ខ្មែរ​ព្រម​ចរចា​ទ្វេភាគី​ជា​មួយ​ថៃ

ភាគី​កម្ពុជា និង​ថៃ អាច​មាន​ការ​ជួប​ចរចា​ទ្វេភាគី​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ ក្រោម​កិច្ច​សម្របសម្រួល​របស់​អង្គការ​យូណេស្កូ (UNESCO)។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​យក​សំណើ​របស់​បេសកជន​អង្គការ​យូណេស្កូ (UNESCO ) លោក កូអ៊ី ជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ដើម្បី​បើក​កិច្ច​ចរចា​ទ្វេភាគី រវាង​លោក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ជា​មួយ​សម​ភាគី​ថៃ គឺ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​បេតិកភណ្ឌ ផ្ដោត​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ។

ការ​ព្រមព្រៀង​ទទួល​យក​សំណើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ជា​មួយ​បេសកជន​របស់​អង្គការ​យូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា នៅ​ឯ​វិមាន​សន្តិភាព នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។

រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ អាន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​នោះ​ថា ការ​ជួប​នោះ គឺ​មាន​ភាគី​យូណេស្កូ​ជា​សាក្សី ៖ "អ៊ីចឹង​យើង​ជួប​គ្នា​តាម​របៀប​ដែល​មាន​ផ្លែ​ផ្កា មិន​មែន​យើង​ជួប​គ្នា​ដើម្បី​ឲ្យ​គេ​ប្រើប្រាស់​ក្នុង​ការ​អនុវត្ត​នយោបាយ​បិទ​ទ្វា ថា​ខ្ញុំ​ជួប​ជា​មួយ​កម្ពុជា អ៊ីចឹង​អ្នក​ឯង​ចាំបាច់​មក​ធ្វើ​អ្វី​ទៀត? មិន​មែន​ជួប​ក្នុង​របៀប​ហ្នឹង​ទេ។ គឺ​អាច​ជួប​គ្នា​នៅ​ទីស្នាក់ការ​យូណេស្កូ ដោយ​មាន​អ្នក​ដឹក​នាំ​ដែល​មាន​ទម្ងន់។ អ្នក​ដឹក​នាំ​យូណេស្កូ​ចូល​រួម"

លោក​បាន​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​ទេ សម្រាប់​ការ​ជួប​ចរចា​នោះ ប៉ុន្តែ​និង​អាច​មាន​ការ​ជួប​ចរចា​គ្នា នៅ​មុន​កិច្ច​ប្រជុំ​ត្រៀម​មួយ នៅ​ខែ​ឧសភា​ខាង​មុខ​នេះ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

កម្ពុជា​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​ប្រទេស​បារ៉ែន (Bahrain) នៅ​ខែ​មិថុនា ឆ្នាំ​២០១១ ខាង​មុខ​នេះ។

កន្លង​មក​គេ​សង្កេត​ឃើញ​ថា ភាគី​ថៃ​តែង​តែ​ប្រតិកម្ម​ទាមទារ​ឲ្យ​អង្គការ​យូណេស្កូ​ដក​ប្រាសាទ​ព្រះវិហារ​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក និង​បាន​ជំទាស់​ផែន​ការ​ចាត់​ចែង​របស់​កម្ពុជា នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា ៖ "ទោះបី​ជា​នៅ​ចំណុច​ណា​ក៏​ដោយ ឲ្យ​តែ​មាន​អ្នក​ទី​៣ ធ្វើ​ជា​សាក្សី រាល់​ការ​ចរចា​នៃ​ប្រទេស​ទាំង​២។ វា​ជា​ចំណុច​ល្អ​មួយ ប៉ុន្តែ​គ្រាន់​តែ​ការ​ចរចា​នេះ​មិន​ទាន់​បាន​ដាក់​លក្ខខ័ណ្ឌ​ថា ទៅ​លើ​បុព្វ​ហេតុ​អី"

មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​ថា កម្ពុជា​មិន​មាន​ការ​ប្រែប្រួល​ទេ ក្នុង​ការ​ដាក់​ផែនការ​ចាត់​ចែង​ពី​រឿង​ប្រាសាទ​ព្រះវិហារ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​បារ៉ែន នៅ​ខែ​មិថុនា​ខាង​មុខ​នេះ៕