ជនជាប់ចោទ នួន ជា៖ លោក ហេង សំរិន មាន​សីលធម៌​ល្អ

ក្នុង​សវនាការ​សាលាដំបូង​នៅ​ថ្ងៃ​អង្គារ​ទី ៣១ មករា ជនជាប់ចោទ នួន ជា ថា​វៀតណាម​ឃោរឃៅ​ជាង​អាមេរិក ព្រោះ​វៀតណាម​ចូល​មក​ចាត់​តាំង​រដ្ឋ​អំណាច​ក្នុង​ទឹក​ដី​ខ្មែរ។ ប៉ុន្តែ លោក នួន ជា បាន​សរសើរ​ដល់​សីលធម៌​ល្អ​របស់​អតីត​សមមិត្ត​គាត់ គឺ​លោក ហេង សំរិន និង​លោក ង្វៀន វ៉ាន់​លិញ ជា​ប្រតិភូ​បក្ស​កុម្មុយនិស្ត​វៀតណាម កាល​ពី​ក្នុង​ទសវត្ស​ឆ្នាំ ១៩៥០។

0:00 / 0:00

ការ​រំឭក​ឡើង​វិញ​អំពី​អតីត​សមមិត្ត​របស់​គាត់ គឺ​លោក ហេង សំរិន បាន​ធ្វើ​ឡើង​ក្នុង​ពេល​គាត់​ឆ្លើយ​តប​សំណួរ​របស់​លោក​មេធាវី​អន្តរជាតិ​របស់​គាត់ គឺ​លោក មីឃៀល ផេស្តមែន (Michiel Pestman) នៅ​ពេល​ដែល​សួរ​អំពី​ប្រវត្តិ​តស៊ូ​របស់​គាត់​ និង​អំពី​ទំនាក់ទំនង​ជាមួយ​វៀតណាម។

សំឡេង៖ «ហេង សំរិន ហ្នឹង​គាត់​ក្រ​ទេ រក​តែ​ក្របី​ឃ្វាល​ផង។ មាន​តែ​ខោ​ខ្លី​មួយ។ ក៏​ប៉ុន្តែ គាត់​ល្អ​ណាស់ គុណ​ធម៌ សីលធម៌​គាត់ ហើយ​ក្លាហាន​តស៊ូ​ប្ដូរផ្ដាច់ ស៊ូ​លំបាក​វេទនា។ ក្រោយ​មក​ទៀត គាត់​បាន​ធ្វើ​ជា​មេ​ទ័ព ក្រោយ​រំដោះ។ ដូច្នោះ​គឺ​ថា ជីវិត​ខ្ញុំ ហើយ​និង​លោក ហេង សំរិន ហ្នឹង​ជាប់​គ្នា​ណាស់»។

ជន​ជាប់​ចោទ នួន ជា បាន​ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក ហេង សំរិន បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋសភា គឺ​ជា​អ្នក​នាំ​គាត់​ពី​ភ្នំពេញ​ទៅ​ជួប​តំណាង​បក្ស​កុម្មុយនិស្ត​វៀតណាម គឺ​លោក ង្វៀន វ៉ាន់​លិញ នៅ​ពេល​ដែល​គាត់​ចេញ​ពី​បក្ស​កុម្មុយនិស្ត​នៅ​ប្រទេស​ថៃ ចូល​មក​តស៊ូ​នៅ​ប្រទេស​កម្ពុជា។

ក្រៅ​ពី​លោក ហេង សំរិន ជន​ជាប់​ចោទ នួន ជា ក៏​បាន​រំឭក​ដល់​សិស្ស​រួម​ថ្នាក់​របស់​គាត់​មួយ​រូប​ទៀត​ដែរ គឺ​លោក ជា ស៊ីម ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា​សព្វថ្ងៃ​នេះ។

សំឡេង៖ «ជា ស៊ីម ហ្នឹង​ក៏​ធ្លាប់​រៀន​ជា​មួយ​ខ្ញុំ​ដែរ។ កាល​ណោះ​គាត់​ធ្វើ​គណៈ​ស្រុក​ត្បូង​ឃ្មុំ។ គាត់​ក៏​ក្រ​ដែរ អ្នក​ស្រែ​កណ្ដាល។ ប៉ុន្តែ​ពេល​ខ្លះ​ខ្វះខាត​ក៏​ខ្ចី​បុល​គេ​ទៅ។ ក្រោយ​មក​ទៀត ខ្ញុំ​ក៏​មិន​ដឹង​ថា​គាត់​ធ្វើ​អី​ទេ​ក្រោយ​រំដោះ ហើយ​ក៏​មិន​ដែល​បាន​ជួប​គ្នា»។

ជន​ជាប់​ចោទ នួន ជា ប្រាប់​អង្គ​ជំនុំជម្រះ​ទៀត​ថា ជីវិត​របស់​គាត់​ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ ១៩៥០ រហូត​មក​ទល់​ពេល​នេះ គឺ​តស៊ូ​រហូត ហើយ​ពេលវេលា​ភាគ​ច្រើន​មិន​គ្នា​នឹង​បក្ស​កុម្មុយនិស្ត​វៀតណាម​ទេ។ ចំណុច​ដែល​មិន​ត្រូវ​គ្នា​នេះ គឺ​ព្រោះ​តែ​បក្ស​កុម្មុយនិស្ត​កម្ពុជា​មិន​ព្រម​នៅ​ក្រោម​បង្គាប់​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម។

ទោះ​ជា​ដូច្នេះ​ក្ដី ជន​ជាប់​ចោទ នួន ជា បាន​សរសើរ​អំពី​កម្មាភិបាល​វៀតណាម​ឈ្មោះ ង្វៀន វ៉ាន់លិញ ដែរ ថា​ជា​មនុស្ស​ស្រួល​ទាក់ទង​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​វៀតណាម។

សំឡេង៖ «ពិត​មែន​តែ​មាគ៌ា​នយោបាយ​វៀតណាម​រួម​មាន​មាគ៌ា​ឈ្លានពាន​វាត​ទី​លេប​ទឹកដី​បំបាត់​ពូជសាសន៍​ ក៏​ប៉ុន្តែ ង្វៀន វ៉ាន់លិញ ជា​បុគ្គល​អាច​សន្ទនា​ជាមួយ​គ្នា​បាន។ មាន​កិច្ចការ​អី​គាត់​មិន​ច្រឡោត​តោតតូង​ដូច ហ្វាម ហ៊ុង ទេ។ បើ ហ្វាម ហ៊ុង ផ្សេង។ អាហ្នឹង​និយាយ​ខុស​បន្តិច​មុខ​ក្រហម»។

ជន​ជាប់​ចោទ នួន ជា និយាយ​ថា រវាង​វៀតណាម និង​កម្ពុជា​មាន​ភាព​ចម្រុះ​ទាំង​មិត្ត​ផង និង​សត្រូវ​ផង។ មិត្ត​គឺ​គាត់​និយាយ​ថា វៀតណាម​រួម​វាយ​អាមេរិក​ដូចគ្នា តែ​វៀតណាម​មាន​មហិច្ឆតា​ឈ្លានពាន​វាតទី​លេប​ទឹក​ដី​កម្ពុជា ជា​រហូត​មក។

សំឡេង៖ «វៀតណាម​ឃោរឃៅ​ជាង​អាមេរិក​ទៅ​ទៀត ព្រោះ​គេ​វ៉ៃ​ចូល​ទៅ​ចាត់តាំង​រដ្ឋ​អំណាច​អី​នៅ​ក្នុង​ព្រៃ​របស់​ខ្មែរ។ ឯ​អាមេរិក​គ្រាន់​តែ​ទម្លាក់​គ្រាប់​បែក​ទេ។ អាមេរិក​អត់​ចូល​មក​ទេ។ វៀតណាម​ចូល​មក​ទាំង​មនុស្ស​តែ​ម្ដង។ ហើយ​សព្វ​ថ្ងៃ​នេះ​លោក​ទាំង​អស់​គ្នា​ឃើញ​ស្រាប់​ហើយ។ ខ្ញុំ​និយាយ​នេះ មិន​មែន​កុហក​ទេ។ និយាយ​ការ​ពិត​តែ​ម្ដង ព្រោះ​តុលាការ​នេះ​ត្រូវ​ការ​ការ​ពិត យុត្តិធម៌ ដែល​មាន​ប្រយោជន៍​សម្រាប់​យុវជន​ជំនាន់​ក្រោយ»។

ការ​រំឭក​ដល់​ប្រវត្តិ​ត្រង់​នេះ ជន​ជាប់​ចោទ​ត្រូវ​បាន​ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក និល ណុន បញ្ឈប់ និង​ពន្យល់​ថា វា​ហួស​អង្គហេតុ​កំណត់​ធ្វើ​សវនាការ។

សំឡេង៖ «លោក នួន ជា អត្ថាធិប្បាយ​តប​សំណួរ គឺ​ត្រឹម​កម្រិត​នៃ​បរិបទ​ប្រវត្តិ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដូច​មាន​ចែង​នៅ​ក្នុង​បណ្ដា​កថាខណ្ឌ​ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​ដីកា​ដំណោះ​ស្រាយ​ពី​ខាង​ដើម គឺ​និយាយ​ត្រឹម​បរិបទ​ប្រវត្តិ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ប៉ុណ្ណោះ»។

សវនាការ​សួរ​ចម្លើយ​ជន​ជាប់​ចោទ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​ដោយសារ​តែ​សុខភាព​ចុះ​ខ្សោយ សវនាការ​បាន​ផ្អាក​មុន​ម៉ោង​នៅ​ពេល​ព្រឹក។

នៅ​ថ្ងៃ​ពុធ​ទី ១ កុម្ភៈ​ក្នុង​សប្ដាហ៍​នេះ សាលា​ដំបូង​គ្រោង​ផ្ដល់​ឱកាស​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សួរដេញដោល និង​ស្ដាប់​សក្ខីកម្ម​របស់​​ប្រ​ធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​លោក ឆាំង យុ។ លោក​ត្រូវ​បាន​កោះ​ឱ្យ​មក​ថ្លែង​បញ្ជាក់​លើ​រាល់​ឯកសារ​ភស្តុតាង​នានា ដែល​មាន​មន្ទិល​ដោយ​ភាគី​ជន​ជាប់​ចោទ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។