ការតវ៉ា និងការដណ្ដើមមនុស្សនេះ បានកើតមាននៅពេលដែលតុលាការខេត្តបាត់ដំបងកោះហៅអ្នកទាំង ៤ នាក់ទៅសាកសួរទាក់ទងនឹងទំនាស់ដីធ្លីមួយកន្លែង នៅស្រុករតនៈមណ្ឌល។
ប្រជាពលរដ្ឋប្រុសស្រី ចំនួនជាង ៣០នាក់ បាននាំគ្នាចាប់ដណ្ដើម យកអ្នកភូមិ២ នាក់ ពីកងកម្លាំងសមត្ថកិច្ច នៅខាងមុខអគារតុលាការ ក្រោយពី ចៅក្រម សាលាដំបូងខេត្តបាត់ដំបងបាន សម្រេចឃុំខ្លួនអ្នកភូមិពីរនាក់ ក្នុងចំណោមអ្នកភូមិ៤នាក់។ អ្នកភូមិទាំងពីរនាក់ បានចូលខ្លួនទៅបំភ្លឺលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៥២៥ ចុះថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១១ ដែលមានមន្ត្រីយោធាជាដើមបណ្ដឹង។
មន្ត្រី យោធាបានប្ដឹងចោទប្រកាន់ អ្នកភូមិទាំង ៤ នាក់ ពីបទរំលោភកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ នៅលើផ្ទៃដីទំហំជាង ១០០ ហិកតារ ស្ថិតភូមិគីឡូ ១៣ ឃុំត្រែង ស្រុករតនៈមណ្ឌល នៅខេត្តបាត់ដំបង។ អ្នកភូមិទាំងពីរនាក់ ដែល សាលាដំបូងខេត្តបាត់ដំបងបានសំរេចឃុំ ខ្លួន នោះ មាន ឈ្មោះ អ៊ីវ ឃាង និងឈ្មោះ យ៉ង គឹមអុន បន្ទាប់ពីបានសួរនាំរួចមក។
លោក នួន សាន ព្រះរាជអាជ្ញាតុលាការខេត្តបាត់ដំបង បានចុះធ្វើកិច្ចអន្តរាគមន៍ ដោយបានដោះលែងអ្នកភូមិទាំងពីរឲ្យត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំតុលាការកោះហៅជាថ្មី។
ក្នុងអំពើហិង្សាទាញដណ្ដើមអ្នកភូមិជាប់ខ្នោះដៃពីរនាក់នោះ ប៉ូលិសបានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋ ម្នាក់ផ្សេងទៀត ឈ្មោះ ខេន ឃុំ ខ្លួនទុក។ ប៉ូលិសបានចោទប្រកាន់ប្រជាពលរដ្ឋ រូបនេះពីបទវាយតតាំងជាមួយកម្លាំងសមត្ថកិច្ច។
លោក ស្រី អ៊ីវ ឃាងអាយុ ៤៨ ឆ្នាំ បានថ្លែងនៅមុនការឃុំខ្លួនថា មន្ត្រីយោធា ឈ្មោះ លោក កែវ សារ៉ាន់ បានប្ដឹងពួកគាត់ទាំង ៤ នាក់ទៅតុលាការ កាលពីខែកក្កដា ឆ្នាំ ២០១១ ទាក់ទិនជម្លោះដីធ្លីជាង ១០០ ហិកតារនៅចំណុចភ្នំតាទ្រូ ភូមិគីឡូ ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ប្រជាពលរដ្ឋមានចំនួន ៤៣ គ្រួសារ ប៉ុន្តែមន្ត្រីយោធាបានប្ដឹងតែពួកគាត់ ៤ នាក់។
ពួកគាត់ទាំង ៤ នាក់បានចូលខ្លួនមកបំភ្លឺចំនួន ៣ ដង។ ក្រឡាបញ្ជីរបស់ចៅក្រមស៊ើបសួរតុលាការខេត្តបាត់ដំបងបានព្យាយាមសម្របសម្រួលជាមួយពួកគាត់ទាំង ៤ នាក់ ឲ្យយល់ព្រមទទួលយកចំណែកដីខ្លះ ដើម្បីបញ្ចប់សំណុំរឿងប្ដឹងផ្ដល់គ្នា។ ប៉ុន្តែ លោកស្រី និងអ្នកភូមិបីនាក់ទៀតមិនយល់ព្រមទេ ព្រោះថា ដីទំហំជាង ១០០ ហិកតារនោះមានអ្នកភូមិចំនួន ៤៣ គ្រួសារកាន់កាប់រួមគ្នាយូរណាស់មកហើយ។
លោក ឈួន ឈៀន ជាសមាជិកភូមិគីឡូ ៣៨ បានចេញលិខិតមួយ ចុះថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១១ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋ ៤៣ គ្រួសារបានកាប់គាស់លើដីមានជម្លោះនោះផ្សងគ្រោះថ្នាក់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះធ្វើចម្ការចាប់តាំងពីឆ្នាំ ១៩៩៨ រហូតមកដល់ឆ្នាំ ២០១១ នេះ។
លោក យិន ម៉េងលី ប្រធានសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តបាត់ដំបង។ លោកថ្លែងថា តុលាការគួរបង្វិលសំណុំរឿងព្រហ្មទណ្ឌនេះចេញ ហើយទុកតួនាទីឲ្យគណៈកម្មការសុរិយោដីដោះស្រាយ។ លោកថា ប្រជាពលរដ្ឋ ក៏បានប្ដឹងបញ្ហាដីធ្លីនេះ ទៅគណៈកម្មការសុរិយាដីដែរ។ គណៈកម្មការសុរិយោដីត្រូវរកឲ្យឃើញថា នរណាជាម្ចាស់ដីពិតប្រាកដ។
លោក យិន ម៉េងលី៖ «តុលាការកុំលើកតែហេតុផលតែពីរឿងឯកសារសូមពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយគ្រប់ទិដ្ឋភាពនៃបញ្ហាដី ព្រោះតុលាការក៏អត់ទាន់បានចុះទៅមើលដីហ្នឹងដែរ។ ដីនោះស្រឡះអស់រលីង ហើយ គាត់អត់មានពាក្យសុំកាន់កាប់ មិនមានឯកសារ ប៉ុន្តែ វាមានអាជ្ញាធរភូមិអតីតមេភូមិ និងអនុភូមិអះអាងថា គាត់កាន់កាប់របៀបម៉េច។ អ៊ីចឹងយើងត្រូវមើលជុំវិញការរស់នៅរបស់គាត់ គាត់រស់នៅរបៀបម៉េច»។
អ្នកភូមិទាំង ២ នាក់ ដែលតុលាការសម្រេចឃុំខ្លួននោះ មានឈ្មោះ យ៉ង គឹមអុន ភេទប្រុស អាយុ ៤១ ឆ្នាំ រស់ភូមិពពាលខែ សង្កាត់ជ្រៃ ក្រុងបាត់ដំបង។ ឈ្មោះ ស្រី ណាន់ ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន។
អ្នកភូមិ ២ នាក់ ឈ្មោះ សឿង ពិសី ភេទប្រុស អាយុ ៤០ ឆ្នាំ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឈ្មោះ អ៊ីវ ឃាង ភេទស្រី អាយុ ៤៨ ឆ្នាំ រស់នៅភូមិគីឡូ ៣៨ ឃុំត្រែងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មិនបានចូលខ្លួនទេ។
សមាគម អាដហុក បានឲ្យដឹងថា ដីជម្លោះនេះ គឺជាដីចម្ការចាស់របស់ប្រជាពលរដ្ឋ ដែលមានចម្ងាយប្រមាណមួយ គីឡូម៉ែត្រពីភូមិ ដែលប្រជាពលរដ្ឋរស់នៅ។ ប៉ុន្តែ ដោយសារតែចំណុចទីតាំងដីទំនាស់នេះក្លាយជាសមរភូមិប្រយុទ្ធជាមួយកងកម្លាំងខ្មែរក្រហម ហើយនៅក្នុងអំឡុងឆ្នាំ ១៩៩៦ និងឆ្នាំ ១៩៩៩ សង្គ្រាមបានស្ងប់ស្ងាត់ប្រជាពលរដ្ឋនាំគ្នាចូលទៅកាន់កាប់នៅលើចំណែកដីរបស់ខ្លួនរៀងៗ ខ្លួន៕