ខ្មែរ​នៅ​អាមេរិក​អំពាវនាវ​ឲ្យ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ឲ្យ​បាន​ឆាប់

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​មិន​អាច​បំភ្លេច​បាន​ទេ​នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ខណៈ​ដែល​ខ្មែរ​ក្រហម​បាន​វាយ​ដណ្តើម​កាន់កាប់​យក​ទីក្រុង​ភ្នំពេញ និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​២​លាន​នាក់​បាន​ស្លាប់​ក្នុង​របប​គ្រប់គ្រង​របស់​ខ្លួន ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ។

លោក តឹង យ៉ាប់ ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​បាន​មាន​ប្រសាសន៍​ថា ក្រៅ​ពី​ការជួបជុំ​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់ ក្រុម​របស់​លោក​ក៏​សូម​អំពាវនាវ​ផងដែរ​សុំ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នោះ​ឲ្យ​បាន​ឆាប់​និង​ប្រកប​ដោយ​យុត្តិធម៌។

លោក តឹង យ៉ាប់ បាន​មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​ណេះ​ពួក​យើង​ខ្ញុំ​ទាំងអស់​គ្នា​បាន​រួបរួម​គ្នា​ធ្វើ​ពិធី​ដុត​ទៀន​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​បង​ប្អូន​រួម​ជាតិ​ទាំងអស់​ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ប៉ុល ពត ហើយ​សូម​បួងសួង​ដល់​វត្ថុ​ដ៏​ស័ក្តិសិទ្ធិ​និង​ព្រលឹង​បង​ប្អូន​ទាំងអស់​ជួយ​ជំរុញ​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​កាត់​សេចក្ដី​ឲ្យ​បាន​ឆាប់​រហ័ស​មុន​នឹង​ពួក​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ស្លាប់​និង​ប្រកប​ដោយ​យុត្តិធម៌»