ឥស្សរជននយោបាយខ្មែរ និងប្រជាពលរដ្ឋខ្មែរក្រោមជាច្រើននាក់ នៅថ្ងៃអាទិត្យ ទី១៩ កញ្ញា បានជួបជុំគ្នានៅវត្តសាមគ្គីរង្សី ក្រុងភ្នំពេញ ក្នុងសន្និបាតមួយ ដើម្បីរៀបចំមិត្តសមាគមខ្មែរក្រោមឡើងវិញ ក្រោយពីសមាគមនេះ បានបាត់ឈ្មោះអស់ជាង៦០ឆ្នាំ។
ប្រធានសមាគមមិត្តសមាគមខ្មែរក្រោម បានឲ្យដឹងថា ការរៀបចំសមាគមនេះឡើងវិញ គឺដើម្បីបន្តឆន្ទៈនៃសមាគមនេះតទៅទៀត ក្នុងប្រយោជន៍ជួយប្រជាពលរដ្ឋខ្មែរក្រោមផ្នែកសង្គមកិច្ច និងវប្បធម៌។ លោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរក្រោមរៀបរាប់ដូច្នេះ ៖ «គោលដៅរបស់យើងខ្ញុំគឺថា មួយចង់អភិវឌ្ឍផ្នែកវប្បធម៌ អក្សរសាស្ត្រ ហើយនិងប្រពៃណី ចង់បង្ហាញនូវអត្តសញ្ញាណខ្មែរកម្ពុជាក្រោម ជាពូជសាស្ត្រខ្មែរឈាមជ័រខ្មែរ»។
ប្រភពដដែលបានអះអាងថា មិត្តសមាគមខ្មែរក្រោម ដែលមានសញ្ញារាហូលេបព្រះច័ន្ទ ត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា ឡាំ ឯម នៅក្នុងខេត្តឃ្លាំង ឬហៅជាភាសាវៀតណាមថា សុកត្រាំង ដែលជាទឹកដីខ្មែរក្រោមកំពុងកាន់កាប់ដោយវៀតណាម ឬហៅថាវៀតណាមខាងត្បូង។
ក្រោយមកក៏បានផ្លាស់ប្ដូរទីតាំងមកកម្ពុជាវិញ ក្រោយពីមានការបង្ក្រាបពីអាជ្ញាធរវៀតណាម។ លុះដល់ឆ្នាំ១៩៧៩ ក៏បានបាត់មុខមួយរយៈ ហើយក៏បានបង្កើតជាថ្មីនៅទឹកដីកម្ពុជា នៅឆ្នាំ១៩៩៣ តែពុំសូវមានសកម្មភាពឡើយ។
លោក ថាច់ សាង ប្រធានសមាគមនាពេលបច្ចុប្បន្ន បានបញ្ជាក់ថា ពួកគេនឹងប្រឹងប្រែងសម្រួលជាមួយអាជ្ញាធរខ្មែរ ឲ្យគិតគូរជាចម្បងទៅក្នុងការជួយពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួនមកពីវៀតណាម ឲ្យមានអត្តសញ្ញាណប័ណ្ណ និងគិតគូរក្នុងការផ្សព្វផ្សាយវប្បធម៌របស់ខ្មែរក្រោម។
លោក តាំង សារៈ តំណាងសហព័ន្ធខ្មែរក្រោម នៅទីក្រុងភ្នំពេញបានសុំមិត្តសមាគមគិតគូរបន្ថែមទៀតដូច្នេះ ៖ «បើសិនជាសមាគមមានលទ្ធភាព ទី១ អាចស្រោចស្រង់ប្រជាពលរដ្ឋខ្មែរពីកម្ពុជាក្រោម ដែលគាត់បានភៀសខ្លួនឲ្យមានលទ្ធភាពផ្នែកជីវភាព ទី២ ផ្នែកនារី នៅឯវៀតណាម បើរៀនបានតែភាសាវៀតណាម រីឯភាសាខ្មែររៀនមិនបានជ្រៅជ្រះទេ គឺថា បើសិនជាមិត្តសមាគមអាចបង្កើនការយល់ដឹងដល់នារីបានប្រសើរឡើង»។
លោក យន្ត ថារ៉ូ តំណាងរាស្ត្រគណបក្សប្រឆាំងថ្លែងថា ៖ «យើងខ្ញុំគិតថា បើសិនជាមិត្តសមាគមខ្មែរក្រោម បានពង្រឹងនូវរចនាសម្ព័ន្ធឡើងវិញ ខ្ញុំគិតថាកិច្ចការងារនេះ ជាការល្អ ត្រឹមត្រូវ ហើយផលប្រយោជន៍នឹងដល់ខ្មែរកម្ពុជាក្រោម បើសិនជាមិត្តសមាគមធ្វើត្រឹមត្រូវ»។
មកដល់ពេលនេះ មានសមាគមខ្មែរក្រោមសរុបចំនួន ១៣សមាគម ហើយដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សមាគមខ្លះបានធ្វើការងារផ្ដោតទៅលើការជួយជ្រោមជ្រែងខ្មែរក្រោម លើផ្នែកសិទ្ធិមនុស្ស និងខ្លះទៀតបានធ្វើការងារផ្ដោតទៅលើការបណ្ដុះបណ្ដាលកូនចៅខ្មែរក្រោម ដោយផ្ដល់ឲ្យមានអាហារូបករណ៍ជាដើម។
មន្ត្រីសមាគមខ្មែរក្រោមដែលធ្វើសកម្មភាពការពារសិទ្ធិខ្មែរក្រោម បានធ្លាប់ត្អូញថា សកម្មភាពរបស់ពួកគេក្នុងការតវ៉ាដើម្បីមានការគោរពសិទ្ធិខ្មែរក្រោមនៅកម្ពុជា តែងតែជួបការលំបាកដោយមានការរាំងខ្ទប់ពីអាជ្ញាធរខ្មែរ។
ហើយជាមួយគ្នានេះដែរ កាលពីខែកក្កដាកន្លងទៅ នៅក្នុងកិច្ចប្រជុំធំមួយ រវាងគណៈប្រតិភូវៀតណាម និងមន្ត្រីខ្មែរ មន្ត្រីជាន់ខ្ពស់នគរបាលវៀតណាមបានស្នើឲ្យកម្ពុជាចាត់ការចំពោះអង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលធ្វើសកម្មភាពប្រឆាំងនឹងវៀតណាម នៅលើទឹកដីកម្ពុជាផងដែរ៕