ជម្លោះ​ដី​រវាង​អ្នក​ភូមិ​នៅ​រតនគិរី​និង​ភរិយា​មន្ត្រី​ជាន់​ខ្ពស់​មិន​ទាន់​បញ្ចប់

ជម្លោះ​ដី​ធ្លី​សហគមន៍​ជនជាតិ​ដើម​ភូមិ​គងយុ ខេត្ត​រតនគិរី ជាមួយ​អ្នកស្រី គាត កុលណី ភរិយា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​បញ្ចប់​បាន​នៅ​ឡើយ។

ក្រុម​មេធាវី​ការពារ​ក្តី​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​បាន​ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​រំខាន​និង​ដាក់​គំនៀប​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ទៅ​លើ​ក្រុម​មេធាវី​និង​អ្នក​ភូមិ​គងយុ នៅ​ក្នុង​ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកស្រី គាត កុលណី ភរិយា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ គឺ​លោក ឆាន់ សាផាន់។

នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​មករា ឆ្នាំ​២០១០ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ម៉ន វុទ្ធី មាន​ប្រសាសន៍​ថា មេ​ភូមិ​និង​មេ​ឃុំ​ប៉ាតេ​បាន​រំលោភ​សិទ្ធិ​របស់​ក្រុម​មេធាវី​ដែល​កំពុង​ដំណើរ​កិច្ច​ការពារ​ក្តី​អ្នក​ភូមិ​តាម​ផ្លូវ​តុលាការ។

លោក ម៉ន វុទ្ធី បាន​ឲ្យ​ដឹង​ថា ៖ «ក្រុម​មេ​ភូមិ​ហ្នឹង​ព្យាយាម​អុកឡុក​ពួក​ខ្ញុំ​មិន​ឲ្យ​និយាយ​ជាមួយ​កូន​ក្ដី ហើយ​លោក​មេ​ឃុំ​ហ្នឹង​គាត់​ថា មក​ហ្នឹង​ត្រូវតែ​ឲ្យ​ព័ត៌មាន​គាត់​ដឹង»

មេធាវី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ពីរ គឺ​មេធាវី​នៃ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ចំនួន​ម្នាក់ និង​មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ៤​នាក់។ ក្រុម​មេធាវី​ទាំង ៥​នាក់​នេះ​បាន​ទទួល​ការពារ​ក្តី​ឲ្យ​អ្នក​ភូមិ​គងយុ​ជាង ៦០​គ្រួសារ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ចំនួន ៥០០​ហិកតា​ជាមួយ​អ្នកស្រី គាត កុលណី តាំង​ពី​ឆ្នាំ​២០០៤​មក។

មេ​ឃុំ​ប៉ាតេ លោក សេវ ញ៉ាន មាន​ប្រសាសន៍​ឆ្លើយ​តប​ចំពោះ​សេចក្តី​ចោទ​ប្រកាន់​វិញ​ថា លោក​បំពេញ​តួនាទី​ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​តាម​សំណូមពរ​របស់​មេ​ភូមិ​និង​អ្នក​ភូមិ ៖ «ប្រជាពលរដ្ឋ​គេ​ចង់​ដក​ពាក្យ​បណ្ដឹង​ទៅ​បិទ​សិទ្ធិ​គេ​ម៉េច​បាន»

អ្នក​ភូមិ​គងយុ​និយាយ​ថា មេ​ភូមិ​និង​មេ​ឃុំ​ចលនា​ឲ្យ​អ្នក​ភូមិ​ទទួល​យក​ប្រាក់ ៤០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ ឬ​សាលា​រៀន​រួម​មួយ​ខ្នង ៣​បន្ទប់ ឬ​ទទួល​យក​កូន​កៅស៊ូ​សម្រាប់​ដាំ​មួយ​គ្រួសារ​មួយ​ហិកតា បើ​អ្នក​ភូមិ​ណា​យល់ព្រម​ដក​ពាក្យ​បណ្តឹង​អ្នកស្រី គាត កុលណី ចេញ​ពី​តុលាការ។

តំណាង​អ្នក​ភូមិ លោក រម៉ាម ហ្វីល មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ដែល​ឋិត​ក្រោម​គំនាប​ខាង​លើ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​អ្នក​ភូមិ​ទទួល​អំណោយ​បន្ថែម និង​ការ​រារាំង​មេធាវី​អ្នក​ភូមិ​នោះ​ទេ ៖ «ទៅ​បង្ខំ​មាត់ យូរៗ​ម្ដងៗ និយាយ​ឲ្យ​យើង​ផ្ដិត​មេ​ដៃ»

មន្ត្រី​ផ្នែក​អង្កេត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ ដែល​បាន​ឃ្លាំមើល​ករណី​នេះ​ជា​ច្រើន​ឆ្នាំ​រហូត​មក មាន​ប្រសាសន៍​ថា ការ​ចលនា​ឲ្យ​អ្នក​ភូមិ​ទទួល​ប្រាក់ ហើយ​ប្រគល់​ដី​គឺ​ជា​ការ​បំពាន​ទៅ​លើ​ច្បាប់​ភូមិបាល​ទាក់ទិន​ដី​ធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។

លោក ឈឹម សាវុធ បាន​បញ្ជាក់​ថា ៖ «តាម​ផ្លូវ​ច្បាប់​វិញ បើ​ទោះ​ជា​អ្នក​ភូមិ​ព្រម ក៏​បុគ្គល​ម្ខាង​ទៀត​អត់​មាន​សិទ្ធិ​ទៅ​កាន់​កាប់​លើ​ដី​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ»

អ្នក​ភូមិ​គងយុ​បាន​ប្តឹង​ចោទ​ប្រកាន់​អ្នកស្រី គាត កុលណី និង​អាជ្ញាធរ​មូលដ្ឋាន​ពី​បទ​ឃុបឃិត​គ្នា​ឆបោក ក្លែង​ឯកសារ​លក់​ដូរ​ដី​អ្នក​ភូមិ​តាំង​ពី​ឆ្នាំ​២០០៤​មក និង​ប្តឹង​បដិសេធ​កិច្ច​សន្យា​ទិញ​លក់​ដី​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្តឹង​អ្នកស្រី គាត កុលណី ពី​បទ​រំលោភ​យក​ដី​បំផ្លាញ​ផល​ដំណាំ។ ក៏​ប៉ុន្តែ​តុលាការ​ខេត្ត​បាន​បដិសេធ​មិន​ចាត់ការ​រឿង​ចោទ​ពី​ករណី​ឆបោក​និង​ក្លែង​ឯកសារ។ ចំណែក​ការ​ប្តឹង​បដិសេច​កិច្ច​សន្យា​និង​រឿង​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​អ្នក​ភូមិ​កំពុង​ឋិត​នៅ​ក្នុង​ចំណាត់ការ​របស់​តុលាការ​នៅ​ឡើយ៕