អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​ប្រតិកម្ម​ចំពោះ​ការ​ឈូស​ឆាយ​ដី​ជា​ថ្មី​របស់​ក្រុមហ៊ុន

ប្រជាពលរដ្ឋ​១០៨​គ្រួសារ​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​ប្រតិកម្ម​តវ៉ា​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ក្រុមហ៊ុន KDC ដែល​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដី​កំពុង​មាន​ទំនាស់។

0:00 / 0:00

បុរស​ឈ្មោះ រាជ សីមា ដែល​អះអាង​ថា​ជា​តំណាង​ប្រជាពលរដ្ឋ​ទាំង ១០៨​គ្រួសារ​នោះ រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ថា ក្រុមហ៊ុន KDC បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​លើ​ដី​របស់​ប្រជាពលរដ្ឋ។ លោក​ថា ដី​ទំហំ ១៨៤​ហិកតា​នេះ​ប្រជាពលរដ្ឋ​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មក។

គាត់​បន្ត​ថា ប្រជាពលរដ្ឋ​កំពុង​ប្តឹង​តវ៉ា តែ​ក្រុមហ៊ុន​បែរ​ជា​បំពាន​ច្បាប់​ដោយ​យក​គ្រឿងចក្រ​មក​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដោយ​មិន​រង់ចាំ​ដំណោះស្រាយ ៖ «រឿង​នេះ​នៅ​ក្ដីក្ដាំ​គ្នា​ជាមួយ​ប្រជាជន​នៅ​ឡើយ។ មិន​ទាន់​កាត់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឬ​ក៏​មិន​ទាន់​កាត់​ឲ្យ​មក​ប្រជាជន​ផង ក្រុមហ៊ុន​យក​អា​អិច​មក​ឈូស​បំពាន។ ប្រជាជន​មួយៗ​អត់​បាយ អត់​អី! ពិបាក​ផង អី​ផង! ខ្លះ​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ឯ​ស្រុក​ឆ្ងាយ អត់​មាន​អី​ហូប!»

ស្ត្រី​ឈ្មោះ កែវ សុខា បន្ថែម ៖ «នាង​ខ្ញុំ​សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ហ្នឹង​សិន​ទៅ។ ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះស្រាយ​ដោយ​យុត្តិធម៌​សិន សឹម​ភាគី​ម្ខាង​ធ្វើ!»

ដី​ទំហំ ១៨៤​ហិកតា​នៅ​ភូមិ​ឡពាង​ស្ថិត​ក្នុង​តំបន់​ដី​ដែល​កំពុង​មាន​ជម្លោះ​រវាង​ក្រុមហ៊ុន KDC ជាមួយ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។ អ្នក​ស្រុក​បាន​ចោទ​ថា ក្រុមហ៊ុន​បាន​ទិញ​ដី​នោះ​នៅ​ក្នុង​តំបន់​មួយចំនួន ប៉ុន្តែ​បែរ​ជា​ព័ទ្ធ​យក​ដោយ​ទាំង​ដី​របស់​អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ​ដែល​មិន​បាន​លក់។ ជម្លោះ​នេះ​បណ្តាល​ឲ្យ​អ្នក​ភូមិ​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ហើយ​មក​ដល់​ពេល​នេះ​មាន​អ្នក​ភូមិ​ខ្លះ​ទៀត​ត្រូវ​ជាប់​បណ្តឹង។

អ្នក​ស្រុក​បាន​និយាយ​ថា នៅ​ពេល​ពួក​គេ​តវ៉ា អាជ្ញាធរ​បែរ​ជា​ចោទ​ថា ពួក​គេ​ញុះញង់​គ្នា​ធើ្វ​បាតុកម្ម ប៉ុន្តែ​បណ្តឹង​អ្នក​ភូមិ​ដាក់​ឲ្យ​ដោះស្រាយ​បែរ​ជា​មិន​ដោះស្រាយ​ទៅ​វិញ។

តំណាង​ក្រុមហ៊ុន KDC គឺ​លោក ថៃ ហ៊ី មិន​ព្រម​ឆ្លើយ​ចំពោះ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ​នេះ។ លោក​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ៖ «រឿង​ហ្នឹង​ខ្ញុំ​អត់​ដឹង​ទេ រវល់​ណាស់ រវល់​ប្រជុំ!»

មេ​ឃុំ​តាជេស គឺ​លោក ឌី ឌឿន មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​អំពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ទេ។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក សំ ចាន់គា បាន​ចាត់ទុក​សកម្មភាព​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន KDC ថា​ជា​ទង្វើ​រំលោភ​ច្បាប់។

លោក សំ ចាន់គា បាន​បញ្ជាក់​ថា ៖ «អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​នេះ​បំពាន​ទៅ​ហើយ ពីព្រោះ​តុលាការ​មិន​ទាន់​សម្រេច​ដក​អង្គ​សេចក្ដី​នៅ​ឡើយ​ទេ អ៊ីចឹង​ហើយ​ក្រុមហ៊ុន​គួរតែ​ត្រូវ​ផ្អាក​រង់ចាំ​ការ​សម្រេច​ដោយ​អង្គ​សេចក្ដី​សិន»

អ្នក​រង​គ្រោះ​ក្នុង​រឿង​នេះ​បាន​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តំបន់​នោះ កាល​ពី​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​បាន​សន្យា​ថា នឹង​ដោះស្រាយ​ជូន​ប្រជាជន ប៉ុន្តែ​ក្រោយ​បោះឆ្នោត​រួច​បញ្ហា​នេះ​នៅ​ដដែល៕