ក្រុមមន្ត្រីការិយាល័យព្រំដែនកម្ពុជា-ថៃ កំពុងចុះមូលដ្ឋានដើម្បីស្វែងរកអាណាព្យាបាលរបស់កុមារាម្នាក់ដែលលួចឆ្លងចូលតាមច្រករបៀង ហើយចោទថាតម្រួតថៃវាយឲ្យរបួសធ្ងន់ កាលពីថ្ងៃទី២ មិថុនា ១ថ្ងៃ ក្រោយការប្រារព្ធទិវាកុមារអន្តរជាតិ ដើម្បីប្ដឹងអាជ្ញាធរព្រំដែនខ្មែរ-ថៃ ដោយយោងទៅលើកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលនៃប្រទេសទាំង២។
លោកឧត្ដមសេនីយ៍ត្រី ឌី ថេន ប្រធានការិយាល័យព្រំដែនទំនាក់ទំនងកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ បានថ្លែងនៅថ្ងៃទី៤ មិថុនា ថា ការិយាល័យរបស់លោកបានដឹងអំពីព័ត៌មានដែលថា កុមារខ្មែរម្នាក់បានរងរបួសដោយសារតម្រួតថៃវាយ ទើបលោកជំរុញឲ្យក្រុមគ្រួសារកុមាររងគ្រោះនោះឆាប់មកកាន់ការិយាល័យរបស់លោកដើម្បីធ្វើពាក្យបណ្ដឹង ពីព្រោះករណីនេះ គឺជាអំពើអមនុស្សធម៌ និងរំលោភសិទ្ធិកុមារ ៖ "យើងមានតែប្ដឹងទៅអាជ្ញាធរថៃ ដើម្បីឲ្យគេចាត់ចែង រកយុត្តិធម៌ឲ្យយើងតែប៉ុណ្ណឹង ព្រោះក្មេងវាមិនទាន់គ្រប់អាយុផង មានទោសអី អាណាព្យាបាលហ្នឹងដើម្បីយកយកមូលដ្ឋាននេះ ដាក់ពាក្យបណ្ដឹងទៅខាងការិយាល័យថៃ ទៅអគ្គកុងសុលខ្មែរយើង"។
ការអះអាងនេះ បន្ទាប់ពីមានការចោទប្រកាន់ថា តម្រួតថៃប្រមាណ ៧នាក់បានវាយទាត់ធាក់ទៅលើកុមារាអាយុ១៣ឆ្នាំម្នាក់ ឈ្មោះ ផេង សុភា ដោយចោទថាលួចឥវ៉ាន់គេ នៅចំណុចផ្សាររុងក្លឿង ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១១។
អ្នកស្រី ចាន់ អ៊ែម អាយុ៣៨ឆ្នាំ ជាម្ដាយកុមារារងគ្រោះ បានឲ្យដឹងថា សព្វថ្ងៃអ្នកស្រីស្នាក់នៅភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កូនប្រុសអ្នកស្រី ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមង្គលបុរី។ អ្នកស្រីបន្តថា គ្រូពេទ្យប្រាប់ថាកូនអ្នកស្រីមានសភាពគាំក្នុងទ្រូង និងប៉ះពាល់តម្រងនោមធ្ងន់ធ្ងរ ៖ "វាខ្ញុំដែរហ្នឹងណាស់ ខ្ញុំឃើញកូនមកនោម ខ្ញុំញ័រខ្លួនញ័រប្រាណអស់ហើយ ក្នុងខ្លួនគ្មានលុយគ្មានអីផង ហើយកូនដើរទៅរើសអេតចាយសោះ ខ្ញុំតក់ស្លុតណាស់ ខ្ញុំថាចង់ប្ដឹងផ្ដល់អារឿងកូនហ្នឹងឯង ប្ដឹងប៉ូលិសព្រំដែនផង អំពើអាក្រក់ណាស់"។
មន្ត្រីកម្មវិធីអន្តរជាតិស្ដីពីការលុបបំបាត់ពលកម្មកុមារ ហៅកាត់ថា ILO IPEC លោក ថេង ឆវីរិទ្ធ មានប្រសាសន៍ថា បញ្ហាទាំងអស់នេះបានកើតឡើងដោយសារតែភាពក្រីក្រ នាំឲ្យមានការចេញទៅរកការងារធ្វើដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ កុមារមិនទាន់គ្រប់អាយុ បានប្រឈមទៅនឹងគ្រោះថ្នាក់ជាច្រើននៅពេលដែលពួកគេចេញទៅធ្វើការនៅខាងក្រៅផ្ទះ ៖ "បណ្ដាញការងាររបស់យើង ជាពិសេសគឺមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរអប់រំ ក៏ដូចជាអង្គការសង្គមស៊ីវិល ក៏ដូចជាតំណាងនិយោជកសហជីព ដែលនៅទីនោះ ខ្ញុំនឹងនាំសារនេះ ដើម្បីឲ្យគាត់ចុះទៅធ្វើការសួរសុខទុក្ខ និងដោះស្រាយតាមលទ្ធភាពជាក់ស្ដែង"។
អង្គការពលកម្មអន្តរជាតិហៅកាត់ថាអាយទ្បូ (ILO) នៅក្នុងប្រទេសកម្ពុជា បានរកឃើញថា នៅឆ្នាំ២០០២ កន្លងទៅគឺមានកុមារកម្ពុជាចំនួន ៧សែន ៥ម៉ឺននាក់ បានធ្វើការងារពលកម្មដើម្បីសេដ្ឋកិច្ចគ្រួសារ។ ប៉ុន្តែកុមារចំនួនជាង ២សែន ៥ម៉ឺននាក់ទៀត បានធ្វើការងារពលកម្មក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជាលីសែង ធ្វើពេស្យាចារ ជួញដូរផ្លូវភេទ សេពគ្រឿងញៀន ស៊ីឈ្នួលនៅតាមផ្ទះ ធ្វើនេសាទនៅសមុទ្រ ផលិតអំបិល ធ្វើការងារនៅឡឥដ្ឋ នៅចម្ការកៅស៊ូ និងរ៉ែ ជាដើម ដោយគ្មានលក្ខខណ្ឌការងារ ហើយបានរងគ្រោះដោយអំពើផ្សេងៗពីការងារទាំងនោះ៕