ក្រុមអ្នកកាសែតជើងចាស់ចំនួន ៣១នាក់ ដែលកំពុងតែនៅមានជីវិតរស់សល់ពីសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា បានមកជួបជុំគ្នានៅក្នុងពិធីមួយនៅរាជធានីភ្នំពេញ ដើម្បីរំឭកវិញ្ញាណក្ខន្ធដល់ក្រុមអ្នកកាសែតនានា ដែលបានស្លាប់កាលពីក្នុងសង្គ្រាមកាលពី ៤០ឆ្នាំមុន ហើយគេគ្រោងនឹងសាងសង់ស្តូបអនុស្សាវរីយ៍ដើម្បីរំឭកការចងចាំដល់អ្នកស្លាប់ទាំងនោះ។
ពិធីនោះបានប្រព្រឹត្តទៅរយៈពេលប្រមាណ ២ម៉ោង ក្នុងសភាពក្ដុកក្ដួលនៅក្នុងចំណោមអ្នកកាសែតជើងចាស់ដែលនៅរស់ ដោយអ្នកខ្លះបានសម្រក់ទឹកភ្នែកនៅក្នុងពិធីនោះផង។
មានព្រះសង្ឃចំនួន ៥អង្គត្រូវបាននិមន្តឲ្យសូត្រធម៌ និងបង្សុកូល ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អ្នកកាសែតជើងចាស់ ៣១នាក់ និងក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ សរុបជិត ១០០នាក់បានមកចូលរួមនៅក្នុងពិធីនោះ។
លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសកម្ពុជា និងជាមន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាលផង បានមានប្រសាសន៍នៅក្នុងពិធីនោះថា ៖ «ដើម្បីរំឭកដល់អ្នកដែលបានស្លាប់ហ្នឹង។ យើងធ្វើជា ៥ថ្នាក់ គឺ១ថ្នាក់តំណាង១ឆ្នាំ គឺពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គឺអ្នកដែលស្លាប់នៅឆ្នាំណាយើងដាក់នៅឆ្នាំហ្នឹងតែម្ដង។ ប៉ុន្តែអ្នកដែលបានស្លាប់ច្រើនជាងគេ គឺនៅក្នុងឆ្នាំ១៩៧០ ហើយនិងឆ្នាំ១៩៧១ ដែលមានអ្នកស្លាប់ច្រើន»។
សុខ សេរី ៖ ហេតុអ្វីបានជាយើងយកជម្រើសទីកន្លែងនេះ? ខៀវ កាញារីទ្ធ ៖ ដោយសារថា ទីកន្លែងសណ្ឋាគារ Le Royal នេះ គឺទីកន្លែងចុងក្រោយរបស់អ្នកកាសែតជួបជុំគ្នា ហើយអ្នកកាសែតមកទីនេះ គឺដោយសារថា ក្រសួងឃោសនាការពីដើមគឺនៅជិតហ្នឹងស្រាប់។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ឆាំង សុង នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ ឬសម័យសាធារណរដ្ឋគ្រប់គ្រងដោយលោកសេនាប្រមុខ លន់ នល់ បានមានប្រសាសន៍ជាភាសាអង់គ្លេសនៅក្នុងពិធីនោះថា ៖ "យើងមានជម្រើសល្អសម្រាប់ទីកន្លែងរំឭកវិញ្ញាណក្ខន្ធនេះ។ គ្មានទីកន្លែងណាប្រសើរជាងទីកន្លែងនេះទេ។ យើងសូមអរគុណដល់ក្រសួងព័ត៌មាន សាលាក្រុងភ្នំពេញ និងក្លឹបអ្នកកាសែតកម្ពុជា ដែលបានរៀបចំពិធីនេះ"។
លោក ធីម ផេក្យ (Tim Page) អ្នកកាសែតជើងចាស់ម្នាក់ អាយុ ៦៦ឆ្នាំរបស់ទស្សនាវដ្ដីឈ្មោះ Time Life របស់អាមេរិកាំង ដែលនៅមានជីវិតពីសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ បានមានប្រសាសន៍ថា ៖ "អ្នកប្រហែលជានៅក្មេងពេកមិនចងចាំអំពីសង្គ្រាមនោះទេ។ សង្គ្រាមមិនល្អទេ។ នៅពេលណាដែលអ្នកបានចប់សង្គ្រាម នៅពេលនោះអ្នកធ្វើកិច្ចការដើម្បីសន្តិភាព"។
នៅក្នុងពិធីនោះដែរ លោក គង់ វន អាយុ ៧៣ឆ្នាំ ជាអតីតអ្នកកាសែតខ្មែររបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ឈ្មោះ Kyodo News កាលពីសម័យសង្គ្រាមនោះបានមានប្រសាសន៍ថា ៖ «នៅក្នុងនោះមានលោក យ៉ង់ សំឡេង ជាអ្នកជំនួយការឲ្យCBS News បានស្លាប់នៅផ្លូវជាតិលេខ៣ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៧០។ ទី២ លោក ឈឹម សារ៉ាត់ ជាមិត្តភក្ដិរួមការងាររបស់ខ្ញុំបានបាត់ខ្លួន ហើយសន្មតថា បានស្លាប់នៅផ្លូវជាតិលេខ១ កាលពីថៃ្ងទី២៥ ខែមេសា ឆ្នាំ១៩៧២។ លោកធ្វើការជាអ្នកបកប្រែឲ្យ UPI»។
គេបានកត់សម្គាល់ឃើញថា នេះជាលើកដំបូងហើយនៅក្នុងរយៈពេល ៤០ឆ្នាំ តាំងពីឆ្នាំ១៩៧០មក ដែលរដ្ឋាភិបាលកម្ពុជា និងក្លឹបអ្នកកាសែតនៅក្នុងប្រទេសកម្ពុជា បានរៀបចំឲ្យមានពិធីជួបជុំអ្នកកាសែតជើងចាស់នៅរស់ពីសម័យសង្គ្រាមរហូតមកដល់ពេលនេះ។
ឯកសារដែលវិទ្យុអាស៊ីសេរីទទួលបាន បានឲ្យដឹងថា បញ្ជីឈ្មោះអ្នកកាសែតជើងចាស់ដែលបានស្លាប់នៅក្នុងសម័យសង្គ្រាម ៤០ឆ្នាំមុននេះ មានចំនួន ៣៧នាក់ នៅក្នុងនោះមានជនជាតិអាមេរិកាំង អង់គ្លេស អូស្ត្រាលី ជប៉ុន និងជនជាតិខ្មែរ ដែលបានតាមដានយកព័ត៌មានអំពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥។
អ្នកកាសែតទៅរំឭកវិញ្ញាណក្ខន្ធសហការីដែលត្រូវបានសម្លាប់នៅកំពង់ស្ពឺ
មានសាច់ញាតិ ព្រមទាំងអ្នកកាសែតបរទេស និងអ្នកកាសែតខ្មែរចំនួនជាង ៣០នាក់ នៅថ្ងៃទី២២ ខែមេសា បាននាំគ្នាទៅរំឭកវិញ្ញាណក្ខន្ធអតីតសហការីរបស់ខ្លួនប្រាំរូបដែលត្រូវពួកខ្មែរក្រហមសម្លាប់នៅខេត្តកំពង់ស្ពឺ ក្នុងពេលបំពេញការងារក្នុងសង្គ្រាមនៅកម្ពុជា ដើមទសវត្សរ៍១៩៧០។

ក្នុងពិធីរំឭកវិញ្ញាណក្ខន្ធអតីតអ្នកកាសែតដែលស្លាប់ក្នុងសម័យសង្គ្រាម អ្នកកាសែតទាំងនោះបាននិមន្តលោកបង្សុកូល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០១០ នៅភូមិពោធិ៍ធំ ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលជាកន្លែងអ្នកទាំងនោះត្រូវកងទ័ពខ្មែរក្រហមសម្លាប់ក្នុងឆ្នាំ១៩៧៣។
ភរិយារបស់អតីតប្រធានកាសែត Kyodo ប្រចាំកម្ពុជាមួយរូប ឈ្មោះ គូគី អ៊ីហ្ស៊ីយ៉ាម៉ា (Koki Ishiyama) គឺអ្នកស្រី យ៉ូកូ អ៊ីហ្ស៊ីយ៉ាម៉ា (Yoko Ishiyama) ដែលបានចូលរួមក្នុងពិធីរំឭកវិញ្ញាណក្ខន្ធនេះ មានប្រសាសន៍ថា ៖ "ប្ដីរបស់ខ្ញុំស្លាប់នៅប្រទេសកម្ពុជា ក្នុងខេត្តកំពង់ស្ពឺ។ ដូច្នេះខ្ញុំមកទីនេះដើម្បីរំឭកវិញ្ញាណក្ខន្ធគាត់"។
សាក្សីវ័យ ៧០ឆ្នាំមួយរូប ឈ្មោះ សុខ សម្បត្តិ ដែលជាអ្នកភូមិពោធិ៍ធំ បានរំឭកអំពីហេតុការណ៍នៃអ្នកកាសែតទាំងនោះឡើងវិញដូច្នេះ ៖ «កាលគេចាប់យកមកសម្លាប់ មិនមែនចាប់នៅទីហ្នឹងទេ។ ទ័ពគេហ្នឹងគេថា ចាប់ពីស័ង្កសីមក យកមកដាក់នៅសាលាវត្តពោធិ៍ហ្នឹងប្រហែលជាពីរយប់ទេ។ យប់ទីពីរហ្នឹងបាត់ខ្លួនតែម្ដង យកមកសម្លាប់ចោលទីហ្នឹង។ ឃើញកាលគេចាប់ចងយកមកមួយឡានមក ឡានតូច...។ កាលហ្នឹងមកប្រាំនាក់ហ្នឹង»។
អតីតអ្នកកាសែត The New York Times មួយរូប ជាជនជាតិខ្មែរឈ្មោះ កែវ ស៊ីថន មានប្រសាសន៍ថា ក្នុងចំណោម ៥នាក់ដែលបានសម្លាប់នៅភូមិពោធិ៍ធំនេះ គឺមានម្នាក់ជាខ្មែរ ៖ «ខ្មែរនៅទីនេះមានតែម្នាក់ទេ យ៉ង់ សំឡេង ហៅ ខ្ញី ខ្មែរអ្នកបាត់ដំបង»។
ស្របពេលនេះដែរ ការរំឭកវិញ្ញាណក្ខន្ធអតីតអ្នកកាសែតដែលស្លាប់នៅខេត្តកំពង់ស្ពឺនេះ ក៏ជាការរំឭកវិញ្ញាណក្ខន្ធរបស់អ្នកកាសែតជាង ៣០នាក់ផ្សេងទៀតដែរ ដែលបានស្លាប់ក្នុងសង្គ្រាមនៅកម្ពុជា ចន្លោះពីឆ្នាំ១៩៧០ ដល់ ១៩៧៥។
ក្រៅពីពិធីរំឭកវិញ្ញាណក្ខន្ធ ក្រុមអ្នកកាសែតជើងចាស់ក៏បានដាំដើមពោធិនៅទីនេះទុកជានិមិត្តរូបផងដែរ។
អតីតអ្នកកាសែត Los Angeles Times លោក ចេក ឡេស្សលី (Jacques Leslies) បញ្ជាក់អំពីការដាំដើមពោធិថា ៖ "វាជានិមិត្តរូបនូវការរស់ឡើងវិញ និងសង្ឃឹមថា បានធូរស្បើយឡើងវិញពីមហាសោកនាដកម្ម ដែលជាផ្នែកតូចមួយសម្រាប់អ្នកកាសែត ប៉ុន្តែសំខាន់គឺប្រជាជនកម្ពុជា។ សង្ឃឹមថា ការដាំដើមពោធិនេះគឺជានិមិត្តរូបនៃសករាជកម្ពុជាថ្មី ប្រកបដោយសុខដុមរមនា និងភាពរុងរឿង"។
របាយការណ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញថា ក្នុងសង្រ្គាមចន្លោះពីឆ្នាំ១៩៧០ ដល់ ១៩៧៥ មានអ្នកកាសែតបរទេស និងអ្នកកាសែតខ្មែរចំនួន ៣៧នាក់បានស្លាប់ និងបាត់ខ្លួន៕