លោក សម ប៊ុនធឿន បានឃើញហេតុការណ៍បាញ់បង្ក្រាបនោះបានរៀបរាប់ថា កាលពីថ្ងៃទី១៦ និងព្រឹកថ្ងៃទី១៧ វិច្ឆិកា គឺស្នងការខែត្រកំពង់ធំ ឈ្មោះ នូ ថានី និងអភិបាលស្រុកសន្ទុក លោក ពេជ្រ សុធា បានយកកម្លាំងទៅបណ្តេញប្រជាពលរដ្ឋចេញពីដីដែលមានគ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយដើម្បីឲ្យក្រុមហ៊ុនគ្រប់គ្រង។
លោក សម ប៊ុនធឿន បញ្ជាក់ដូច្នេះ ៖ «ប្រជាជនខឹងលើកគ្នាមកទាំងហ្វូងមក គេថា អ្ហែងចូលមកអញអត់ដែលបានបាញ់យូរហើយ ឥឡូវអញកំពុងចង់បាញ់។ ប្រជាជនចេះតែចូលៗទៅ បាញ់៣គ្រាប់។ ខ្ញុំថា បារមីពូកែទៅចុះ គ្រាប់ដែលវាបាញ់តម្រង់ជើងបាញ់អត់ផ្ទុះ ដល់បាញ់ទៅដីផ្ទុះ»។
មន្រ្តីនៃសមាគមយោធិនពិការលោក ហៃ ហេន បានលើកឡើងថា ដីនៅចំណុចបន្ទាយរនាង ឃុំក្រយា ស្រុកសន្ទុកនោះ សមាគមរបស់លោកបានទទួលលិខិតពីគណៈរដ្ឋមន្រ្តី ដែលភាសាសាមញ្ញហៅកាត់ថា ស.ជ.ណ ពីឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យយកផ្ទៃដីជាង១ម៉ឺនហិកតារនោះឲ្យសមាគមរបស់លោកដើម្បីចែកជូនយោធិនពិការនិងយោធិនរំសាយជាង១.៧០០គ្រួសារ ទទួលដីកាន់កាប់ក្នុងមួយគ្រួសារជាង១ហិកតារតាំងពីឆ្នាំ២០០៥មក។
លោក ហៃ ហេន បានឲ្យដឹងដូច្នេះ ៖ «ដីហ្នឹងសមាគមយោធិនពិការហ្នឹងមានស.ជ.ណចេញពីឧប ស ខេង តម្កល់ឈ្មោះភូមិនៅមហាផ្ទៃ គាត់ទទួលស្គាល់។ ប្រធានសមាគមនឹងសុំបន្តមកដល់រាជរដ្ឋាភិបាល មកដល់សម្ដេចនាយកទៀត សម្ដេចនាយកកំពុងតែរៀបចំឲ្យ»។
លោកបានបន្តថា ស្រាប់តែក្នុងរយៈពេលថ្មីៗនេះ មានក្រុមហ៊ុនវៀតណាមមួយឈ្មោះថា តាន់បៀន បានយកគ្រឿងចក្រមកឈូសឆាយដីនោះ ដែលកាលពីមុនមានការទទួលស្គាល់ពីអាជ្ញាធរខែត្រនោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីប្រធានក្រុមហ៊ុនតាន់បៀន ក៏ដូចជាស្នងការខែត្រនិងអភិបាលស្រុកសន្ទុក បានទេនៅថ្ងៃទី១៧ វិច្ឆិកា។ ប៉ុន្តែអភិបាលខែត្រកំពង់ធំ លោក ឈុន ឈាន់ បានបញ្ជាក់ថា យោធិនពិការទាំងនោះបានរស់នៅលើដីរដ្ឋ ដែលដីនោះរដា្ឋភិបាលបានសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនតាន់បៀនចំនួន៧០ឆ្នាំ ដើម្បីដាំកៅស៊ូ។
លោក ឈុន ឈាន់ បានបញ្ជាក់ដូច្នេះ ៖ «ក្រុមហ៊ុនគេប្ដឹងទៅរដ្ឋាភិបាល ដោយសារថា រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចជូនគេហើយ»។
លោកអភិបាលខែត្រកំពង់ធំដដែលបានឲ្យដឹងទៀតថា លោកមិនទាន់បានដឹងអំពីការប្រើអំពើហិង្សារបស់សមត្ថកិច្ចនៅឡើយទេ។
លោក អំ សំអាត មន្រ្តីស៊ើបអង្កេតអង្គការលីកាដូ បានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតនិងដោះស្រាយបញ្ហានេះឲ្យបានឆាប់ ដ្បើម្បីជួយសម្រួលដល់ជនពិការទាំងនោះ។ លោកបានបញ្ជាក់ថា រឿងទំនាស់ដីនេះជារឿងចាស់ដែលកើតឡើងកាលពីចុងឆ្នាំ២០០៧មក។
ក្រុមយោធិនពិការទាំងនោះបានលើកឡើងថា ពួកគេកំពុងមានការព្រួយបារម្ភខ្លាចមានការចាប់ខ្លួន ហើយសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីរកដំណោះស្រាយជូនពួកគេផងដែរ៕