នាយក​រដ្ឋមន្ត្រី​ជប៉ុន​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​កម្ពុជា​និង​ថៃ

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក យូគីយ៉ូ ហាតូយ៉ាម៉ា (Yukio Hatoyama) មាន​ការ​ខ្វាយខ្វល់​អំពី​ទំនាស់​ថ្មីៗ​នេះ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​លើ​បញ្ហា​ដែល​កម្ពុជា​ផ្តល់​តំណែង​ដល់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ។

មន្ត្រី​មួយ​រូប​នៃ​ក្រសួង​ការ​បរទេស​ជប៉ុន​បាន​មាន​ប្រសាសន៍​ប្រាប់​ទីភ្នាក់​ព័ត៌មាន អាអេហ្វប៉េ (AFP) ពី​ថ្ងៃ​សៅរ៍​ថា ក្នុង​ការ​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​ជប៉ុន​រវាង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​និង​កម្ពុជា​នោះ លោក ហាតូយ៉ាម៉ា មាន​ប្រសាសន៍​ថា លោក​ខ្វាយ​ខ្វល់​ចំពោះ​ស្ថានការណ៍​ថ្មីៗ​នេះ​រវាង​កម្ពុជា​និង​ថៃ ហើយ​រំពឹង​ថា បញ្ហា​ស្មុគស្មាញ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​នឹង​កាន់តែ​ល្អ​ប្រសើរ​ឡើង។

មន្ត្រី​ជប៉ុន​នោះ​បន្ត​ថា ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​នៅ​តាម​ព្រំដែន​គឺ​មាន​ស្ថិរភាព ថ្វីបើ​មាន​ការ​ប្រើ​ពាក្យ​សម្ដី​ដាក់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ពីរ​បី​ខែ​កន្លង​មក​នេះ​ក្តី។

មន្ត្រី​ជប៉ុន​នោះ​បន្ត​ទៀត​ថា នៅ​ជប៉ុន​គឺ​ពុំ​មាន​ការ​ជួប​ទ្វេ​ភាគី​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ឡើយ៕