មេភូមិព្នៅ ឃុំត្រពាំងគង លោក ផាន់ សាវ៉ាត ថ្លែងថា ក្នុងភូមិនោះមានបញ្ហាជម្លោះដីច្រើនបានកើតរវាងអ្នកភូមិនិងអ្នកភូមិ និងរវាងក្រុមហ៊ុននិងសមូហភាពជាដើម។ លោកថា ដីជម្លោះមានពាក់ព័ន្ធដីអតីតរោងចក្រស្ករស កំពង់ត្រាំ ជាមួយមន្ត្រីយោធានិងក្រុមហ៊ុន និងសមូហភាពផងដែរ។ លោកបន្តថា ការចុះដោះស្រាយកាលពីព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ហាក់មិនទាន់មានការឯកភាពគ្នានៅឡើយដោយភាគីម្ខាងមកចូលរួមសម្រុះសម្រួល ឯភាគីម្ខាងទៀតមិនចូលរួមជាដើម។ លោកថា ក្នុងការវាស់វែងធ្វើប្លង់កម្មសិទ្ធិនោះក៏មានការវាស់ច្រឡំដែរ។
លោក ផាន់ សាវ៉ាត បានឲ្យដឹងដូច្នេះ ៖ «បើនិយាយទៅ យើងអត់បានដោះស្រាយអីបានមួយរឿងទេ អ៊ីចឹងខាងមន្ត្រីនោះគេលើកថា ចាំប្រហែលជាមួយអាទិត្យទៀត ដោយសារខាងក្រុមហ៊ុនអត់បានមកទាំងអស់ ហើយកាលពីព្រឹកមិញយើងបានដោះស្រាយពលរដ្ឋនិងពលរដ្ឋ ហ្នឹងក៏វាអត់បានជោគជ័យដែរ»។
តំណាងប្រជាជន ៩១គ្រួសារក្នុងភូមិព្នៅ លោក ទិត ចាន់ថា បានឲ្យដឹងថា ក្បាលដីលេខ៦១៩ មានពាក់ព័ន្ធនឹងមន្ត្រីយោធាដែលជំពាក់ប្រាក់ជាមួយប្រជាជន។ ហេតុនេះការសម្រុះសម្រួលមិនទាន់បានសម្រេច ដោយភាគីម្ខាងមិនបង្ហាញខ្លួន មកតែខាងសមូហភាពភូមិ។
លោក ទិត ចាន់ថា មានប្រសាសន៍ថា ៖ «ក្បាលដី ៦១៩នោះ បញ្ហា ៣ករណីទៅ ៤ករណី។ ករណីទី១ រំលោភលើកិច្ចព្រមព្រៀងរបស់ប្រជាពលរដ្ឋ និងតំណាងខាងយោធា។ ទីពីរ គាត់យកដីរាស្ត្រនោះចំនួន ៣ហិកតាដីស្រែ ហើយទៅយកដីអតីតរោងចក្រស្ករសជាង ៦ហិកតាទៀត ហើយជំពាក់លុយប្រជាពលរដ្ឋ ៦.០០០ដុល្លារ។ ជំពាក់លុយ ៦ពាន់ដុល្លារហើយយកស្នាមមេដៃប្រជាពលរដ្ឋហ្នឹងមកប្ដឹងប្រជាពលរដ្ឋវិញទៀត»។
មន្ត្រីសុរិយោដីប្រចាំការនៅក្នុងភូមិព្នៅ លោក អ៊ុក សុភី បានបំភ្លឺរឿងចុះសម្របសម្រួលក្នុងការចុះបញ្ជីដីធ្លីក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថា ក្នុងស្រុកសំរោងទង មន្ត្រីការងាររៀបរយដីធ្លីបានចុះបញ្ជីដីបានចំនួន ៤ឃុំរួចហើយ នៅសល់ឃុំត្រពាំងគង ដែលនៅមានបញ្ហាចម្រូងចម្រាស់។
លោក អ៊ុក សុភី មានប្រសាសន៍ដូច្នេះ ៖ «យើងទទួលពាក្យបណ្ដឹងរបស់គាត់ហ្នឹង ពីមុនមកទទួលបាន ៦រឿង តែព្រឹកមិញនេះគាត់ថែមពីររឿងទៀត វាឡើងជា៨។ ក្នុង ៨នោះវាមាន ២ភូមិ ទាំងភូមិថ្កូវ និងភូមិព្នៅ តែយើងបានដោះស្រាយនៅក្នុងភូមិថ្កូវ រួចមួយរឿង នៅសល់មួយរឿងទៀត។ នៅភូមិព្នៅនោះគឺយើងអត់បានដោះស្រាយទេ។ រៀងវាច្របូកច្របល់ច្រើន ហើយម្យ៉ាងភាគីម្ខាងក៏អត់មកដែរ។ អ៊ីចឹងទេ យើងដោះស្រាយតែភាគីម្ខាង យើងដោះស្រាយអត់បានទេ»។
មន្ត្រីអង្គការវីជីឡែន លោក កឹម សុភ័ក្ដ្រ បានថ្លែងថា ការចុះបញ្ជីដីធ្លីឲ្យប្រជាជនជាម្ចាស់លើអចលនទ្រព្យជាការល្អ ព្រោះវាជួយបន្ថយជម្លោះដីធ្លី ពិសេសប្រជាជនមានលំនឹងក្នុងការគ្រប់គ្រងដីផ្ទះសម្បែងរបស់ខ្លួន។ ប៉ុន្តែការចុះបញ្ជីដីសមូហភាពទៅជាសម្បត្តិឯកជន គួរតែមានការយល់ព្រមពីប្រជាជនជាអ្នកគ្រប់គ្រងជាមុនសិន។
រហូតមកដល់ពេលនេះ ទាំងមន្ត្រីសុរិយោដី ទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំ មិនទាន់អាចដឹងទំហំដីដែលបានស្រង់ និងវាស់វែងត្រៀមចេញប័ណ្ណកម្មសិទ្ធិនោះមានចំនួនសរុបប៉ុន្មាននៅឡើយទេ៕