អាជ្ញាធរ​ខែត្រ​រតនគិរី​រង​ការ​ចោទ​ថា​បង្ខំ​អ្នក​ភូមិ​ឲ្យ​យក​អំណោយ​ដើម្បី​ឈប់​ប្ដឹង

តំណាង​អ្នក​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ៦ តុលា ឆ្នាំ​២០០៩​ថា អាជ្ញាធរ​មូលដ្ឋាន​ដាក់​គំនាប​បង្ខំ​ឲ្យ​ធ្វើការ​សម្រប​សម្រួល​ទទួល​យក​អំណោយ​បន្ថែម​ទៀត ហើយ​បញ្ឈប់​ការ​ប្តឹង​តវ៉ា​ទាមទារ​ដី​ពី​អ្នកស្រី គាត កុលណី។

0:00 / 0:00

សេចក្តី​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សេវ ញ៉ាង មេ​ឃុំ​ប៉ាតេ បាន​ដឹក​នាំ​ស្មៀន​ឃុំ​និង​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ ប្រមូល​ផ្តុំ​អ្នក​ភូមិ​ប្រមាណ​១០០​នាក់ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ច័ន្ទ ទី​៥ តុលា ដោយ​ជំរុញ​អ្នក​ភូមិ​ឲ្យ​ទទួល​យក​អំណោយ​៣​ប្រភេទ មាន​ប្រាក់​៤០០​ដុល្លារ ឬ​ទទួល​យក​កូន​កៅស៊ូ​ចំនួន​មួយ​ហិកតារ​ក្នុង​មួយ​គ្រួសារ ឬ​អំណោយ​ជា​រួម​សាលារៀន​មួយ​ខ្នង​មាន​ពីរ​បន្ទប់​សម្រាប់​ជា​ថ្នូរ​ក្នុង​ករណី​ខាង​លើ។

លោក រចំ ហ្វីល តំណាង​អ្នក​ភូមិ​បញ្ជាក់ ៖ «ចាស់​ទុំ​គាត់​ថា នេះ​ហើយ​មេ​ឃុំ​កាល​ពី​មុន​ហ្នឹង​មក​ហើយ អ្នក​ភូមិ​ថា​អត់​ព្រម គឺ​អត់​ព្រម​ហើយ»

ចំណែក​អ្នកស្រី សេវ ខែម តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​បន្ត​ថា ៖ «បើ​ថា​នរណា​អត់​ផ្ដិត​មេ​ដៃ​អត់​មាន​លុយ ហ្នឹង​ដូច​ជា​បង្ខំ​ដែរ»

សូម​បញ្ជាក់​ដែរ​ថា អ្នក​ភូមិ​គងយុ ជាង​៤០​គ្រួសារ កាល​ពី​ឆ្នាំ​២០០៤ បាន​ដាក់​ពាក្យ​ប្តឹង​អ្នកស្រី គាត កុលណី ពី​បទ​រំលោភ​យក​ដី​សហគមន៍​ជនជាតិ​ដើម​៥០០​ហិកតារ​ដើម្បី​ដាំ​កៅស៊ូ ហើយ​ទាមទារ​បញ្ឈប់​ការ​ទន្ទ្រាន​យក​ដី និង​ប្រគល់​ដី​ប្រមាណ​២០០​ហិកតារ​ដែល​អ្នកស្រី​បាន​ឈូសឆាយ និង​ដាំ​កៅស៊ូ​រួច​ហើយ​មក​ក្រុម​សហគមន៏​ជនជាតិ​ដើម​គ្រប់គ្រង​វិញ។ ជាមួយ​នោះ​ដែរ អ្នក​ភូមិ​ក៏​បាន​ប្តឹង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ពី​បទ​ឃុបឃិត​ឆបោក ក្លែង​ឯកសារ និង​ទទួល​សំណូក​ដើម្បី​ចូល​ទៅ​កាន់​កាប់​ដី​សហគមន៍​ដោយ​បំពាន​ច្បាប់។

លោក សេវ ញ៉ាង មេ​ឃុំ​ប៉ាតេ បដិសេធ​សេចក្តី​ចោទ​ប្រកាន់​ខាង​លើ។ លោក​ទទួល​ស្គាល់​ថា បាន​ចលនា​អ្នក​ភូមិ​មែន តែ​ជា​ចេតនា​ដើម្បី​បម្រើ​ផល​ប្រយោជន៍​អ្នក​ភូមិ​វិញ​តែ​ប៉ុណ្ណោះ ៖ «គោល​បំណង​ខ្ញុំ​មក​ហ្នឹង មក​ចង់​សម្រប​សម្រួល​ឲ្យ​ទេ កុំ​ឲ្យ​យើង​ប្ដឹង អត់​មាន​ផល​ប្រយោជន៍»

លោក សួង សុធា មេធាវី​ការពារ​ក្តី​ឲ្យ​អ្នក​ភូមិ​មាន​ប្រសាសន៍​ថា គួរ​ទុក​លទ្ធភាព​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ ៖ «គាត់​មិន​ព្រម​ធ្វើ​តាម​គេ មាន​ការ​លំបាក​ដល់​គាត់​នៅ​ពេល​ដែល​គាត់​ត្រូវ​ការ​ពឹង​ពាក់​អាជ្ញាធរ​អី​អ៊ីចឹង»

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក មាន​ប្រសាសន៍​ពី​ករណី​នេះ​ថា ៖ «មិន​អាច​ថា មាន​បុគ្គល​ជា​ក្រុម​អី​ធ្វើ​ការ​ដោះស្រាយ​សម្រប​សម្រួល​យ៉ាង​ហ្នឹង​ទេ ការ​ដោះស្រាយ​ស្ថិត​លើ​ប្រព័ន្ធ​ច្បាប់»

កាល​ពី​ឆ្នាំ​២០០៨ លោក យឹម សុវណ្ណ ក្នុង​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ទី​៤ រដ្ឋ​សភា​ខ្មែរ បាន​ចុះ​មក​ស៊ើប​អង្កេត​ពាក្យ​បណ្តឹង​អ្នក​ភូមិ​គងយុ។ លោក​មាន​ប្រសាសន៍​បញ្ជាក់​នៅ​មុខ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថា ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​មិន​អាច​ធ្វើការ​លក់​ដូរ​បាន​ទេ។

កាល​ពី​ដើម​ខែ​កញ្ញា អ្នក​ភូមិ​គងយុ ប្រមាណ​៤០​នាក់ បាន​នាំ​គ្នា​ទៅ​សាលា​ឃុំ ដើម្បី​ទាមទារ​ឲ្យ​មេ​ឃុំ​ជួយ​ដោះស្រាយ​អំពើ​គំរាម​កំហែង​បង្ខំ​ពី​មេភូមិ ឲ្យ​អ្នក​ភូមិ​ទទួល​យក​អំណោយ​នោះ​ម្តង​រួច​ទៅ​ហើយ។ ពួកគាត់​និយាយ​ថា នឹង​តស៊ូ​រឿង​ក្តី​តាម​ផ្លូវ​តុលាការ​ឲ្យ​ដល់​ទី​បញ្ចប់ ដើម្បី​ការពារ​ដីធ្លី​អាយុ​ជីវិត​ទុក​ជា​ប្រយោជន៍ ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​ដើម​ឲ្យ​បាន​គង់វង្ស៕