ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់នៅក្នុងចំណោមគ្រួសាររងគ្រោះជាង៤០០គ្រួសារនោះបានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាមនោះថា នឹងមានការងើបតវ៉ាធ្វើបាតុកម្មរួមគ្នាបញ្ឈប់គ្រឿងចក្រជីកព្រែក ៖ «ថ្ងៃស្អែកហ្នឹងត្រៀមខ្លួនថា ចង់គេសម្លាប់ម៉េចក៏មិនខ្លាចដែរ! ទៅកន្លែងដីប្រឡាយរបស់ខ្ញុំផ្ទាល់ មិនឲ្យជីកតទៅទៀតទេ។ ពួកខ្ញុំសុំឲ្យឈប់ពេលហ្នឹង បើថាគេមិនដោះស្រាយឲ្យពួកខ្ញុំ ពួកខ្ញុំមិនព្រមឲ្យធ្វើទេ សុខចិត្តស្លាប់នៅនឹងដីស្រែដីចម្ការរបស់ពួកខ្ញុំហ្នឹងហើយ។ គេកំពុងតែកាយ គេកាយក្នុងថ្ងៃស្អែកហ្នឹងហើយ ស្អែកហ្នឹងគេកាយមែនទែនហើយ។ ពួកខ្ញុំមូលគ្នាទាំងអស់ គ្រប់ភូមិហ្នឹង មិនឲ្យគេធ្វើទេក្នុងថ្ងៃស្អែកហ្នឹង»។
តំណាងប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់ទៀតបានថែ្លងថា ក្រុមគ្រួសាររបស់លោកនឹងបាត់បង់ដីស្រែចំនួនទាំងពីរហិកតារនោះតែម្តង ដោយសារគម្រោងការជីកព្រែកកាត់ដីស្រែរបស់ប្រជាពលរដ្ឋជាង៤០០គ្រួសារនោះ ៖ «អង្គការសិទ្ធិមនុស្សអន្តរជាតិហ្នឹងថា ជួយធ្វើម៉េចឲ្យបងប្អូនខ្មែរក្រោមយើងមានដីធ្លីបង្កបង្កើនផលដូចបងប្អូនយៀកណាមហ្នឹង។ បងប្អូនយៀកណាមឥឡូវគេមានដីរាប់រយអង្ករក្នុងមួយគ្រួសារៗ ត្រង់ខ្មែរយើងដែលដីមានពិតប្រាកដហ្នឹង ដីពីជីដូនជីតាហ្នឹង បាត់អស់រលីង បាត់សូនឈឹង»។
ប្រភពបានឲ្យដឹងថា មានអ្នកកាសែតវៀតណាមម្នាក់មកពីទីក្រុងសៃហ្គនឬទីក្រុងព្រៃនគរ បានមកស៊ើបសួរប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមនានានៅទីនោះថាតើមានការបាត់បង់ដីស្រែកសិកម្មដោយសារតែផែនការជីកព្រែកនោះឬយ៉ាងណា?
មិនទាន់អាចទាក់ទងបានទេនៅថៃ្ងសៅរ៍ ទី២៩ ខែសីហា ដើម្បីសុំការបំភ្លឺឬប្រតិកម្មពីមន្រ្តីតំណាងស្ថានទូតវៀតណាមនៅក្នុងប្រទេសកម្ពុជា ជុំវិញគម្រោងការធ្វើបាតុកម្មនៅថៃ្ងអាទិត្យ ទី៣០ ខែសីហា ដោយសារទូរស័ព្ទគ្មានអ្នកទទួលឆ្លើយ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមគួរតែផ្តល់សំណងចំពោះការខូចខាតនិងការបាត់បង់ដីស្រែកសិកម្មនោះ។
លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា ៖ «ហើយនិងចូលរួមសេចក្ដីទុក្ខសោកជាមួយបងប្អូនខ្មែរក្រោមដែលកំពុងតែជួបប្រទះនូវការរំលោភយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរយួនផងដែរ ហើយយើងខ្ញុំក៏នឹងខិតខំក្នុងការស្វះស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងហ្នឹងដែរ ស្របពេលដែលដំណើរទស្សនកិច្ចរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ទៅកាន់កម្ពុជាក្រោម គឺសូមឲ្យលោកឆៀងចូលមើលជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋខ្មែរនៅទីនោះផងដែរ»។
សូមជម្រាបថា អាជ្ញាធរស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម ប្រភពបានឲ្យដឹងថា កំពុងតែអនុវត្តផែនការជីកព្រែកមួយប្រវែង១០គីឡូម៉ែត្រនិងទទឹង៥០ម៉ែត្រ ពុះកាត់តាមដីស្រែកសិកម្មរបស់ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួនជាង៤០០គ្រួសារនោះ និងកាត់តាមដីស្រែជាច្រើនរយហិកតារបណ្តាលឲ្យពួកគាត់បាត់បង់ដីស្រែកសិកម្មស្ទើរតែទាំងស្រុងដោយគ្មានសំណងអ្វីទ្បើយ៕