មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក និងជាតំណាងគណៈកម្មាធិការប្រព្រឹត្តិកម្ម បានឲ្យដឹងនៅថ្ងៃទី១០ ធ្នូ ថា អ្នកភូមិនៅតំបន់បន្ទាយរងៀងម្នាក់ក្នុងចំណោមអ្នកភូមិដទៃទៀត ត្រូវបានអាជ្ញាធរខែត្រកំពុងស្វែងរកចាប់ខ្លួន ព្រោះគេមិនទទួលយកគោលនយោបាយដោះដូរដីរបស់ខែត្រទេនោះ។
លោក ចាន់ សុវ៉េត បានឲ្យដឹងថា អាជ្ញាធរខែត្របានបង្ខំប្រជាពលរដ្ឋទាំងនោះឲ្យចាកចេញពីដីរដ្ឋដែលពួកគេបានរស់នៅជាច្រើនឆ្នាំមក ពុំបានធ្វើការសម្របសម្រួលណាមួយឲ្យបានសមស្របនោះទេ។ លោកបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នកាន់តែតឹងតែងទៅៗ ដោយមានកងកម្លាំងនៅពាសពេញភូមិ ហើយអ្នកភូមិមួយចំនួនកំពុងលាក់ខ្លួនក្នុងព្រៃ។
លោក ចាន់ សុវ៉េត បានឲ្យដឹងដូច្នេះ ៖ «ការប្រើកម្លាំងហ្នឹងវាត្រឹមត្រូវដែរឬទេ? ហើយមនុស្សមួយចំនួនទៀតដែលមិនព្រមនោះត្រូវដោះស្រាយយ៉ាងម៉េច? អ្នកដែលមិនទទួលយកនោះគឺមានការព្រួយបារម្ភពីការចាប់ខ្លួន»។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ សិលា បាននិយាយថា អាជ្ញាធរមិនឲ្យអ្នកស្រីដកដំឡូងមី ឬប្រមូលផលកសិឧស្សាហកម្មលើដីប្រជាពលរដ្ឋនោះទេ លុះត្រាតែព្រមចាកចេញលើដីនោះទៅនៅតំបន់ថ្មីនៅថ្មសំលៀងនោះសិន ៖ «កំញើញគ្នា រួចឲ្យគ្នាឡើងឡានមក ស្រាប់តែរុះផ្ទះរុះអីគ្នា»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនឹងអភិបាលរងខែត្រកំពង់ធំ លោក អ៊ុត សំអន បានទេ នៅថ្ងៃទី១០ ធ្នូ ប៉ុន្តែលោកធ្លាប់បានបដិសេធថា អាជ្ញាធរដែលចូលទៅក្នុងតំបន់ដីជម្លោះបន្ទាយរងៀង គឺគ្រាន់តែជួយសម្រួលដល់អ្នកភូមិក្នុងការរើអីវ៉ាន់ទៅនៅដីថ្មីនោះទេ។
យោធិនពិការជើងម្ខាងដែលប្រពន្ធរបស់លោកក៏ពិការជើងម្ខាងដែរនោះ គឺលោក ប៉ាន់ ប៉ា ដែលបានទៅនៅលើដីថ្មីដែលអាជ្ញាធរខែត្រផ្តល់ឲ្យទំហំ ២០ម x ៤០ម បានឲ្យដឹងថា លោកគ្មានជម្រើសអ្វីផ្សេងទេ មានតែទទួលយកការដោះដូរនេះ ហើយលោកក៏ដូចជាអ្នកភូមិមួយចំនួនទៀតរស់នៅលើដីថ្មីគ្មានទីជម្រកទេ ព្រោះគ្មានលុយសង់ផ្ទះសាជាថ្មី។
នាយកប្រតិបត្តិអង្គការការីតាស់កម្ពុជា លោក គឹម រតនា បានបញ្ជាក់ថា ដោយមានការស្នើសុំពីអាជ្ញាធរខែត្រ លោកបានចុះទៅស៊ើបអង្កេតប្រជាពលរដ្ឋនៅតំបន់ថ្មីថា តើអង្គការរបស់លោកអាចជួយអ្វីបានខ្លះដល់អ្នកទាំងនោះ។ លោកបានអះអាងថា យោធិនពិការទាំងនោះកំពុងខ្វះទឹកស្អាត ទីជម្រកនិងបញ្ហាសុខភាព ដែលពួកគាត់ក្រីក្រហើយបានផ្លាស់ទៅរស់នៅតំបន់ថ្មីនោះ។
កាលពីថ្ងៃទី៧ ធ្នូ តំណាងរាស្រ្តគណបក្សសមរង្ស៊ី មណ្ឌលកំពង់ធំ លោក ម៉ែន សុថាវរិន្រ្ទ បានផ្ញើលិខិតមួយច្បាប់តាមរយៈប្រធានរដ្ឋសភាជូនលោក ចាន់ សារុន ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីបំភ្លឺជុំវិញដីសម្បទានជាង៨៧ម៉ឺនហិកតាក្នុងខែត្រកំពង់ធំ ឲ្យទៅក្រុមហ៊ុនចំនួន១៩ ហើយបានចោទសួរថា តើក្រសួងបានទទួលផលប្រយោជន៍អ្វីខ្លះពីក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចនៅក្នុងខែត្រកំពង់ធំ សម្រាប់ជួយប្រជាពលរដ្ឋនៅតំបន់នោះ? តើក្រសួងបានរៀបចំយន្តការនិងមានវិធានការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនិងប្រជាពលរដ្ឋនោះ?៕