អ្នក​ភូមិ​ជីខ ខេត្ត​កោះកុង បិទ​ផ្លូវជាតិ​តវ៉ា​រឿង​ដីធ្លី

អ្នក​ភូមិ​ជីខ ឃុំ​ជីខ​លើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ប្រមាណ​ជាង ៣០០​នាក់ បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ ៤៨ ត្រង់​ម្តុំ​សាលា​ឃុំ​ជីខ​លើ មិន​ឲ្យ​មាន​ចរាចរ​ឆ្លង​កាត់​តំបន់​នោះ​ឡើយ ចាប់​តាំង​ពី​ម៉ោង​ប្រហែល ៩​ព្រឹក ថ្ងៃ​សៅរ៍ ទី​១២ ឧសភា។

បុរស​អ្នក​ភូមិ​ម្នាក់ ដែល​កំពុង​ស្ថិត​ក្នុង​ក្បួន​បាតុកម្ម​ឈ្មោះ អាន ហៃយា បាន​ឲ្យ​ដឹង​ថា បំណង​របស់​អ្នក​ភូមិ​ដែល​នាំ​គ្នា​មក​បិទ​ផ្លូវ​ជាតិ​នេះ គឺ​ទាមទារ​ឲ្យ​អាជ្ញាធរ តុលាការ ព្រម​ទាំង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មាន​វិធានការ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​នូវ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ រវាង​អ្នកភូមិ និង​ក្រុមហ៊ុន​ផលិត​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៧​មក។

រហូត​ដល់​ម៉ោង​ជាង​១២ ថ្ងៃ​ត្រង់ ថ្ងៃ​សៅរ៍ ទី​១២ ឧសភា អាជ្ញាធរ​មិន​ទាន់​មាន​វិធានការ​ដោះ​ស្រាយ​ជា​មួយ​ប្រជា​ពល​រដ្ឋ ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់​តំបន់​នោះ​បាន​នៅ​ឡើយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។