រី​ជំនាញ​កំពុង​ជំរុញ​សកម្មភាព​មិន​ធ្វេសប្រហែស​ទេ។

​បទល្មើស​ព្រៃ​ឈើ​នេះ​ដែរ លោក ខាំ ភឿន ជា​អភិបាល​ខេត្ត​ក្រចេះ បញ្ជាក់​ថា មន្ត្រី​ជំនាញ​កំពុង​ជំរុញ​សកម្មភាព​​​​បង្ក្រាប​​បទល្មើស​ឈើ​ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ព្រោះ​ថា បទបញ្ជា​លុប​បំបាត់​បទល្មើស​ព្រៃ​ឈើ​ដែល​ប្រមុខ​ដឹកនាំ បាន​ដាក់​ចេញ​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក ខាំ ភឿន បន្ថែម៖ «កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ប្រតិបត្តិការ​លើ​បញ្ហា​បទល្មើស​ព្រៃ​ឈើ​នេះ ហើយ​យើង​តែង​ចាប់​បាន​ឈើ​​ដែល​ឈ្មួញ​លាក់​ទុក​បម្រុង​នាំ​ចេញ គឺ​កំពុង​ប្រមូល​មក​ទុក​នៅ​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ ឬ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដែល​នៅ​ជិត។ កំពុង​ប្រតិបត្តិ​រាល់​ថ្ងៃ ពិសេស​ខាង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រចេះ»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​មក​ពី​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ​​មាន​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​គ្មាន​ជំនឿ​ថា បទបញ្ជា​​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ អាច​មាន​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​អនុវត្ត​តាម​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ ព្រោះ​បទបញ្ជា​របស់​លោក​ដែល​បាន​ដាក់​ចេញ​កន្លង​មក មាន​តែ​នៅ​លើ​ក្រដាស ឬ​បបូរ​មាត់​ទេ តែ​ការ​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព។

ទោះ​ជា​បែប​នេះ​ក្តី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​ធ្លាប់​ព្រមាន​ធ្វើ​ឃាត​ខ្លួន​ឯង បើ​រាល់​បទបញ្ជា​របស់​លោក​ដែល​បាន​ដាក់​ចេញ ហើយ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព ឬ​មិន​អនុវត្ត​បាន​នោះ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ៖ «បើ​មិន​គោរព ក៏​សូម​សាក បើ​មិន​ដក​យក​ព្រៃ​បិទ​រោងចក្រ​ទេ ខ្ញុំ​ហ៊ាន​កាត់​ក​ខ្ញុំ​ចោល ព្រោះ​នេះ​ជា​សម្ដី​នាយករដ្ឋមន្ត្រី។ ខ្ញុំ​សុខ​ចិត្ត​ចំណាយ​អី​ក៏​ចំណាយ​ទៅ តែ​រឿង​ចាញ់​ដោយ​ការ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​មិន​បាន​ធ្វើ​នេះ គឺ​ខ្ញុំ​មិន​ព្រម​ចាញ់​ទេ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ដែរ។ បើ​ធ្វើ​អ្វី​មួយ​ហើយ ហ៊ុន សែន ហ៊ាន​និយាយ គឺ​ហ៊ាន​ធ្វើ»

ទោះ​យ៉ាង​ណា ពលរដ្ឋ​បាន​អះអាង​ថា បទល្មើស​ព្រៃ​ឈើ​ដែល​ធ្វើ​សកម្មភាព​នា​មូលដ្ឋាន​ខេត្ត​ក្រចេះ សមត្ថកិច្ច​ជំនាញ​គ្រប់​ផ្នែក​ក្នុង​ខេត្ត​នេះ មិន​ពិបាក​បង្ក្រាប​ទេ ឲ្យតែ​មាន​ឆន្ទៈ​ពិត​ប្រាកដ ព្រោះ​ឈ្មួញ​បាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ របស់​ជំនាញ​​រាល់​យប់ ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​ស្គាល់​អត្តសញ្ញាណ​ឈ្មួញ​ឈើ​ប្រណិត​ទាំង​នោះ​អស់​ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។