ក្រសួង​ព័ត៌មាន​បិទ​ម៉ោង​ផ្សាយ​របស់​វិទ្យុ «ខ្មែរ​ប៉ុស្តិ៍»

មន្ត្រី​នាយកដ្ឋាន​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ មេសា​នេះ បាន​បញ្ជា​ឲ្យ​លោក ម៉ម សូណង់ដូ នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ FM 105 MHz បញ្ឈប់​ការ​ជួល​ម៉ោង​ឲ្យ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍។

0:00 / 0:00

នៅ​ក្នុង​លិខិត​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ព័ត៌មាន ដាក់​ជូន​នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ នៅ​ថ្ងៃ​ទី​៧ មេសា បាន​សរសេរ​ថា ក្នុង​រយៈពេល​ថ្មីៗ​នេះ ក្រសួង​បាន​សង្កេត​ឃើញ​ថា ស្ថានីយ​នេះ​បាន​ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ AM 9960 KHz ដែល​បាន​ធ្វើការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​កម្មវិធី​ចាប់​ពី​ម៉ោង ១០ ដល់​ម៉ោង ១១​ព្រឹក ដែល​បាន​បំពាន​លើ​ប្រកាស​លេខ ៥៥០ ជា​ការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន។

ប្រធាន​នាយកដ្ឋាន​សោតទស្សន៍​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ លោក សាន ពុទ្ធារី បាន​បញ្ជាក់​បន្ថែម​ចំពោះ​ការ​ចេញ​លិខិត​ឲ្យ​បិទ​ការ​ផ្សាយ​កម្មវិធី ៖ «គោលការណ៍​ណែនាំ​ក្នុង​អាជ្ញាប័ណ្ណ បាន​បញ្ជាក់​ថា រាល់​ការ​ជួល​ម៉ោង​ផ្សាយ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន»

មន្ត្រី​រដ្ឋបាល​នៃ​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ FM 105 MHz លោក ឡេង គីរី បាន​ឲ្យ​ដឹង​ថា ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​នៅ​ពេល​នេះ នៅ​ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ បញ្ហា​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា និង​ជជែក​ពិភាក្សា​គ្នា។

លោក​បន្ត​ថា ៖ «ខាង​ក្រសួង​ព័ត៌មាន​គេ​មក​គំរាម​ខាង​វិទ្យុ​សំបុក​ឃ្មុំ​ថា គេ​ឲ្យ​បិទ បញ្ឈប់​ការ​ផ្សាយ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​នេះ។ បើ​សិន​ជា​ខាង​វិទ្យុ​សំបុក​ឃ្មុំ​ហ៊ាន​ផ្សាយ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​នេះ​បន្ត​ទៀត គេ​នឹង​ដក​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន គឺ​បញ្ឈប់​ការ​ផ្សាយ​វិទ្យុ​សំបុកឃ្មុំ​ទាំង​ស្រុង»

ទាក់ទង​បញ្ហា​នេះ​ដែរ អ្នក​តំណាង​មជ្ឈមណ្ឌល​ព័ត៌មាន​ខ្មែរ​ប៉ុស្តិ៍ លោក អ៊ិត សុខា បាន​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​ថា ការ​ប្រកាស​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​របស់​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​នេះ ដូចជា​ទាន់ហន់​ពេក ក្នុង​ពេល​ដែល​លោក​បាន​បំពេញ​បែបបទ​ផ្លូវ​ច្បាប់​រួច​រាល់​ហើយ​នោះ។

លោក អ៊ិត សុខា បន្ថែម​ដូច្នេះ ៖ «ខាង​ខ្មែរ​ប៉ុស្តិ៍​គ្រាន់​តែ​កើត​ចម្ងល់ ហេតុ​អី​បាន​ជា​ការ​ចេញ​លិខិត​មក​នោះ​អត់​មាន​ការ​ណែនាំ? បើ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​នោះ​ផ្សាយ​ក្នុង​អត្ថន័យ​អី មាន​ការ​ណែនាំ​ឲ្យ​មាន​ការ​កែ​តម្រូវ​ឡើង​វិញ វា​ជា​ការ​មួយ​ស្រប​តាម​សង្គម​ប្រជាធិបតេយ្យ ស្រប​តាម​ច្បាប់​សារព័ត៌មាន​ផង បើ​បិទ​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​អ៊ីចឹង​គួរ​ឲ្យ​សោកស្ដាយ»

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​នេះ គេ​បាន​ផ្សាយ​តាម​រយៈ​ប្រព័ន្ធ​អ៊ិនធឺណិត ប្រមាណ ២​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ទើប​បាន​ជួល​ម៉ោង​ផ្សាយ​ពី​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ FM 105 MHz បាន​ជិត ១​សប្ដាហ៍​នេះ​ប៉ុណ្ណោះ។ ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​នេះ មាន​ដូច​ជា ព័ត៌មាន​ក្នុង​ស្រុក បទវិភាគ បញ្ហា​សង្គម ផ្ដោត​លើ​ការ​អភិវឌ្ឍ និង​ផលប្រយោជន៍​របស់​ពលរដ្ឋ ព្រមទាំង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជាដើម៕