ខ្មែរ​ពង្រាយ​ទ័ព​ទប់ស្កាត់​បាតុករ​អាវ​លឿង​ថៃ​នៅ​ព្រំដែន​បន្ទាយ​មាន​ជ័យ

រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​កង​កម្លាំង​ចម្រុះ​ការ​ពារ​ព្រំដែន​រាប់​រយ​នាក់ ប្រដាប់​ដោយ​អាវុធ​ទំនើប​ៗ គ្រប់​ធន​នៅ​តាម​ក្រវាត់​ព្រំដែន ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ត្រៀម​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​អាវ​លឿង​ថៃ ជាង​២០០​នាក់ បន្ទាប់​ពី​ពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ឆ្លង​ដែន​ចូល​ដែន​ដី​កម្ពុជា​ធ្វើ​បាតុកម្ម​ទាមទារ​យក​ទឹក​ដី​ខ្មែរ។

លោក ឈូក អាង មេ​បញ្ជា​ការ​នៃ​វរ​សេនា​តូច​ការ​ពារ​ព្រំដែន​៩១១ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​សីហា ឆ្នាំ​២០១០ កង​កម្លាំង​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រុង​ជើង​ការ​ក្នុង​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​អាវ​លឿង​ថៃ។ ក្រុម​បាតុករ​អាវ​លឿង​ថៃ​ទាំង​នោះ បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទឹក​ដី​ខេត្ត​ស្រះ​កែវ​ថៃ កៀក​ព្រំដែន​ខ្មែរ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ក្នុង​គោល​ដៅ​សម្រុក​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ធ្វើ​បាតុកម្ម ៖ «ក្រុម​អាវ​លឿង​មាន​គោល​ការ​ឆ្លង​ព្រំដែន​ចូល​ហួស​ព្រំដែន ព្រោះ​តំបន់​នោះ ព្រំដែន​មិន​ទាន់​ច្បាស់​លាស់ អ៊ីចឹង​គេ​ប្រុង​កំណត់​ទិស​ដៅ​ថា ដី​គេ​ដល់​នេះៗ ស្រេច​វា​ថា​ខ្លួន​វា ទទួល​ព័ត៌មាន​អ៊ីចឹង​យើង​ដាក់​កម្លាំង​ការ​ពារ​រឹង​ម៉ាំ កាល​ណា​ចូល​គ្មាន​អី​ក្រៅ​ពី​កម្ទេច​ចោល​ប៉ុណ្ណឹង បទ​បញ្ជា​របស់​សម្ដេច លោក​បាន​ប្រកាស​ហើយ យើង​មិន​ឈ្លាន​ពាន​គេ គេ​ក៏​មិន​ត្រូវ​ឈ្លាន​ពាន​យើង តែ​បើ​គេ​ឈ្លាន​ពាន​ទឹក​ដី​យើងៗ ការ​ពារ​ខ្លួន​ដែរ»

ជា​មួយ​គ្នា​នេះ មេ​បញ្ជា​ការ​កង​ទាហាន​ឈុត​ខ្មៅ និង​អាជ្ញាធរ​មូលដ្ឋាន​ថៃ និង​កង​ការ​ពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ រួម​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន បាន​បើក​កិច្ច​ជំនួប​មួយ​ជា​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ស្ថានការណ៍​ខាង​លើ​នេះ។

ការ​ព្យាយាម​របស់​ក្រុម​បាតុករ​អាវ​លឿង​ថៃ​ទាំង​នោះ បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់​ពី​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​រាប់​រយ​នាក់​បាន​បណ្ដាក់​គ្នា​ការ​ពារ​ទប់​ស្កាត់ នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន។

មន្ត្រី​ខ្មែរ​បាន​ថ្លែង​ថា ការ​ប៉ុន​ប៉ង​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ធ្វើ​បាតុកម្ម​របស់​ក្រុម​អាវ​លឿង​ថៃ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ ប៉ុន្តែ​ពួក​គេ​មាន​គោល​ដៅ​បង្កើត​ភាព​ចលាចល​នៅ​តាម​តំបន់​ព្រំដែន។

កង​ការ​ពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ចំនួន​៤០​នាក់ ដែល​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ក្នុង​ទឹក​ដី​ថៃ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ទឹក​ដី​ថៃ មក​ទឹក​ដី​កម្ពុជា​បន្ទាប់​ពី​មាន​ការ​លុក​លុយ​របស់​ក្រុម​បាតុករ​អាវ​លឿង​ថៃ។ ចំណែក​ច្រក​របៀង​នានា​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ជាប់​ខេត្ត​ស្រះ​កែវ​ថៃ ក៏​ត្រូវ​បាន​គេ​បិត​ដែរ៕