អាជ្ញាធរ​ខ្មែរ​ព្រមាន​បិទ​មិន​ឲ្យ​ថៃ​នាំ​ទំនិញ​កសិផល​ចូល

អាជ្ញាធរ​ខ្មែរ​នៃ​ខេត្ត​ឧត្តរមានជ័យ បាន​ព្រមាន​ទៅ​ភាគី​ថៃ​ថា នឹង​បិទ​ទំនិញ​កសិផល​ថៃ មិន​ឲ្យ​នាំ​ចូល​តាម​ច្រក​ព្រំដែន​ជាំសាង៉ាំ​មក​កាន់​កម្ពុជា បាន​ទេ ប្រសិន​បើ​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​របស់​ថៃ នៃ​ស្រុក​ភូស៊ីង ខេត្ត​ស៊ីសាកេត ហាម​ឃាត់​មិន​ឲ្យ​នាំ​ចេញ​ទំនិញ​កសិផល​ខ្មែរ​ចូល​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​របស់​ថៃ​នោះ។

ការ​ព្រមាន​របស់​មន្ត្រី​ខ្មែរ បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អាជ្ញាធរ​ថៃ ដែល​បាន​ហាមឃាត់​កសិផល​ខ្មែរ​មិន​ឲ្យ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។

លោក វ៉ាត ប៉ារ៉ានីន នាយក​រដ្ឋបាល​សាលា​ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មីនា ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា កន្លង​ទៅ មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​ថៃ នៅ​ជាំសាង៉ាំ បាន​ហាមឃាត់​មិន​ឲ្យ​ទំនិញ​កសិផល​ខ្មែរ មាន​ក្រូចឆ្មារ និង​ដូង​ទុំ ចេញ​ទៅ​លក់​ក្នុង​ទីផ្សារ​ថៃ បាន​ទេ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា ការ​ហាមឃាត់​នេះ​ដោយសារ​តែ​ក្រូចឆ្មារ​ខ្មែរ​មាន​រស​ជាតិ​ឆ្ងាញ់​ជាង​ក្រូចឆ្មារ​ថៃ ហើយ​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ គឺ​ក្រូចឆ្មារ​ខ្មែរ​១​ផ្លែ​មាន​តម្លៃ​តែ​១​បាត​កន្លះ (ប្រាក់​ថៃ) ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រូចឆ្មារ​ថៃ ១​ផ្លែ​លក់​ថ្លៃ​រហូត​ដល់​ទៅ ៤​បាត​នោះ ៖ «នេះ​គឺ​ជា​ការ​ព្រមាន បើ​សិន​ជា​នៅ​តែ​បិទ​មិន​ឲ្យ​ភោគផល​កសិកម្ម​កម្ពុជា​ចូល​ទៅ​ទេ គឺ​យើង​នឹង​មិន​ឲ្យ​ភោគផល​កសិកម្ម​ចូល​ដូច​គ្នា។ នេះ​គឺ​ជា​ការ​ព្រមាន មិន​មែន​ជា​ការ​បិទ​តែម្ដង​ទេ»

អាជ្ញាធរ​ខ្មែរ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ព្រមាន​នេះ គឺ​ថៃ​បាន​មក​ទាក់ទង​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រក​ជាំសាង៉ាំ ដោយ​ថា គេ​សុខចិត្ត​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ក្រូចឆ្មារ​របស់​ខ្មែរ​ទៅ​លក់​ក្នុង​ប្រទេស​ថៃ ក៏ប៉ុន្តែ​គេ​ត្រូវ​ឲ្យ​បង់ពន្ធ​ចំនួន ៣០%។ ទោះ​យ៉ាង​ណា​ការ​តម្រូវ​ឲ្យ​បង់ពន្ធ​ថ្លៃ​នាំ​ចេញ​ក្រូចឆ្មារ​រហូត​ដល់​ទៅ ៣០% នោះ ត្រូវ​មន្ត្រី​ខ្មែរ​បដិសេធ។

លោក នេត្រ តារា ប្រធាន​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ ស្រុក​អន្លង់វែង បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា​នេះ ស្ថានភាព​នៃ​ការ​នាំ​ទំនិញ​កសិផល​ចេញ​ចូល​រវាង​ខ្មែរ-​ថៃ មាន​ភាព​ជា​ធម្មតា​វិញ​ហើយ បន្ទាប់​ពី​ថៃ បាន​ហាមឃាត់​ទំនិញ​កសិផល​ខ្មែរ​កាល​ពី​ថ្ងៃ​២៥ ខែ​មីនា ហើយ​មន្ត្រី​ខេត្ត​ឧត្តរមានជ័យ របស់​ខ្មែរ​បាន​ព្រមាន​មក​នោះ។

លោក​បន្ត​ថា ៖ «ថ្ងៃ​នេះ​យើង​ធម្មតា​ហើយ ឯកឧត្ដម​គំរាម​បិទ​ថ្ងៃ​នេះ​នោះ ដោយសារ​តែ​វា​ពាក់ព័ន្ធ​អា​រឿង​ក្រូចឆ្មារ​យើង​អី​យើង​មិន​ឲ្យ​ចូល អ៊ីចឹង​ទៅ​គាត់​សុំ​ចរចា​សុំ​ឲ្យ​ចូល​ឲ្យ​អី​វិញ​ទៅ​ធម្មតា​វិញ​ទៅ»

អាជ្ញាធរ​ខ្មែរ​នៃ​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ជា​យូរ​មក​ហើយ​រហូត​ដល់​ពេល​នេះ គឺ​ខាង​ថៃ​ទេ​ដែល​តែង​នាំ​ទំនិញ​កសិផល​ជា​ច្រើន​ចូល​មក​លក់​នៅ​កម្ពុជា ដូចជា​បន្លែ​ផ្លែ​ឈើ​សព្វ​បែប​យ៉ាង ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​ក្នុង​តំបន់ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ​ប្រសិន​បើ​ថៃ ហាម​ឃាត់​មិន​ឲ្យ​នាំ​ចេញ​កសិផល​ខ្មែរ​ទៅ​លក់​នៅ​ស្រុក​ថៃ ហើយ​ខ្មែរ​បិទ​មិន​ឲ្យ​ទំនិញ​កសិផល​ថៃ ចូល​មក​ខ្មែរ​វិញ​នោះ អ្នក​ខាត​បង់​មិន​មែន​ខ្មែរ​ទេ គឺ​ខាង​ភាគី​ថៃ ជា​អ្នក​ខាត​យ៉ាង​ច្រើន៕