វៀតណាម​រឹប​យក​ដី​គ្រួសារ​ខ្មែរ​នៅ​ជាយ​ដែន

គ្រួសារ​កសិករ​ខ្មែរ​នៅ​ក្នុង​ខេត្ត​ព្រៃវែង ជាប់​និង​ព្រំដែន​កម្ពុជា-វៀតណាម​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ រឹប​យក​ដី​ស្រែ​ពី​សំណាក់​គ្រួសារ​វៀតណាម។

សកម្មជន​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី នៅ​ក្នុង​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ​ថា គ្រួសារ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម បាន​បញ្ចាំ​ដី​ស្រែ និង​លក់​ដី​ស្រែ​របស់​គាត់ ដើម្បី​ដោះ​បំណុល ដែល​ជំពាក់​វៀតណាម លើ​ថ្លៃ​ជី ថ្លៃ​ប្រេង និង​ថ្លៃ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជា​ដើម។

ក្រុម​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា បើ​សិន​ណា​មិន​មាន​លទ្ធភាព​សង​បំណុល​នោះ​ទេ ម្ចាស់​បំណុល​ជា​ជន​ជាតិ​វៀតណាម គេ​នឹង​រឹប​អូស​យក​ដី​ស្រែ​ទាំង​នោះ​ទៅ​តាម​កិច្ច​សន្យា។

ដី​ស្រែ​ដែល​ត្រូវ​បាន​ដាក់​បញ្ចាំ និង​លក់​នោះ មាន​ចំនួន​រវាង ១​ហិកតារ ទៅ​២​ហិកតារ ក្នុង​គ្រួសារ​នីមួយៗ។

ប្រធាន​ចលនា​យុវជន​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី នៅ​ក្នុង​ខេត្ត​ព្រៃវែង លោក អ៊ុន សំអឿន អាយុ​២៩​ឆ្នាំ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ភាគ​ច្រើន​នៃ​គ្រួសារ​ទាំង​នោះ កំពុង​តែ​ព្យាយាម​ខ្ចី​បុល​ពី​ធនាគារ​ឈ្មោះ អម្រឹត និង​ធនាគារ​ឈ្មោះ ក្រេឌិត ដើម្បី​យក​ទៅ​សង​បំណុល​ដែល​ជំពាក់​វៀតណាម ៖ "អ៊ីចឹង​សុំ​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល មេត្តា​ជួយ​ពិនិត្យ​ឡើង​វិញ ដល់​នូវ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ថា​កាត់​បន្ថយ​ភាព​ក្រីក្រ"

ប្រជា​ពល​រដ្ឋ​រស់​នៅ​ខេត្ត​ព្រៃវែង ជាប់​និង​ព្រំដែន​កម្ពុជា​ភាគ​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ និង​ចូល​ក្នុង​ប្រទេស​ថៃ ដើម្បី​ស្វែង​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត និង​ដោះ​បំណុល។

កសិករ​ម្នាក់ សុំ​មិន​ប្រាប់​ឈ្មោះ អាយុ​៣១​ឆ្នាំ នៅ​ក្នុង​ភូមិ​ឥដ្ឋ ឃុំ​ឫស្សី​ស្រុក ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ជាប់​ព្រំដែន​កម្ពុជា-វៀតណាម បាន​ថ្លែង​ថា ជីវភាព​រស់​នៅ​មាន​សភាព​ក្រីក្រ​លំបាក ហើយ​បាន​ជំពាក់​បំណុល​វន្ត​ក ៖ "នៅ​តែ​ដី​ភូមិ​តិច ខ្លាច​គេ​មក​រឹប​អូស​យក​ដី​ភូមិ​ទៀត​មិន​ដឹង។ យើ​អត់​មាន​អ្វី​សង​គេ។ គេ​មក​ប្ដឹង​ភូមិ ប្ដឹង​ឃុំ​ឲ្យ​រក​លុយ​សង់​គេ បើ​គ្មាន​លុយ​សង់​គេ គេ​យក​ដី។ កសិករ​យួន"

ទាក់​ទង​និង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​កិច្ច​ការ​ងារ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា លោក វ៉ា កឹម​ហុង បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​ទេ ៖ "ខ្ញុំ​អត់​បាន​ទទួល​ដំណឹង​ទេ។ បើ​ថា បញ្ចាំ​នោះ អេស៊ី អម្រឹត និង ក្រេឌិត អា​ហ្នឹង​មាន"

មេធាវី និង​អ្នក​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ថា ជន​បរទេស​មិន​មាន​សិទ្ធិ​កាន់​កាប់​កម្មសិទ្ធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ៖ "សួរ​ខាង​ខេត្ត ប្រហែល​ដឹង​ជាង ឬ​អាជ្ញាធរ​ដែន​ដី ខ្ញុំ​មិន​បាន​ក្ដាប់​សំណុំ​រឿង​ហ្នឹង​បាន​ទេ។ មិន​ដឹង​ការ​ពិត​ប៉ុណ្ណា អ្វី​ជា​កុង​ត្រា​គេ"

មេ​ដឹក​នាំ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​ប្រទេស​វៀតណាម លោក ង្វៀន តាន់​យ៉ុង ជា​នាយក​រដ្ឋ​មន្ត្រី បាន​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ប្រទេស​ទាំង​ពីរ​នឹង​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​ចប់​សព្វ​គ្រប់ នៅ​ដំណាច់​ឆ្នាំ​២០១២ ខាង​មុខ។

កម្ពុជា និង​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​តាំង​ពី​ឆ្នាំ​២០០៦ មក បាន​ចំនួន​២០៩ បង្គោល​ហើយ នៅ​ក្នុង​ចំណោម​បង្គោល​សរុប​៣៧៥​បង្គោល ដែល​មាន​ព្រំដែន​ជាប់​ជា​មួយ​គ្នា​ចំនួន ១.២២៨​គីឡូ​ម៉ែត្រ៕