ខ្មែរ​កម្ពុជា​ក្រោម​១៧​គ្រួសារ​តវ៉ា​រឿង​ដីធ្លី​ដែល​វៀតណាម​យក​ធ្វើ​សហករណ៍

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១៧​គ្រួសារ រស់​នៅ​ខេត្ត​ឃ្លាំង ទឹក​ដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម បាន​នាំ​គ្នា​ទៅ​តវ៉ា​បញ្ហា​ដីធ្លី​របស់​ខ្លួន នៅ​ការិយាល័យ​គណៈកម្មាធិការ​ជន​ជាតិ និង​តំបន់​ភ្នំ​ប្រទេស​វៀតណាម ដែល​រដ្ឋាភិបាល​យក​ធ្វើ​សហករណ៍​ក្នុង​រង្វង់​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៨៥ ហើយ​បាន​ប្រគល់​ឲ្យ​អ្នក​ផ្សេង​ទៅ​វិញ។

0:00 / 0:00

ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១៧​នាក់ តំណាង​ឲ្យ ១៧​គ្រួសារ រស់​នៅ​ខេត្ត​ឃ្លាំង ទឹក​ដី​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មិថុនា បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ក្រុង​គិនធើ ឬ​ព្រែក​ឫស្សី ប្រទេស​វៀតណាម ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គេ​វិញ។

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ក្នុង​ចំណោម​អ្នក​តវ៉ា ១៧​នាក់ ដែល​សុំ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​កុំ​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​ជា​អ្នក​ស្រុក​បឹង​អន្សា ខេត្ត​ឃ្លាំង បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ប្រទេស​វៀតណាម នៅ​ការិយាល័យ​គណៈកម្មាធិការ​ជន​ជាតិ និង​តំបន់​ភ្នំ ប្រចាំ​ក្រុង​គិនធើ ឬ​ព្រែក​ឫស្សី ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ ១​គ្រួសារ ៣​ទៅ ៤​ហិកតារ ដែល​រដ្ឋាភិបាល​វៀតណាម​យក​ធ្វើ​សហករណ៍​ក្នុង​រង្វង់​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៨៥។ ស្ត្រី​រូប​នេះ​បន្ត​ថា នៅ​ក្រោយ​ឆ្នាំ​១៩៨៥ សហករណ៍​បាន​រំសាយ រដ្ឋាភិបាល​វៀតណាម​មិន​បាន​ប្រគល់​ឲ្យ​ពួក​គេ​វិញ​ឡើយ ហើយ​បាន​ប្រគល់​ឲ្យ​អ្នក​ផ្សេង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​ពួក​គាត់​តវ៉ា​ខ្លាំង អាជ្ញាធរ​មិន​បាន​នៅ​ដោះ​ស្រាយ​ឲ្យ​ពួក​គាត់​ឡើយ ហើយ​បែរ​ជា​មាន​ក្រុម​ជន​ពាល​ទៅ​គំរាម​កំហែង​ពួក​គាត់​ទៅ​វិញ។

«រឿង​ដីធ្លី​ហ្នឹង​ណា៎ គេ​មក​កាប់​សម្លាប់​ដល់​ផ្ទះ ពី​ឆ្នាំ​៩១ មក​ឥឡូវ​វា​ចែក​ឲ្យ​គ្នា​វា​ធ្វើ​ហើយ វា​មិន​ព្រម​ជំនុំ​ឲ្យ ហើយ​ឥឡូវ​វា​ធ្វើ​បាប វា​ធ្វើ​ហួស​ហើយ ឆ្នាំ ៩០​គត់​ម្ល៉េះ វា​ចុះ​យក​ដី​ទឹក​ហ្នឹង វា​មិន​ព្រម​សង ឲ្យ​មក​ជួយ​ផង​ឥឡូវ ខ្ញុំ​កំពុង​ពិបាក​វេទនា វា​គ្មាន​ជួយ​អី​ទាំង​អស់»។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​ទៅ​មន្ត្រី​ស្ថាន​ទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ក៏​ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

អ្នក​នាំ​ពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក ព្រះ​ភិក្ខុ ព្រះ​នាម ថាច់ សុវី មាន​ព្រះ​ថេរៈ​ដីកា​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០០ មក​ម្ល៉េះ ពុំ​មាន​ការ ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ឡើយ ហើយ​រដ្ឋាភិបាល​វៀតណាម​បាន​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​ការ​រុញរា មិន​ហ៊ាន​ធ្វើ​ការ​តវ៉ា។

«ដែល​គាត់​ចេញ​ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រ​ទី ៦៧​នោះ​ទេ គាត់​ថា​យើង​តវ៉ា ដើម្បី​ឆ្លៀត​ឱកាស​ធ្វើ​នយោបាយ អ៊ីចឹង​ហើយ​អាត្មាភាព​ក្នុង​នាម​អ្នក​នាំ​ពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា អាត្មា​សុំ​បដិសេធន៍ ពី​ព្រោះ​ថា សហព័ន្ធ​ពុំ​មាន​ដឹក​នាំ ឲ្យ​បង​ប្អូន​ទៅ​តវ៉ា​ទេ នេះ​ដោយ​ការ​ភ្ញាក់​រលឹក​របស់​បង​ប្អូន អត់​ឃ្លាន​ស៊ី​គាត់​ឈឺ​ចិត្ត ប៉ុន្តែ​រដ្ឋាភិបាល​យួន​នៅ​តែ​ចោទ​ដើម្បី​យក​លេស​នយោបាយ​ដើម្បី​បង្ខិត ឬ​គំរាម​បង​ប្អូន​កុំ​ឲ្យ​ចេញ​តវ៉ា​បាន»។

ប្រភព​ពី​អ្នក​តវ៉ា​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​គណៈកម្មាធិការ​ជន​ជាតិ និង​តំបន់​ភ្នំ ប្រចាំ​ក្រុង​គិនធើ ឬ​ព្រែក​ឫស្សី បាន​បដិសេធន៍​ថា ពុំ​មាន​មន្ត្រី​ធ្វើ​ការ​ឡើយ។

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចូល​រួម​តវ៉ា​នោះ ចំនួន​៤​ខេត្ត គឺ​ខេត្ត​មាត់ជ្រូក ខេត្ត​ឃ្លាំង ខេត្ត​ព្រះ​ត្រពាំង និង​ខេត្ត​ក្រមួនស អតីត​ទឹក​ដី​ខ្មែរ​កម្ពុជា ដែល​បច្ចុប្បន្ន​គ្រប់​គ្រង​ដោយ​ប្រទេស​វៀតណាម សរុប​ប្រមាណ​ជា ៥០០​គ្រួសារ បាន​រួម​គ្នា​តវ៉ា​ពី​បញ្ហា​ដីធ្លី​នេះ។ បន្ទាប់​មក​នៅ​ដើម​ឆ្នាំ​២០០៩ ក៏​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ដាក់​ពន្ធនាគារ រី​ឯ​សកម្មភាព​នៃ​ការ​តវ៉ា ក៏​បាន​ថមថយ​រហូត​មក​ដល់​ថ្ងៃ​នេះ៕