ចំណែកលោក កឹម សុខា បានថ្លែងថា គណបក្ស សិទ្ធិមនុស្ស នឹងមិនដឹកនាំចលនាមហាជនឲ្យចូលរួមធ្វើបដិវត្តន៍ផ្កាម្លិះ ដែលអាចរុញច្រានពលរដ្ឋទៅរកការស្លាប់នោះទេ។ លោកថា លោកចង់ឃើញមានការផ្លាស់ប្ដូរមេដឹកនាំប្រទេសតាមរយៈការបោះឆ្នោត ដែលមានលក្ខណៈសេរី និងយុត្តិធម៌។
ទោះជាយ៉ាងក្ដី លោក កឹម សុខា បញ្ជាក់ថា ប្រសិនបើមានការលួចបន្លំសន្លឹកឆ្នោត ឬអំពើអយុត្តិធម៌កើតមាននៅក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ រូបលោកនឹងថ្នាក់ដឹកនាំគណបក្ស សិទ្ធិមនុស្ស នឹងមិននៅស្ងៀម ឈរអោបដៃមើលអំពើអយុត្តិធម៌ទាំងនោះឡើយ។
ការអះអាងរបស់លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដូច្នេះបានធ្វើឡើងក្រោយបិទបញ្ចប់សន្និបាតក្រុមប្រឹក្សាជាតិលើកទី២ របស់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១១ នៅទីស្នាក់ការកណ្ដាល នាទីក្រុងភ្នំពេញ។ លោក កឹម សុខា បានសង្កត់ធ្ងន់ថា បក្សគណបក្សសិទ្ធិមនុស្សចង់ធ្វើការផ្លាស់ប្ដូរមេដឹកនាំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កើតចេញពីការបោះឆ្នោតមានលក្ខណៈសេរី យុត្តិធម៌ និងត្រឹមត្រូវ។
លោកបន្តថា រូបលោក និងថ្នាក់ដឹកនាំបក្សសិទ្ធិមនុស្សដទៃទៀត មិនចង់ផ្លាស់ប្ដូរមេដឹកនាំប្រទេស ដោយប្រើកម្លាំងប្រជាពលរដ្ឋ ដូចគណបក្សសមរង្ស៊ីធ្លាប់មានគម្រោងដឹកនាំកម្លាំងពលរដ្ឋធ្វើបដិវត្តន៍ផ្កាម្លិះ ដើម្បីផ្លាស់ប្ដូររបបដឹកនាំនៅកម្ពុជានោះទេ ៖ «គណបក្សប្រជាជនមួយចំនួននៅក្នុងមូលដ្ឋានដែលបានភ្ញាក់រលឹកព្រួយបារម្ភពីបញ្ហាជាតិក៏បានចូលមកដែរ។ ដូច្នេះយើងឃើញថា គណបក្សសិទ្ធិមនុស្ស ជាគូប្រកួតទន្ទឹមជាមួយគណបក្សប្រជាជនហើយ»។
ជំហររបស់លោក កឹម សុខា ដូច្នេះបានផ្ទុយស្រឡះពីជំហររបស់លោកសមរង្ស៊ី ដែលមានផែនការដឹកនាំកម្លាំងពលរដ្ឋឲ្យចូលរួមធ្វើបដិវត្តន៍បះបោរ ដើម្បីទម្លាក់មេដឹកនាំរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ដើម្បីឈានទៅដឹកនាំប្រទេសដោយខ្លួនឯង។
លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីនៅក្នុងពិធីសម្ពោធទីស្នាក់ការថ្មីគណបក្សសមរង្ស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា បានថ្លែងពីប្រទេសទុយណេស៊ី ជាទីដែលលោកបានធ្វើទស្សនកិច្ចស្វែងយល់ពីចលនាប្រជាជនទុយណេស៊ី ឈានដល់ទម្លាក់មេដឹកនាំផ្ដាច់ការរបស់ខ្លួន។
លោក សម រង្ស៊ី បានបន្តថា មានលើកយកយុទ្ធសាស្ត្រ ៣ចំណុច ដើម្បីផ្លាស់ប្ដូរមេដឹកនាំប្រទេស គឺតាមរយៈការបោះឆ្នោត ការបំផុសចលនាមហាជនធ្វើបដិវត្តផ្កាម្លិះ ដូចដែលពលរដ្ឋនៅប្រទេសអេហ្ស៊ីប យេមែន និងទុយណេស៊ី បានធ្វើសកម្មភាព បើសិនការបោះឆ្នោតឆ្នាំ២០១២ និងឆ្នាំ២០១៣ មិនត្រឹមត្រូវ មិនយុត្តិធម៌ និងចុងក្រោយត្រូវប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់តុលាការអន្តរជាតិ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកក្កដា នាវិមានសន្តិភាព រាជធានីភ្នំពេញ បានព្រមានចាត់វិធានការណ៍ធ្ងន់ធ្ងរ ចំពោះមេដឹកនាំបក្សប្រឆាំងទាំងឡាយ ដែលចង់ផ្ដួលរំលំរដ្ឋាភិបាល ដោយប្រើយុទ្ធសាស្ត្រចលនាមហាជន ដូចដែលបណ្ដាប្រទេសមួយចំនួនបានប្រើនៅលើពិភពលោក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះ ៖ «ខ្ញុំឡើងតាមរដ្ឋធម្មនុញ្ញ ខ្ញុំចុះទៅវិញក៏តាមរដ្ឋធម្មនុញ្ញ។ ខ្ញុំឡើងតាមរយៈការបោះឆ្នោតដោយប្រជាជន ខ្ញុំចុះទៅវិញក៏តាមការសម្រេចរបស់ប្រជាជនតាមរយៈការបោះឆ្នោត។ សូមផ្ដាំលោកឯងចង់លេងអាផ្កាម្លិះលោកឯងមានប៉ុន្មានចេញមក។ ខ្ញុំដឹងថាអ្នកឯងចង់លេងអាផ្កាម្លិះធុនទុយណេស៊ី លីប៊ី លោកឯងចង់លេងៗ មកជាមួយស្រុកខ្មែរលេងទៅ។ មនុស្សគាំទ្ររាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនទៅណាអស់។ អាហ្នឹងក្រែងធ្លាប់លេងគ្នាម្តងហើយតើ កាលពីឆ្នាំ១៩៩៨»។
ទោះយ៉ាងនេះក្ដី អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាស្នើមិនបញ្ចេញឈ្មោះ និងសំឡេងបានថ្លែងថា នៅកម្ពុជា ការកៀងគរកម្លាំងពលរដ្ឋ ឬកម្លាំងមហាជនដើម្បីផ្លាស់ប្ដូរមេដឹកនាំប្រទេស ទំនងជាមិនអាចកើតមានទេ ព្រោះថ្នាក់ដឹកនាំរដ្ឋាភិបាលក្ដាប់អំណាចដុះស្លែច្រើនឆ្នាំនៅកម្ពុជា មិនអនុញ្ញាតឲ្យមានកម្លាំងពលរដ្ឋប្រមូលផ្ដុំគ្នាបានទេ។ ប៉ុន្តែបើកម្លាំងពលរដ្ឋប្រមូលផ្ដុំគ្នាដើម្បីបណ្ដេញមេដឹកនាំរដ្ឋាភិបាលមានកម្លាំងច្រើន ហើយត្រូវបានរដ្ឋាភិបាលប្រើកម្លាំងប្រដាប់អាវុធ បង្ក្រាបទៅលើពលរដ្ឋមានរូបភាពហិង្សាធ្ងន់ធ្ងរ ពេលនោះមានការលូកដៃពីអន្តរជាតិនោះ ដូច្នេះវាសនាមេដឹកនាំប្រទេសកម្ពុជា ក៏មិនខុសពីមេដឹកនាំប្រទេសអេហ្ស៊ីប យេមែន និងទុយណេស៊ី នោះដែរ៕