ដោយសារតែភាគីកម្ពុជា ត្រូវការប្រមូលសាកសពកងទ័ពរបស់ខ្លួន កម្ពុជាខ្វះអាវុធ និងខ្វះស្បៀងអាហារបរិភោគ។
កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) ចេញផ្សាយនៅថ្ងៃទី២ ឧសភា បានដកស្រង់ប្រភពពីយោធាថៃ ដែលបានឲ្យដឹងថា ការឈប់បាញ់គ្នានៅតំបន់ប្រាសាទតាមាន់ធំ គឺជាការស្នើឡើងដោយភាគីកម្ពុជា។
ប្រភពដដែលបានបន្តទៀតថា លោកវរសេនីយ៍ឯក នាក់ វង្ស ជានាយសេនាធិការកងពលតូចលេខ៤២០ ជាអ្នកទាក់ទងចរចាដោយផ្ទាល់ទៅភាគីថៃ ដោយប្រាប់ភាគីយោធាថៃថា កម្ពុជាត្រូវការឈប់បាញ់គ្នា ដើម្បីយកពេលប្រមូលសាកសពទាហានដែលស្លាប់ហើយមានក្លិនស្អុយ ហើយថា ទាហានខ្មែរខ្វះខាតអាវុធយុទ្ធភណ្ឌ ព្រមទាំងស្បៀងអាហារសម្រាប់បរិភោគទៀតផង បន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេល ១០ថ្ងៃមក។
ប្រតិកម្មតបទៅនឹងការផ្សាយខាងលើនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃច័ន្ទ ទី២ ឧសភានេះថា តាមសម្ដីដែលភាគីថៃ ប្រាប់កាសែតបាងកក ប៉ុស្តិ៍ ទាំងអស់នោះគឺជាការបំផ្លើសការពិតក្នុងបំណងដើម្បីលើកទឹកចិត្តទាហានថៃ និងប្រជាពលរដ្ឋថៃតែប៉ុណ្ណោះ។
លោកថា ការឈប់បាញ់គ្នានេះ គឺដោយសារមានការស្នើសុំរបស់ថៃ ដោយសារថៃ មានសម្ពាធជាច្រើនពីបរទេស ជាពិសេសសហរដ្ឋអាមេរិក និងចំណុចមួយទៀត នៅពេលដែលថៃ បានបរាជ័យជាច្រើនដងហើយក៏យកឱកាសដើម្បីសម្រួលកងទ័ពរបស់ខ្លួន។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្ថែមថា ៖ "អ្វីដែលឃើញតាមព័ត៌មានរបស់កាសែតរបស់ថៃ ការផ្សព្វផ្សាយនេះជាការផ្សព្វផ្សាយខុសទាំងស្រុង គ្មានមូលដ្ឋាន ហើយខ្ញុំសូមច្រានចោលទាំងស្រុង។ ទី១ គឺរូបភាពនៃការជួបជុំគ្នារបស់មេបញ្ជាការ នាក់ វង្ស ជាមួយនឹងថៃ ដែលមានឈ្មោះ អ៊ូម៉ាឆារិន ហ្នឹង ការជួបជុំគ្នានេះគឺនៅប្រាសាទតាមាន់សុទ្ធសាធ ហើយការជួបជុំគ្នានេះ នាក់ វង្ស ក៏មិនបានទៅសុំដើម្បីទៅយកខ្មោចអីដែរ ...។ អ្វីដែលជាការជួបគ្នានៅប្រសាទតាមាន់ ដែលថៃចង់ធ្វើហ្នឹង គឺគ្រាន់តែការយកលេសមួយដើម្បីធ្វើឲ្យមានរូបភាពនយោបាយដទៃទៀតទេ ហើយអ្វីដែលថៃ បាននិយាយហ្នឹង ជារឿងភូតភរ ខ្ញុំទាត់ចោលទាំងស្រុង ខ្ញុំជាសាក្សីនៅទីនោះ..."។
កាសែតបាងកក ប៉ុស្តិ៍ ដដែល បានស្រង់សម្ដីរបស់ឧត្ដមសេនីយ៍ឯកថៃ លោក ថាវ៉ាត់ថៃ ដែលបានឲ្យដឹងថា ការប្រយុទ្ធគ្នាជាងមួយសប្ដាហ៍កន្លងមកនេះ បានបណ្ដាលឲ្យទាហានថៃ ស្លាប់ចំនួន ៧នាក់ និងរងរបួសជាច្រើននាក់។ ចំណែកចំនួនស្លាប់នៃកងទ័ពខ្មែរវិញ បើតាមប្រភពពីរដ្ឋាភិបាល រហូតមកដល់ពេលនេះមានចំនួន ៨នាក់៕