ក្នុងចំណោមពលរដ្ឋខ្មែរអាមេរិកាំង ប្រមាណជាង ២០០នាក់ ដែលបានមកជួបជុំគ្នាប្រារព្ធខួបរំលឹកថ្ងៃ១៨ មីនា កាលពីរាត្រីថ្ងៃសៅរ៍ ទី១៧ មីនា ក្នុងរដ្ឋវឺហ្យីណា គឺមានអតីតទាហានខ្មែរជើងទឹក ជើងគោក និងជើងអាកាស នៃរបបសាធារណរដ្ឋខ្មែរ ក្នុងទសវត្សរ៍ដើមឆ្នាំ១៩៧០ ជិតមួយរយនាក់ បានធ្វើដំណើរមកពីរដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក។
លោក គុជ ចាន់លី ប្រធានគណៈកម្មការខ្មែរអាមេរិកាំង ដែលបានចាត់ចែងឲ្យមានជាពិធីប្រារព្ធខួបរំលឹកថ្ងៃ១៨ មីនា លើកដំបូងនេះ បានមានប្រសាសន៍ថា គោលដៅសំខាន់គឺដើម្បីរំលឹកដឹងគុណដល់យុទ្ធជនខ្មែរ ពលរដ្ឋសាមញ្ញ និងព្រះសង្ឃ កាលពីជំនាន់សាធារណរដ្ឋ លន់ នល់ ដែលមានភាពក្លាហាន ហ៊ានតតាំងប្រឆាំងនឹងការឈ្លានពានរបស់ក្រុមទាហានវៀតណាម កាលពីឆ្នាំ១៩៧០ ៖ «ទើបប្រារព្ធលើកទី១ សម្រាប់ខួបលើកទី៤២ ដើម្បីរំលឹកដល់យុទ្ធជនខ្មែរយើងជំនាន់ ១៨ មីនា ឆ្នាំ១៩៧០ ដែលបានលះបង់ជីវិត។ នេះយើងយល់ឃើញថា នេះជាកាយវិការដ៏សំខាន់ណាស់ ជាសក្ខីភាពនៃសេចក្ដីស្នេហាជាតិនៃកងទាហានទាំងបី យើងមានជើងទឹក ជើងគោក និងជើងអាកាស ដែលរួមជាមួយប្រជាពលរដ្ឋ មាននិស្សិត ព្រះសង្ឃ ដែលមានកាំបិត ពូថៅ ហ៊ានងើបឡើងតស៊ូប្រឆាំងនឹងទាហានវៀតកុង ដែលឈ្លានពានប្រទេសខ្មែរនៅឆ្នាំ១៩៧០...»។
ការប្រារព្ធខួបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ ថ្ងៃ១៨ មីនា នេះ គឺរៀបចំធ្វើឡើងនៅក្លឹបសហគមន៍ដ៏ធំមួយ ឈ្មោះ The Sterling Ruritan Club ក្នុងក្រុងស្ទឺរលីង រដ្ឋវឺហ្យីណា។ លោក គុជ ចាន់លី ថ្លែងបន្តថា ពិធីនេះបានចាប់ផ្ដើមពីម៉ោង ៧ល្ងាច ដោយមានការដង្ហែក្បួននៃអតីតក្រុមទាហានខ្មែរជំនាន់ លន់ នល់ ការសំដែងរបាំជូនពរ និងការប្រគំតន្ត្រីសម័យកំដររាំលេងរហូតដល់ចប់កម្មវិធីនៅម៉ោង១២ អាធ្រាត្រ ៖ «មានពលរដ្ឋខ្មែរជាង ២០០នាក់ មកពីរដ្ឋផ្សេងៗ បានមកចូលរួមរំលឹកនេះ ដែលពោរពេញទៅដោយទឹកចិត្តស្នេហាជាតិ និងដោយមនោសញ្ចេតនា។ យើងដង្ហែទង់ជ័យសាធារណរដ្ឋ មានការគោរពទង់ជាតិខ្មែរ ទង់ជាតិអាមេរិកាំង និងការដង្ហែរបស់កងពលខ្មែរជើងទឹក ជើងគោក និងជើងអាកាស ដើម្បីបង្ហាញដល់អ្នកដែលមកចូលរួមផងដែរ...»។
ក្រុមគណៈកម្មការខ្មែរអាមេរិកាំងនៅសហរដ្ឋអាមេរិក ដែលបានចាត់ចែងពិធីរំលឹកដឹងគុណនេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកចូលរួមជាង ២០០នាក់នោះ គឺមានការថ្លែងសន្ទរកថារំលឹកនូវប្រវត្តិថ្ងៃ១៨ មីនា និងការតស៊ូរបស់ពលរដ្ឋខ្មែរ ដោយអតីតនាយទាហានជើងអាកាស ជើងទឹក ជើងគោក និងមេដឹកនាំសហគមន៍ខ្មែរមួយចំនួនផងដែរ។
ថ្ងៃ១៨ មិនា ឆ្នាំ១៩៧០ គឺជាថ្ងៃលោកសេនាប្រមុខ លន់ នល់ ដែលជាមនុស្សជំនិតរបស់សម្ដេចព្រះនរោត្តម សីហនុ ដឹកនាំរដ្ឋប្រហារទម្លាក់ព្រះអង្គពីអំណាចជាប្រមុខរដ្ឋាភិបាល។ ក្រុមរបស់លោកសេនាប្រមុខ លន់ នល់ បានថ្កោលទោសសម្ដេចព្រះ នរោត្តម សីហនុ ថាបានឃុបឃិតអនុញ្ញាតអោយកងទ័ពវៀតណាមកុម្មុយនិស្តខាងជើងចូលមកបោះទីតាំងនៅលើទឹកដីកម្ពុជា។ ភ្លាមៗ ក្រោយពីទម្លាក់ព្រះអង្គពីអំណាច ទាហាននៃរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោក លន់ នល់ បានធ្វើយុទ្ធនាការបណ្ដេញកងទ័ពវៀតណាមខាងជើងចេញពីប្រទេសកម្ពុជា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។