អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រចាំទីក្រុង Christiansand នៃប្រទេសន័រវ៉េ លោក អៀ ចាន់ណា ដែលជាអ្នកផ្ដួចផ្ដើមគំនិតឲ្យមានពិធីរំឭកវិញ្ញាណក្ខន្ធនេះឡើងថ្លែងថា ពលរដ្ឋខ្មែរទាំងអស់នៅនឹកឃើញអនុស្សាវរីយ៍ដ៏រន្ធត់ នៅគ្រាដែលទាហានថៃដឹកពលរដ្ឋខ្មែររាប់ម៉ឺននាក់យកទៅចាក់ទម្លាក់ និងបាញ់ចម្រុះពីលើខ្នងភ្នំដងរែកនោះមិនដែលភ្លេច។
លោក អៀ ចាន់ណា បានបញ្ជាក់ថា ៖ «ត្រូវបានទាហានថៃហ្នឹងបញ្ជូនត្រឡប់ទៅវិញ ដើម្បីឲ្យទៅស្លាប់។ អ្នកខ្លះស្លាប់ដោយសារត្រូវទាហានថៃបាញ់ អ្នកខ្លះស្លាប់ដោយសារធ្លាក់ពីលើភ្នំដងរែកជាដើម។ គាត់ទាំងអស់គ្នាមានទឹកចិត្តក្នុងការចូលរួម ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់វិញ្ញាណក្ខន្ធរបស់បងប្អូនខ្មែរទាំងអស់ហ្នឹង ឲ្យពួកគាត់បានទៅសុគតិភពទាំងអស់គ្នា»។
របាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ចំនួន ៤៩៤ទំព័រ ចេញផ្សាយនៅឆ្នាំ១៩៩៧ ថាយោធាថៃបានភ្ជង់ និងរុញទម្លាក់ជនភៀសខ្លួនខ្មែរប្រមាណ ៤ម៉ឺន៥ពាន់នាក់ រួមមានកូនក្មេង មនុស្សចាស់ជរា និងស្ត្រី ពីលើខ្នងភ្នំព្រះវិហារចូលក្នុងចម្ការមីន។
របាយការណ៍ដដែលនោះក៏បានដកស្រង់សេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃ លោកមេបញ្ជាការ គ្រៀងសាក់ ចូម៉ានន់ (Kriangsak Chomanan) នាដំណាក់កាលនោះ ដែលនិយាយថា រដ្ឋាភិបាលរបស់លោកនឹងបង្ខំចិត្តចាត់វិធានការលើជនភៀសខ្លួនខ្មែរ ដែលហូរចូលក្នុងប្រទេសថៃថែមទៀត ប្រសិនបើសហគមន៍អន្តរជាតិមិនឆ្លើយតបទៅនឹងការស្នើសុំរបស់ថៃ ដើម្បីជួយដោះស្រាយបញ្ហាជនភៀសខ្លួនខ្មែរឲ្យបានឆាប់រហ័ស ហើយថា ថៃមិនអាចទទួលបន្ទុកតែម្នាក់ឯងបានឡើយ។
លោក អៀ ចាន់ណា មានប្រសាសន៍បន្តថា លោកមានគម្រោងធ្វើកិច្ចការនេះបន្តទៅមុខទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងប្រមូលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឬគ្រួសារជនរងគ្រោះ ដើម្បីប្ដឹងទៅតុលាការអន្តរជាតិនៅទីក្រុងឡាអេ អំពីបទឧក្រិដ្ឋកម្មនេះ។
លោក អៀ ចាន់ណា បានអះអាងថា ៖ «ចំពោះមេដឹកនាំសៀមនៅក្នុងសម័យកាលហ្នឹងដែលធ្វើការកាប់សម្លាប់ទៅលើប្រជាពលរដ្ឋខ្មែរ ដោយយកលេសថា អង្គការសហប្រជាជាតិនេះមិនជួយធ្វើការជ្រោមជ្រែងទៅដល់ជនភៀសខ្លួនខ្មែរឲ្យទាន់ពេលវេលា ដូច្នេះគឺជាទង្វើអមនុស្សធម៌មែនទែន! យើងគួរណាស់តែគិតទៅដល់មនុស្សជាតិដូចគ្នា យើងគួរណាស់តែជួយសន្ដោសប្រោសប្រណី អនុញ្ញាតឲ្យគ្នារួចរស់ ទម្រាំដល់ពេលអង្គការសហប្រជាជាតិមានឱកាសជួយ ប៉ុន្តែពួកគេបែរជាមិនគិតអ៊ីចឹងទេ គឺថា គេឃើញខ្មែរយើងស្លាប់នៅក្នុងស្រុកច្រើនហើយ គ្នាចង់រួចរស់មកដើម្បីរស់រានមានជីវិត យកទៅសម្លាប់ម្ដងទៀត! ស្ទើរតែផុតពូជខ្មែរតែម្ដង! ដូច្នេះគឺជាការសម្លាប់ប្រល័យពូជសាសន៍ខ្មែរមួយផងដែរ បើយើងគិតមែនទែនទៅ!»។
លោក ឃឿន សំខាន់ ដែលជានិពន្ធនាយក និងបោះពុម្ពផ្សព្វផ្សាយសៀវភៅកំណាព្យ ឱមហាភ្នំដងរែក ដែលរៀបរាប់ពីទុក្ខវេទនារបស់ជនភៀសខ្លួនខ្មែរ ដែលរងការកាប់សម្លាប់ដោយក្រុមទាហានថៃពីលើខ្នងភ្នំដងរែក មានប្រសាសន៍ថា លោកសាទរចំពោះការយកចិត្តទុកដាក់របស់ពលរដ្ឋខ្មែរនៅប្រទេសន័រវ៉េ ក្នុងការប្រារព្ធវិញ្ញាណក្ខន្ធនេះ ដែលវាជាគំរូដ៏ល្អមួយ។
លោក ឃឿន សំខាន់ បានមានប្រសាសន៍ថា ៖ «អាហ្នឹងជាសកម្មភាពដ៏ល្អ វិសេសវិសាលបំផុតហើយ! ខ្ញុំថា ការណ៍ដែលធ្វើហ្នឹងនឹងនៅចងចាំជានិច្ច ជាពិសេសបុព្វការីជនរបស់យើងដែលបានបាត់បង់ជីវិតទៅ។ មួយទៀតគឺជាសក្ខីភាពមួយដ៏ល្អ!»។
លោកមានប្រសាសន៍ថា ពលរដ្ឋខ្មែរនៅទូទាំងពិភពលោកត្រូវយកគំរូតាមប្រជាពលរដ្ឋខ្មែរនៅប្រទេសន័រវ៉េ ដើម្បីធ្វើពិធីរំឭកវិញ្ញាណក្ខន្ធ ឬធ្វើសកម្មភាពផ្សេងៗទៀត ។ លោកថ្លែងថា ជនរងគ្រោះ ឬគ្រួសារជនរងគ្រោះគួរចងក្រងជាឯកសារ និងព្យាយាមសរសេរអំពីរឿងរ៉ាវនៃគ្រាដែលរដ្ឋាភិបាលថៃយកពលរដ្ឋខ្មែរទៅទម្លាក់ពីលើខ្នងភ្នំដងរែកនេះ ឲ្យបានច្រើនថែមទៀត ដើម្បីឲ្យអន្តរជាតិបានដឹង និងអាចរកយុត្តិធម៌ដល់ជនរងគ្រោះ៕