អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកម្ពុជាលោក កួយ គង់ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភៈថា ក្រសួងការបរទេសកំពុងឲ្យកងទាហានព្រំដែនខ្មែរនៅជិតតំបន់កើតហេតុធ្វើការស្រាវជ្រាវអំពីចំនួនគ្រាប់កាំភ្លើងធំដែលទាហានថៃបានបាញ់ចូលនោះប៉ុន្មានគ្រាប់ពិតប្រាកដនៅតំបន់ណាខ្លះ ហើយរំពឹងថា របាយការណ៍នោះនឹងមកដល់ដៃក្រសួងការបរទេសនៅល្ងាចថ្ងៃពុធ បន្ទាប់មកក្រសួងការបរទេសនិងសិក្សាបញ្ហាដើម្បីរៀបចំឯកសារធ្វើការតវ៉ាជាផ្លូវការទៅភាគីថៃតាមរយៈការទូត។
លោក កួយ គង់ មានប្រសាសន៍ដូច្នេះថា ៖ «យើងនឹងរៀបចំធ្វើការបណ្ដឹងតវ៉ាមួយទៅភាគីថៃ នាពេលឆាប់ៗនេះឯង ដោយយើងទទួលព័ត៌មានឲ្យគ្រប់គ្រាន់សិន»។
ពេញមួយថ្ងៃពុធនេះមិនអាចទំនាក់ទំនងសុំការអធិប្បាយពីមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាបានទេ។
ប្រធានគណៈកម្មការដោះស្រាយបញ្ហាព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ការបាញ់ផ្លោងកាំភ្លើងធំរបស់ទាហានថៃចូលមកក្នុងទឹកដីកម្ពុជានេះមិនបានធ្វើឲ្យប៉ះពាល់ដល់គម្រោងនៃកិច្ចជួបចរចារវាងមន្ត្រីគណៈកម្មការព្រំដែននៃប្រទេសទាំងពីរដែលគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលខែមេសាខាងមុខទេ ក៏ប៉ុន្តែតាមផ្លូវច្បាប់ការបាញ់នោះគឺបំពានដោយរំលោភលើអធិបតេយ្យរបស់ខ្មែរទាំងស្រុង។
លោក វ៉ា គឹមហុង មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំមិនគិតថា វាមានផលប៉ះពាល់ដល់កិច្ចការដែលយើងត្រៀមនឹងធ្វើនៅខែ៤ រឿងព្រំដែន គណៈកម្មការចម្រុះព្រំដែនយើងប្រជុំគ្នាទេ។ ដូច្នេះវាប៉ះពាល់ហើយ ប៉ះពាល់ដល់អធិបតេយ្យខ្មែរយើង ដែលវាបាញ់មកលើទឹកដីយើង»។
ប្រតិកម្មរបស់មន្ត្រីកម្ពុជាបានធ្វើឡើងបន្ទាប់ពីកងទាហានថៃដែលនៅលើខ្នងភ្នំថ្មរយ ចម្ងាយប្រមាណ ២គីឡូម៉ែត្រភាគខាងកើតប្រាសាទតាក្របី បានបាញ់កាំភ្លើងធំប្រមាណ ១០គ្រាប់ ធ្លាក់ចូលទៅក្នុងទឹកដីខ្មែរជិតភូមិបុសធំ ឃុំគោកខ្ពស់ កាលពីវេលាម៉ោងប្រហែល ១១ព្រឹក ថ្ងៃអង្គារ ដោយលើកមូលហេតុធ្វើសមយុទ្ធយោធា។
ក្រុមប្រជាពលរដ្ឋនៅភូមិបុសធំ បាននិយាយថា រហូតដល់ថ្ងៃពុធនេះអ្នកភូមិទាំងអស់មិនទាន់ហ៊ានចេញទៅស្រែចម្ការនិងចូលព្រៃប្រកបរបរចិញ្ចឹមជីវិតនៅឡើយទេ ដោយសារនៅមានការភ័យខ្លាច ៖ «មិនហ៊ានទៅស្រែទេ នៅសម្រាកហ្នឹង»។
តាមមន្រ្តីការិយាល័យទី២ នៃកងយោធពលខេមរភូមិន្ទ ប្រចាំខេត្តឧត្តរមានជ័យ បានឲ្យដឹងថា តាំងពីព្រឹកព្រលឹមថ្ងៃពុធ កងទាហានខ្មែរបានចូលព្រៃដើម្បីរុករកចំនួនកន្លែងនិងគ្រាប់កាំភ្លើងធំរបស់ថៃដែលបានបាញ់ទាំងនោះ។
ប្រជាពលរដ្ឋខ្មែរនៅភូមិថ្មដូន ចម្ងាយប្រមាណ៨គីឡូម៉ែត្រពីប្រាសាទតាក្របី បានឲ្យដឹងថា ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថ្ងៃពុធ គេនៅតែឮសូរសំឡេងកាំភ្លើងដែលទាហានប៉ារ៉ាថៃបាញ់នៅតាមព្រំដែនថៃដោយអះអាងថា ធ្វើសមយុទ្ធយោធានៅជាប់ៗព្រំដែនខ្មែរជិតប្រាសាទតាក្របីនិងថ្មដូននៅឡើយ៕