ថៃ​ប៉ុនប៉ង​ដាក់​ទង់ជាតិ​របស់​ខ្លួន​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ

ប្រភព​ពី​មន្ត្រី​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ថា កង​ទ័ព​ថៃ​បាន​លើក​ទ័ព អម​ដោយ​ទង់​ជាតិ​របស់​ខ្លួន ក្នុង​បំណង​យក​ទង់​ជាតិ​មក​បោះ​នៅ​មុខ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ។

ក្រុម​មន្ត្រី​យោធា​ខ្មែរ​ដែល​កំពុង​ការ​ពារ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា កាល​ពី​រសៀល​ថ្ងៃ​សុក្រ កង​ទ័ព​ថៃ​បាន​លើក​ទ័ព​អម​ដោយ​ទង់​ជាតិ​របស់​ខ្លួន ក្នុង​គោល​បំណង​យក​មក​បោះ​នៅ​មុខ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ខណៈ​កង​ទ័ព​ថៃ​ត្រៀម​យក​ទង់​ជាតិ​របស់​ខ្លួន​មក​បោះ​នៅ​មុខ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ កង​ទ័ព​ខ្មែរ ដែល​កំពុង​ត្រៀម​យាម​កាម​នៅ​ទី​នោះ បាន​បក់​ដៃ​ហៅ​ក្រុម​យោធា​ថៃ​ទាំង​នោះ​ឲ្យ​ចូល​មក ប៉ុន្តែ​ពួក​ទាហាន​ថៃ​បាន​ដក​ថយ​ទៅ​វិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា លោក​ឧត្ដម​សេនីយ៍ ឈុំ សុជាតិ បាន​មាន​ប្រសាសន៍​ទាក់​ទង​រឿង​នេះ​ថា ថៃ​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ទេ ខណៈ​កង​កម្លាំង​របស់​កម្ពុជា​កំពុង​ការ​ពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន​នោះ ៖ «ថៃ​មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ ព្រោះ​កង​ទ័ព​របស់​យើង​នៅ​ពេញ​ទី​នោះ។ នេះ​ជា​ព័ត៌មាន​មិន​ពិត។»

កាល​ពី​ថ្ងៃ​សុក្រ កង​ទ័ព​របស់​កម្ពុជា និង​ថៃ​បាន​ដាក់​ពង្រាយ​កង​កម្លាំង​យោធា និង​អាវុធយុទ្ធភណ្ឌ​ធន​ធ្ងន់​នៅ​តាម​ព្រំដែន ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​រៀង​ៗ​ខ្លួន។

ភាព​តាន​តឹង​រវាង​កម្ពុជា និង​ថៃ​បាន​កើត​ឡើង​សា​ជា​ថ្មី បន្ទាប់​ពី​ប្រទេស​ថៃ​ទាម​ទារ​ឲ្យ​កម្ពុជា​ដោះ​ទង់​ជាតិ​របស់​ខ្លួន ចេញ​ពី​មុខ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ដែល​ថៃ​អះអាង​ទី​តាំង​នោះ ស្ថិត​នៅ​ជា​តំបន់​ជម្លោះ​នៅ​ឡើយ។

ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បដិសេធ​ដាច់​អហង្ការ​ចំពោះ​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក Abhisit Vejjajiva ក្នុង​ការ​ទាមទារ​ឲ្យ​កម្ពុជា​ដោះ​ទង់​ជាតិ​របស់​ខ្លួន ចេញ​ពី​មុខ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​នោះ​ដែរ។

លោក​មាន​ប្រសាសន៍​បន្ត​ថា កង​ទ័ព​របស់​កម្ពុជា​តស៊ូ​អស់​ពី​កម្លាំង​កាយ កម្លាំង​ចិត្ត ដើម្បី​ការពារ​ទឹក​ដី​របស់​ខ្មែរ មិន​ឲ្យ​មាន​ការ​ឈ្លាន​ពាន​ណា​មួយ​ពី​បរទេស​ទេ ៖ «យើង​កំពុង​ប្រុងប្រៀប​សម្រាប់​រាល់​ស្ថានការណ៍​ទាំង​អស់ ដែល​អាច​កើត​មាន​ឡើង។ យើង​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ជា​និច្ច​ជា​កាល ដើម្បី​ការ​ពារ​មាតុភូមិ​របស់​យើង ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ យើង​មិន​អាច​ឲ្យ​សត្រូវ​ឈ្លាន​ពាន​បាន​ទេ។»

កាល​ពី​ថ្ងៃ​ពុធ ទី​២៦ កន្លង​ទៅ​នេះ កម្ពុជា​បាន​សម្រេច​កម្ទេច​ផ្ទាំង​ថ្ម ដែល​ដាក់​ក្បែរ​វត្ត​កែវ​សិក្ខា​គីរី​ស្វារៈ ដែល​បញ្ជាក់​អំពី​ទី​កន្លែង​ដែល​កង​ទ័ព​សៀម​ឈ្លាន​ពាន​កម្ពុជា​ចេញ ក្រោយ​ពី​មាន​ការ​ទទូច​ទាម​ទារ​ឲ្យ​ដក​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ថៃ។

ផ្ទាំង​ថ្ម​ដែល​កម្ពុជា​ដក​ចេញ​នោះ បាន​សរសេរ​ថា នៅ​ទី​នេះ​ជា​កន្លែង​កង​ទ័ព​សៀម​ចូល​មក​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​ដក​ទ័ព​ទៅ​វិញ​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១០។ ផ្ទាំង​ថ្ម​នេះ បាន​សរសេរ​ជំនួស​ដោយ​ពាក្យ​ថា ទី​នេះ​កម្ពុជា។

ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បាន​កើត​ឡើង​នៅ​ពេល​ដែល​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​ថៃ​បាន​អះអាង​ថា ដី​ទំហំ ៤,៦​គីឡូ​ម៉ែត្រ​ការ៉េ ក្បែរ​ប្រាសាទ​ព្រះវិហារ ជា​ទឹក​ដី​របស់​ខ្លួន។ ទាហាន​ថៃ និង​កម្ពុជា បាន​ប្រយុទ្ធ​គ្នា​ចំនួន ៣​លើក​កន្លង​មក បាន​បណ្ដាល​ឲ្យ​កងទ័ព​ទាំង​សង​ខាង​ស្លាប់ និង​របួស​រៀងៗខ្លួន៕