តំណាងសមាគមការពារជនជាតិដើមភាគតិចព្នង និយាយថា ការដាក់ញត្តិទៅរដ្ឋសភានេះ គឺដើម្បីស្នើសុំប្រធានរដ្ឋសភា គឺលោក ហេង សំរិន កោះអញ្ជើញលោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា សុំទោសជាសាធារណៈនៅអ្វីដែលលោកប្រមាថមើលងាយជនជាតិព្នង ថាជាមនុស្សព្រៃផ្សៃនៅពេលដែលតំណាងរាស្ត្ររូបនេះបានពោលពេបជ្រាយឲ្យមន្ត្រីបក្សប្រឆាំងនៅវិមានរដ្ឋសភា ថាជាមនុស្សព្នងនោះ។
នៅក្នុងលិខិតរួមគ្នាមួយរបស់អង្គការ និងសមាគម ដូចជាសមាគមយុវជនជនជាតិដើមភាគតិច អង្គការលើកស្ទួយវប្បធម៌ជនជាតិដើមភាគតិចកួយ សមាគមខ្មែរលើ និងក្រុមការងារជនជាតិដើមភាគតិចកម្ពុជា ដែលដាក់ទៅរដ្ឋសភានៅថ្ងៃទី២២ ខែវិច្ឆិកា ឲ្យដឹងថា ពួកគេស្នើសុំឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភា អន្តរាគមន៍ឲ្យលោក ឈាង វុន តំណាងរាស្ត្រខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា សុំទោសជនជាតិដើមភាគតិចព្នងជាសាធារណៈ។
ក្រៅពីការសុំទោស ពួកគាត់ក៏ស្នើឲ្យតំណាងរាស្ត្ររូបនេះត្រូវដក់ពាក្យដែលបានលើកឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរដ្ឋសភា ថាព្រៃផ្សៃដូចព្នងនោះចេញ។
លិខិតបន្តថា ការប្រើប្រាស់សារបែបនេះ គឺបង្ហាញន័យថាជនជាតិព្នងគឺជាមនុស្សព្រៃផ្សៃ មិនមានការយល់ដឹង គ្មានចំណេះវិជ្ជា និងជាមនុស្សឃោរឃៅ។ បើតាមលិខិតដែលដាក់ជាផ្លូវការចូលដល់សភានៅថ្ងៃព្រហស្បតិ៍ នេះ ចាត់ទុកថា ខ្លឹមសារដែលបានលើកឡើងនោះ គឺជាការប្រមាថមើលងាយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការរើសអើងពូជសាសន៍ជនជាតិព្នងយ៉ាងធ្ងន់ធ្ងរបំផុតនៅកម្ពុជា។
ក៏ប៉ុន្តែ លោក ឈាង វុន ដែលរងការចោទថាបានប្រមាថមើលងាយដល់ជនជាតិព្នងនោះ បង្ហាញថា សារដែលលោកបានលើកឡើងជាសាធារណៈនោះ គឺមិនសំដៅដល់ការមើលស្រាលជនជាតិព្នងនោះទេ។ បើតាមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនរូបនេះ ឲ្យដឹងថា អ្វីដែលលោកថ្លែងនៅរដ្ឋសភានោះ គឺជាការឆ្លើយតបចំពោះមន្ត្រីបក្សប្រឆាំងដែលមិនយល់សាច់ការប៉ុណ្ណោះ។
លោក ឈាង វុន៖ «នៅក្នុងរដ្ឋសភា ខ្ញុំឆ្លើយហើយឆ្លើយជាសាធារណៈនៅរដ្ឋសភា ហើយខ្ញុំនឹងមិនខ្លាចនិយាយថែមទៀតទេ។ អ្នកដែលមិនគោរពច្បាប់ អ្នកដែលអង្គុយលើច្បាប់ ហើយជិះជាន់ច្បាប់ ហើយក្នុងនាមខ្លួនជាអ្នកតំណាងរាស្ត្រ ពេលដែលខ្លួននិយាយខុសនីតិវិធីច្បាប់ ពេលដែលគេនិយាយ ខ្លួនទះតុអាឡេអាឡូ អាហ្នឹងហើយជាឥរិយាបថព្នង ហើយឥតមានពាក់ព័ន្ធបងប្អូនជនជាតិនៅភូមិភាគឦសានទេ គាត់មិនមែនព្នងទេ»។
អ្នកស្រី យុន ម៉ាណេ ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា និងជាតំណាងឲ្យអង្គការ និងសមាគមដែលបានដាក់ញត្តិទៅរដ្ឋសភា នៅថ្ងៃទី២២ វិច្ឆិកា ប្រតិកម្មថា លោក ឈាង វុន មិនគួរខឹងអ្នកដទៃ ហើយបញ្ច្រាសទិសសំដៅរកជនជាតិព្នងដែលពុំមានកំហុសនោះទេ៖ «អ៊ីចឹងឃើញថា គាត់អត់ព្រមទទួលស្គាល់ ហើយគាត់មិនព្រមសុំទោស។ អ៊ីចឹងមានតែឲ្យសម្ដេច ហេង សំរិន ដើម្បីគាត់ជួយធ្វើអន្តរាគមន៍ ដើម្បីសុំឲ្យឯកឧត្ដម ឈាង វុន ហ្នឹង ត្រូវតែសុំទោសដាច់ខាតចំពោះជនជាតិដើមភាគតិចព្នងចាស់ ពីព្រោះខ្ញុំគិតថា គាត់មិនទាន់បានយល់អំពីរឿងជនជាតិដើមភាគតិចនៅក្នុងស្រុកខ្មែរអស់ទេ»។
មន្ត្រីបម្រើការផ្នែករដ្ឋបាលនៅរដ្ឋសភា លោក ម៉ិច ស្រេង មានប្រសាសន៍ថា លិខិតដែលស្នើសុំមករដ្ឋសភារបស់អង្គការ និងសមាគម លោកបានទទួលហើយនៅថ្ងៃទី២២ វិច្ចិកា។ ទោះជាបែបណា លោកមិនដឹងថា តើប្រធានរដ្ឋសភានឹងឆ្លើយតបនៅពេលណានោះទេ?៖ «ខ្ញុំអត់ទាន់បានដឹងទេ ព្រោះខ្ញុំទើបបានទទួលមុនហ្នឹង ប្រហែលជា ១៥នាទី ២០នាទីណាបងបាទ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យគិតថា នេះគឺជាការទទួលខុសត្រូវរបស់លោក ហេង សំរិន ដែលជាប្រធានរដ្ឋសភា មិនគួរទុកឲ្យគូរវិវាទបន្តភាពតឹងតែង និងជះទឹកដាក់គ្នា នាំឲ្យប៉ះពាល់ដល់អ្នកដទៃដូច្នេះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។