ពលរដ្ឋ​ប្រមាណ​២០០​នាក់​ហ៊ុមព័ទ្ធ​គ្រឿង​ចក្រ​ក្រុមហ៊ុន​នៅ​ខែត្រ​សៀមរាប

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​នៅ​ភូមិ​ល្វា ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ក្នុង​ដៃ​មាន​កាំបិត​និង​ពូថៅ​បាន​លើក​គ្នា​ហ៊ុមព័ទ្ធ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ដើម្បី​ប្រឆាំង​នឹង​ការឈូស​ឆាយ​របស់​ក្រុមហ៊ុន បានយ៉ាគ្រូប Co., Ltd. នៃ​គម្រោង​សាងសង់​ទីក្រុង​រណប​ទេសចរណ៍​លើ​ផ្ទៃ​ដី​ជា​ច្រើន​ពាន់​ហិកតារ​ក្នុង​តំបន់​នោះ។

0:00 / 0:00

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួក​គាត់​បាន​លើក​គ្នា​មក​ទៅ​តាម​ការកោះហៅ​របស់​ក្រុមហ៊ុន​ដែល​ថា​បាន​អញ្ជើញ​មន្ត្រី​ស្រុក​​ឃុំ​និង​ភូមិ​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​គ្នា​លើ​គោល​នយោបាយ​ដោះស្រាយ​សំណង​ដី​ធ្លី​ដែល​ប៉ះពាល់​ក្នុង​ប្លង់​ក្រុមហ៊ុន ប៉ុន្តែ​ពេល​មក​ដល់​មិន​មាន​ឃើញ​មន្ត្រី​មក​ដោះស្រាយ​ទេ​គឺ​ឃើញ​តែ​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ទៅ​វិញ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ព័ទ្ធ​គ្រឿងចក្រ​មិន​ឲ្យ​ធ្វើ​សកម្មភាព ៖ «នៅ​ខាង​មុខ​ដី​ស្រែ​ខ្ញុំ​វា​ឈូស​លុប​ទៀត ខុស​នឹង​ពាក្យ​សន្យា​ដែល​ថា​មក​ចរចា ដល់​អ៊ីចឹង​ទៅ​ពួក​ខ្ញុំ​ចង់​ឲ្យ​អាត្រាក់​នេះ​ថយ​ទៅ​វិញ ប៉ុន្តែ​ពួក​ខាង បេស យក​អា​មេ​ដាក់​ប្រជាជន​ទៀត»

តាម​អ្នក​ភូមិ​បាន​អះអាង​ថា ខណៈពេល​ដែល​អ្នក​ភូមិ​ជា​ច្រើន​រយ​នាក់​បាន​លើក​គ្នា​ហ៊ុមព័ទ្ធ​គ្រឿងចក្រ​គឺ​មាន​កម្លាំង​ប៉ូលិស​និង​ទាហាន​ជា​ច្រើន​បាន​បញ្ជូន​ទៅ​ទី​នោះ។ ទោះ​យ៉ាង​ណា​មិន​អាច​ទំនាក់​ទំនង​សុំ​ការបំភ្លឺ​បញ្ហា​នេះ​ពី​តំណាង​ក្រុមហ៊ុន បានយ៉ាគ្រូប Co., Ltd. បាន​ទេ។

ចំណែក​អភិបាល​រង​ស្រុក​វ៉ារិន​ដែល​បាន​ចុះ​ពិនិត្យ​បញ្ហា​ទំនាស់ គឺ​លោក ឈឹម ឈុន បាន​មាន​ប្រសាសន៍​ថា ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រឆាំង​ក្រុមហ៊ុន​នោះ​គឺ​បណ្តាល​មក​ពី​ប្រជាពលដ្ឋ​ខ្លះ​ថា​មាន​ដី​ស្រែ​ចម្ការ​នៅ​ក្នុង​ប្លង់​ដែល​ក្រុមហ៊ុន​ត្រូវ​ឈូស​ឆាយ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​បាន​ដោះស្រាយ​សំណង​សមរម្យ​ឲ្យ​ពួក​គាត់​នៅ​ឡើយ។

លោក ឈឹម ឈុន បាន​មាន​ប្រសាសន៍​ថា ៖ «ក្រុមហ៊ុន​មិន​ទាន់​ដោះស្រាយ ប្រជាពលរដ្ឋ​គេ​ទៅ​ផ្អាក​គ្រឿងចក្រ​មិន​ទាន់​ឲ្យ​ឈូស​ឆាយ​ឯណា។ ខ្ញុំ​អត់​ដឹង​គោលការណ៍​ផង ពីព្រោះ​ខ្ញុំ​គ្រាន់តែ​អាជ្ញាធរ​ជួយ​សម្រប​សម្រួល​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណឹង​ឯង»

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា បញ្ហា​ដែល​អ្នក​ភូមិ​នៅតែ​តវ៉ា​មិន​ស្ងប់​ដោយសារ​តែ​អាជ្ញាធរ​ឃុំ​ភូមិ​មិន​បាន​ដោះស្រាយ​គោលនយោបាយ​ដែល​ក្រុមហ៊ុន​បាន​ចេញ​លុយ​ជា​ច្រើន​ម៉ឺន​ដុល្លារ​រួច​ហើយ​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទេ ហើយ​ម្យ៉ាង​ទៀត​ការដោះស្រាយ​របស់​ក្រុមហ៊ុន​ទៅ​លើ​ដី​ចម្ការ​មួយ​ហិកតារ​តម្លៃ​២០០​ដុល្លារ​គឺ​អ្នក​ភូមិ​មិន​ទទួល​យក​បាន​ឡើយ។

លោក សួស ណារិន បាន​ឲ្យ​ដឹង​ថា ៖ «មិន​ស្ងប់​ដោយសារ​ប្រជាពលរដ្ឋ​គាត់​ទាមទារ​ចង់​តែ​បាន​សំណង​ដី​ជា​លុយ​ហ្នឹង​ច្រើន មួយ​ហិកតារ​៧​-​៨​ពាន់​ដុល្លារ ក្រុមហ៊ុន​គេ​មាន​លទ្ធភាព​សង​តែ​២០០»

អភិបាល​ខេត្ត​សៀមរាប លោក ស៊ូ ភិរិន្ទ បាន​មាន​ប្រសាសន៍​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ លោក​នឹង​អញ្ចើញ​មន្ត្រី​ស្រុក​និង​ក្រុមប្រឹក្សា​ឃុំ​មក​ប្រជុំ​នៅ​សាលា​ខេត្ត​ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នោះ​និង​ស្រាវជ្រាវ​ឲ្យ​ប្រាកដ​ថា ទី​នោះ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឬ​យ៉ាង​ណា?។

លោក ស៊ូ ភិរិន្ទ បាន​បញ្ជាក់​ថា ៖ «អភិបាល​ស្រុក... រក​រឿង​ពិត​ប្រាកដ​វា​កម្មសិទ្ធិ​របស់​រដ្ឋ ឬ​មួយ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ»

សូម​រំឭក​ថា កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០០៨ ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៦​ភូមិ​នៅ​ឃុំ​ស្រែណូយ​បាន​លើក​គ្នា​ប្រឆាំង​ក្រុម​បានយ៉ាគ្រូប​៤​ថ្ងៃ​ជាប់ៗ​គ្នា​ម្តង​មក​ហើយ​ខណៈ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​៧០០០​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទីក្រុង​រណប​ទេសចរណ៍​និង​រក្សា​ទុក​ព្រៃ​ធម្មជាតិ​ទី​នោះ៕