កងទ័ពខ្មែរដែលកំពុងប្រចាំការពារបន្ទាត់ព្រំដែនចាប់ពីតំបន់ជុំវិញប្រាសាទព្រះវិហារ រហូតដល់តំបន់ប្រាសាទតាក្របី នៃឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា គេបានបន្ថែមការប្រុងប្រយ័ត្ន និងត្រៀមខ្លួនប្រយុទ្ធជាថ្មី ក្នុងរយៈពេល ២ថ្ងៃជាប់ៗ មកហើយ ដើម្បីការពារព្រំដែន បន្ទាប់ពីមានការលិចឮព័ត៌មានដែលមិនទាន់ច្បាស់ការថា ថៃបានព្រមាននឹងប្រើកម្លាំងយោធាវាយប្រហារមកលើកម្ពុជាជាថ្មីម្ដងទៀត ក្នុងរឿងជម្លោះព្រំដែន។
ទាហានខ្មែរម្នាក់ដែលកំពុងប្រចាំការពារព្រំដែន នៅជិតប្រាសាទព្រះវិហារ ក្នុងស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ចាប់តាំងតែពីថ្ងៃទី២៧ ខែមិថុនា មេបញ្ជាការយោធាខ្មែរដែលប្រចាំនៅតាមចំណុចជម្លោះព្រំដែនជាច្រើនកន្លែងបានបញ្ជាឱ្យកងទាហានមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនប្រយុទ្ធ ប្រសិនបើមានការផ្ដើមវាយប្រហារណាមួយពីកងទ័ពថៃជាមុននោះ។
ចំណែកទាហានខ្មែរម្នាក់ទៀត ដែលកំពុងប្រចាំការពារព្រំដែននៅប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ពួកគេក៏បានទទួលបញ្ជាឱ្យធ្វើការប្រុងប្រយ័ត្ន និងត្រៀមខ្លួនប្រយុទ្ធដែរ ក៏ប៉ុន្តែស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយយោធានៅតំបន់នោះ នៅមានសភាពធម្មតានៅឡើយ មិនទាន់មានឃើញសកម្មភាពខុសប្លែកណាមួយពីកងទ័ពថៃ ដែលនាំឱ្យស្ថានការណ៍ចាប់ផ្ដើមតានតឹងនៅឡើយទេ។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ជាឲ្យកងទ័ពកម្ពុជា នៅតាមព្រំដែនជុំវិញប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ ត្រៀមខ្លួនដើម្បីការពារទឹកដី នៅគ្រាដែលមានលេចឮព័ត៌មានថា យោធាថៃមានផែនការបើកការវាយប្រហារជាថ្មី នៅខែកក្កដាខាងមុខនេះ ក្រោយពីប្រតិភូថៃបានដើរចេញពីកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៣៥ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង៕