កងទាហានខ្មែរខ្លះនៃតំបន់ប្រតិបត្តិការសឹកខេត្តឧត្តរមានជ័យ ដែលកំពុង ត្រៀមប្រយុទ្ធការពារព្រំដែននៅលើខ្នងភ្នំដងរែក នៃតំបន់ជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល បានអំពាវនាវដល់មន្ត្រីរដ្ឋាភិបាលឱ្យជួយផ្ដោតការយកចិត្តទុកដាក់លើការផ្ដល់ជំនួយសម្រាប់ពួកគេដែលនៅសមរភូមិមុខកំពុងតែប្រឈមមុខនឹងការខ្វះខាតជាច្រើន ទាំងម្ហូបអាហារ និងសម្ភារៈបោះជំរំជ្រកភ្លៀងជាដើមនោះ។
ទាហានខ្មែរម្នាក់ក្នុងចំណោមជាច្រើននាក់ដែលកំពុងត្រៀមប្រយុទ្ធការពារព្រំដែនបានមានប្រសាសន៍កាលពីល្ងាចថ្ងៃអាទិត្យ ទី១៥ ខែឧសភា ថា ពួកគេដែលនៅការពារព្រំដែនខ្មែរក្នុងខ្សែត្រៀមប្រយុទ្ធជួរមុខបំផុតនោះ គឺមិនសូវទទួលបានម្ហូបជាសាច់សត្វស្រស់ៗទេ ចំណែកការស្នាក់នៅក្នុងលេណដ្ឋានត្រៀមប្រយុទ្ធក៏ពុំមានសម្ភារៈគ្រប់គ្រាន់សម្រាប់ដេក និងដំបូលសម្រាប់ជ្រកភ្លៀងឱ្យបានត្រឹមត្រូវដែរ។
ទាហានខ្មែរដដែលបានរៀបរាប់ឲ្យដឹងបន្ថែមថា ៖ «ទី១ម្ហូបម្ហាហូបចុករបស់កងទ័ពដែលនៅជាប់នឹងសៀម។ ខ្ញុំនៅ ១៥ម៉ែត្រ ទៅ ២០ម៉ែត្រពីសៀម កងនៅខាងមុខ។ តាំងពីព្រឹត្តិការណ៍មកបានសាច់ជ្រូកមួយពេលៗប្រហែល២ដង។ ...យប់ឡើងភ្លៀងរលឹមក្រាលស្បូវដេកនឹងដី ចងអង្រឹងវាមិនកើតព្រោះយើងនៅលីង (ខ្សែត្រៀម)...»៕